បរទេស៖ ការស្កេនថ្មីដែលធ្វើឡើងដោយសារមន្ទីរជាតិន័រវែសបានបញ្ជាក់ថាសារសម្ងាត់មួយដែលត្រូវបានលាក់នៅលើផ្ទាំងគំនូរ The Scream របស់ Edvard Munch គឺត្រូវបានសរសេរដោយវិចិត្រកររូបនេះផ្ទាល់។

គូរឡើងក្នុងឆ្នាំ1893 និងមានឈ្មោះដើមគឺ Der Schrei der Natur (The Scream of Nature) ជាគំនូរគូរពីបុរសម្នាក់ដែលមើលទៅកំពុងភ័យខ្លាចខ្លាំង បានក្លាយជាស្នាដៃមួយក្នុងចំណោមស្នាដៃល្បីបំផុតនៅលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបគំនូរ The Scream

លោក​ Munch បានផុសគំនិតគូររូបនេះឡើងនៅពេលដែលលោកកំពុងតែដើរលេង ហើយបានមើលឃើញពន្លឺពណ៌ក្រហមនៅលើមេឃ ដែលគេគិតថាអាចបណ្តាលមកពីការផ្ទុះឡើងនៃភ្នំភ្លើង Krakatoa។

លោក​ Munch ធ្លាប់បានសរសេរពីរូបនេះថា៖ «ខ្ញុំកំពុងដើរនៅលើផ្លូវមួយជាមួយមិត្តភក្តិពីរនាក់ ព្រះអាទិត្យកំពុងលិច ភ្លាមៗនោះមេឃប្រែជាក្រហម ខ្ញុំឈប់ មានអារម្មណ៍នឿយហត់ ហើយក៏ផ្អែកលើរបង មានឈាមនិងអណ្តាតភ្លើងនៅខាងលើទឹកនិងទីក្រុង។ មិត្តភក្តិរបស់ខ្ញុំបានដើរទៅមុខ ហើយខ្ញុំបានឈរនៅទីនោះដោយញ័រភ័យខ្លាច ហើយខ្ញុំបានលឺសំឡេងស្រែករបស់ធម្មជាតិ។»

នៅជ្រុងខាងឆ្វេងផ្នែកខាងលើនៃផ្ទាំងគំនូរមានសារតូចមួយសរសេរជាខ្មៅដៃបន្ទាប់ពីគំនូរត្រូវបានគូររួច សារនោះសរសេរថា «មានតែមនុស្សឆ្កួតប៉ុណ្ណោះដែលអាចគូរវាឡើងបាន» (Can only have been painted by a madman)។ 

សារតូចមួយសរសេរជាខ្មៅដៃ

មុនពិព័រណ៍នៅសារមន្ទីរក្នុងឆ្នាំ2022ខាងមុខ គំនូរនេះត្រូវបានវិភាគដោយប្រើបច្ចេកវិទ្យាអាំងប្រាក្រហម ដើម្បីព្យាយាមរកថាអ្នកណាដែលបានសរសេរសារតូចមួយឃ្លានៅលើគំនូរនេះ។ អស់រយៈពេលជាច្រើនទសវត្សរ៍ គេបានលើកឡើងថាវាអាចត្រូវបានសរសេរបំផ្លិចបំផ្លាញ (act of vandalism) ដោយនរណាម្នាក់ ឬដោយ Munch ខ្លួនឯង។ តាមរយៈការប្រៀបធៀបការសរសេរដៃជាមួយនឹងការសរសេររបស់ Munch ពួកគេអាចបញ្ជាក់ថាវាពិតជាត្រូវបានសរសេរដោយវិចិត្រករផ្ទាល់៕

ការស្កេនរូបអាំងប្រាក្រហមនៅសារមន្ទីរជាតិន័រវែស។  (រូបភាព៖ ANNAR BJORGLI/THE NATIONAL MUSEUM)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]