ពេលដែលយើងឮពាក្យថា “ឆុងទឹកដោះគោឲ្យកូន” យើងគិតថាសាមញ្ញណាស់ គ្មានអីស្មុគស្មាញគ្រាន់តែយកម្សៅទឹកដោះគោ ដាក់ចូលដប ហើយចាក់ទឹកចូលទៅរួចរាល់បាត់ទៅហើយ។ ប៉ុន្តែមានដឹងអត់ ទឹកប្រភេទណាល្អសម្រាប់ការឆុងទឹកដោះគោឲ្យកូន ប្រើទៅយើងមិនបារម្ភពីបញ្ហាសុខភាព?

លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន បានបញ្ជាក់ថា ក្បូនពេទ្យ ទឹកដែលល្អសម្រាប់ក្មេង គឺទឹកដាំពុះ ទើបមិនបារម្ភរឿងកូនរាករូស ឬមានបញ្ហាសុខភាពផ្សេងទៀត។ លោកស្រីវេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនេះបានបញ្ជាក់ថា ទឹកប្រភពណាក៏ដោយ ត្រូវតែដាំឲ្យពុះ ព្រោះអីកម្តៅមកពីទឹកពុះអាចសម្លាប់មេរោគបានទាំងអស់។ ចំណុចពិសេសមួយទៀតនោះ បើសិនជាម៉ាក់ប៉ាឆុងម្សៅទឹកដោះគោជាមួយទឹកក្តៅឧណ្ហៗ កូនតូចក៏អាចចៀសពីបញ្ហាទល់លាមកទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចុះបើយើងទៅឆ្ងាយអត់មានទឹកដាំពុះ អាចប្រើទឹកផ្សេងឆុងទឹកដោះគោជំនួសបានអត់?

យោងតាមអង្គការសុខភាពពិភពលោក (WHO) ឲ្យដឹងថា វិធីដែលមានសុវត្ថិភាពបំផុតក្នុងការឆុងទឹកដោះគោឲ្យកូនគឺការប្រើប្រាស់ទឹកដាំពុះ និងទុកឲ្យត្រជាក់មិនតិចជាង ៧០% (ទុកឲ្យនៅក្ដៅឧណ្ហៗ)។ ប៉ុន្តែប្រសិនបើម៉ាក់ប៉ាមិនអាចដាំទឹកឲ្យឆុងទឹកដោះគោបាន (ឧ. ពេលដើរលេងក្រៅផ្ទះ គ្មានភ្លើង ឬកំសៀវដាំទឹក។ល។) ម៉្យាងទៀត យើងអាចរៀបចំទឹកដោះគោឲ្យកូនដោយប្រើទឹកស្អាត និងមានសុវត្ថិភាព ដែលមានសីតុណ្ហភាពធម្មតា និងឆុងហើយត្រូវប្រើភ្លាមៗ។

អង្គការសុខភាពពិភពលោក បន្តទៀតថា ចំពោះទឹកដោះគោកូនក្មេងដែលឆុងដោយប្រើទឹកស្អាតធម្មតា មិនមែនជាទឹកដាំពុះ មិនត្រូវរក្សាទុកប្រើសម្រាប់ពេលក្រោយទេ។ ប្រសិនបើអាអូនបៅទឹកដោះគោនៅសល់ ត្រូវចាក់ចោលឲ្យអស់ មិនគួរឲ្យកូនបៅតទៀតឡើយ។

បន្ថែមពីនោះ ទឹកដែលម៉ាក់ប៉ាមិនគួរយកមកឆុងទឹកដោះគោឲ្យកូនមាន ៤ ប្រភេទគឺ៖

ទី១- ទឹកដាំច្រើនដង
ទី២- ទឹកម៉ាស៊ីនច្រោះ
ទី៣- ទឹកទុកចោលយូរ មានដី ឬកម្ទេចកំទីហុយចូល
ទី៤- ទឹកមានជាតិរ៉ែខ្ពស់

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com