ភ្នំពេញ៖ វត្តមានរបស់លោក វន វណ្ណៈ និងលោក ហម រ៉ន ដែលជាអគ្គនាយកទាំងពីររបស់ក្រុមហ៊ុនបុរី VIP បានធ្វើឱ្យទីតាំងមួយ ដែលជាអតីតដំណាក់ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្នកទាំងពីរមិនត្រឹមតែរួមចំណែកបរិច្ចាគថវិកាជាច្រើន ដើម្បីជួយកសាងសមិទ្ធផលនៅក្នុងវត្តនោះប៉ុណ្ណោះទេ តែក៏ជាសប្បុរសជនគួរឱ្យសរសើរក្នុងថ្ងៃបញ្ចុះខណ្ឌសីម៉ា កាលពីថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះផងដែរ នៅក្នុងវត្តព្រះរាជាពន្លាជ័យ ហៅវត្តភ្នំពិស្ស ដែលមានទីតាំងស្ថិតក្នុងភូមិពិស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺនោះផងដែរ។ ពលរដ្ឋ ប្រជាការពារ និង អ្នកទទួលអំណោយពីលោកទាំងពីរមិនតិចរយនាក់ទេ ដោយពួកគេក៏បានបង្ហាញពីអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏ជ្រះថ្លាមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមរបៀបវារៈ វត្តស្តេចព្រះពន្លាជ័យភ្នំពិស្ស មានចម្ងាយ៧០គ.ម ពីទីរួមខេត្តកំពង់ស្ពឺ។ វត្តនេះជាអតីតដំណាក់ស្ដេច ដែលមានតែសាលាឆាន់ប៉ុណ្ណោះ ទើបសប្បុរសជននានារួមគ្នាកសាងជាវិហារ ដោយលោក វន វណ្ណៈ និងលោក ហម រ៉ន អគ្គនាយកក្រុមហ៊ុនបុរី VIP ក៏ជាសប្បុរសជនសំខាន់មួយនៅក្នុងគម្រោងសាងសង់ជាព្រះវិហារនេះ។
លោក វន វណ្ណៈ ជាអគ្គនាយកក្រុមហ៊ុនបុរី VIP បានលើកឡើងថា ក្នុងនាមជាសប្បុរសជនមួយរូប និងជាអគ្គនាយកបុរីវីអាយភី (VIP) លោកមានទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំង ដែលបានរួមចំណែកក្នុងការកសាងសមិទ្ធផលមួយចំនួន ជាពិសេសព្រះវិហារនៅក្នុងទីអារ៉ាមនេះ។ នេះមិនមែនជាលើកទី១ទេ ដែលលោក និងលោក ហម រ៉ន ជាអគ្គនាយករបស់បុរី VIP បានធ្វើ ដោយពេលកន្លងមកពួកលោកក៏បានចូលរួមចំណែកកសាងសមិទ្ធផលនៅក្នុងទីអារ៉ាមផ្សេងទៀត និងបរិច្ចាគជួយសង្គមរាប់មិនអស់ផងដែរ។
លោកថា ផលចំណេញដែលបានពីការបណ្ដាក់ទុនសាងសង់បុរីរបស់ក្រុមហ៊ុនបុរី VIP តែងតែជួយជាប្ប្រយោជន៍ណាមួយ ដើម្បីសង្គមដែលនេះសុទ្ធតែជាលទ្ធផលដែលកម្ពុជាមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ជាមួយនឹងការបានរួមចំណែកក្នុងការកសាងសមិទ្ធផលនានា ដើម្បីលើកស្ទួយក្នុងវិស័យព្រះសាសនា ក្នុងនាមបុរី VIP ក៏នឹងបន្តជួយដល់វិស័យព្រះពុទ្ធសាសនាបែបនេះជាបន្តបន្ទាប់ទៀត និងជួយដល់ទុរគតជនដើម្បីជាប្រយោជន៍ដល់សង្គមផងដែរ។
នៅក្នុងពិធីបញ្ចុះខណ្ឌសីម៉ានោះ លោកបានបរិច្ចាគថវិកាជាច្រើនកសាងបន្ថែមលើសមិទ្ធផលក្នុងវត្ត ជូនសម្ភារៈ ថវិកាប្រជាពលរដ្ឋចំនួន ៣០០ គ្រួសារ ជូនសម្ភារៈសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាភ្នំពិស្ស៍ចំនួន ១១៣ នាក់ ជួយដល់ប្រជាការពាជាច្រើននាក់ សរុបថវិកាដែលចូលបុណ្យបន្ថែម និងបរិច្ចាគជាសប្បុរសធម៌ អស់ខ្ទង់ម៉ឺនដុល្លារ។
នៅក្នុងពិធីនោះក៏មានវត្តមានឯកឧត្ដម សរ សុពុត្រា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំជាច្រើនផ្សេងទៀតផងដែរ។
លោក វន វណ្ណៈ និងលោក ហម រ៉ម អគ្គនាយកបុរី VIP ក៏បានទទូចឱ្យពលរដ្ឋការពារពីកូវីត១៩ នៅក្នុងពេលនេះ ដោយអនុវត្តិតាមវិធានការរបស់រដ្ឋាភិបាល ៣ការពារ ៣កុំ ដើម្បីកុំឱ្យមានការរីករាលដាលនូវជម្ងឺកូវីត១៩ ផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]