កម្ពុជា៖ យោងតាមការបង្ហោះ និងវិធានការណែនាំដាក់ចេញដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅលើបណ្តាញសង្គមហ្វេសប៊ុកជាផ្លូវការនៅថ្ងៃ អង្គារ នេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” ដើម្បីអនុវត្តវិធានការបង្ការ និងទប់ស្កាត់ហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១” ។ តាមរយៈប្រព័ន្ធនេះ សាធារណជនអាចស្កេននៅពេលចូលទីតាំងដែលមានមនុស្សចេញ-ចូលច្រើន ហើយអាចទទួលបានដំណឹងឆាប់រហ័ស ប្រសិនបើទីតាំងនោះមានករណីឆ្លងជំងឺ។
- សម្រាប់ថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណៈនិងឯកជន ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន និងម្ចាស់ទីតាំងដែលមានមនុស្សជួបជុំច្រើន គួរដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” នេះដោយធ្វើតាមការណែនាំដូចខាងក្រោម៖ ១.ចូលទៅកាន់គេហទំព័រ stopcovid.gov.kh ២. ចុចលើពាក្យថា “ស្នើសុំ QR Code” ៣. បំពេញឈ្មោះ លេខទូរសព្ទទំនាក់ទំនង អ៊ីម៉ែល និងអាសយដ្ឋានអង្គភាព រួចចុចពាក្យថា “ស្នើសុំ QR Code” បន្ទាប់មកចុចពាក្យថា “Download” ដើម្បីទទួលបាន QR Code មួយសន្លឹក ៤. ព្រីន QR Code ដែលបានបង្កើត រួចយកទៅដាក់នៅច្រកចេញ-ចូលទីតាំងរបស់អង្គភាពសាមីដែលផ្តល់ភាពងាយស្រួលដល់ការស្កេន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- សម្រាប់សាធារណជនទាំងអស់គួរចូលរួមស្កេន QR Code នេះទាំងអស់គ្នានៅតាមទីតាំងដែលមានដាក់ QR Code “ទប់ស្កាត់កូវីដ Stop Covid” ដោយអនុវត្តតាមជំហានទាំង៤ ដូចខាងក្រោម៖ ១. រកមើលកន្លែងដែលមានដាក់បង្ហាញរូប QR Code នៅតាមច្រកចូល ២. ស្កេន QR Code ដោយប្រើកាមេរ៉ាទូរសព្ទដៃ។ ក្នុងករណី មិនអាចស្កេន QR Code តាមរយៈកាមេរ៉ា សូមចូលទៅកាន់គេហទំព័រ stopcovid.gov.kh ដោយផ្ទាល់ រួចចុចលើពាក្យ “ចាប់ផ្តើមស្កេន” ៣. ចំពោះការចុះឈ្មោះលើកដំបូង សូមលោកអ្នកវាយលេខទូរសព្ទ រួចចុចលើពាក្យ “បន្ត” ៤. វាយលេខកូដ ៦ខ្ទង់ ដែលបានផ្ញើទៅកាន់ប្រអប់សារទូរសព្ទដៃ ជាការស្រេច។ ហើយចំពោះការស្កេនលើកក្រោយៗ គ្រាន់តែអនុវត្តតាមជំហានទី២ ខាងលើ។
ក្នុងនោះ អនុគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ ក៏បានធ្វើការកំណត់អត្ថន័យរបស់ពណ៌ក្រោយការស្កេន QR Code នេះផងដែរ ដែលមានអត្ថន័យដូចខាងក្រោម៖
- ពណ៌បៃតង៖ បញ្ជាក់ពីបុគ្គលចុះឈ្មោះលើកដំបូង ហើយបុគ្គលនោះមិនត្រូវបានកត់ត្រាថាពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩។
- ពណ៌លឿង៖ បញ្ជាក់ពីបុគ្គលសង្ស័យអាចមានជំងឺកូវីដ១៩ ឬធ្លាប់បានចូលទីតាំងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩។
- ពណ៌ក្រហម៖ បញ្ជាក់ពីបុគ្គលបានកើតជំងឺកូវីដ១៩ ឬបុគ្គលដែលបានពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១១:៣០ នាទីព្រឹកនេះ មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រ ជាដើម ចំនួន ២៨,៨០៩ ហើយដែលបានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់ និងមានបុគ្គលស្កេនចូលតាមទីតាំងចំនួន ៤៣១,៥៩៨ ដង។ សូមសាធារណជនចូលរួមសហការស្កេន QR Code នេះទាំងអស់គ្នា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងកាត់បន្ថយផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច និងសង្គមដោយសារការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]