ក្រោយសម្រាលកូនរួច គីឡូម៉ាក់ៗមួយចំនួនមិនស្រកទៅណាសោះ ឯខ្លះទៀតមានតែឡើងថែម។ បញ្ហាចោទរឿងមិនស្រកគីឡូក្រោយសម្រាលនេះ ស្រីៗច្បាស់ជាខ្វាយខ្វល់ច្រើន ព្រោះស្លៀកពាក់អីក៏សមដែរ តែរឿងគីឡូមិនស្រកវិញនេះ ម៉ាក់ៗដឹងអត់ អាចមកពីមូលហេតុសំខាន់ ៣ យ៉ាងខាងក្រោមនេះ។

១. ញ៉ាំលើសកំណត់

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាលអាអូនរួចម៉ាក់ៗតែងតែបំប៉នអាហារខ្លួនឯងឲ្យឆាប់មានកម្លាំងកំហែង សម្បូរទឹកដោះឲ្យកូនម៉ឹម។ ទោះយ៉ាងណាការបំប៉នអាហារច្រើនជ្រុលហួសហេតុ ពិសេសមិនបានបំបៅដោះកូនទៀតនោះ គីឡូម៉ាក់ៗច្បាស់ជាឡើងស្រឺតៗមិនខាន។ តាមការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិតជា ម៉ារី ប្រធានស្ដីទីកម្មវិធីជាតិអាហារូបត្ថម្ភ នៃក្រសួងសុខាភិបាល ការបំបៅដោះកូន អាចឲ្យម៉ាក់ៗស្រកទម្ងន់បាន ដោយបំបៅកូនមួយថ្ងៃអាចដុតកាឡូរីប្រហែល ៥០០ ម្យ៉ាងវិញទៀតទោះបំបៅដោះកូន ក៏ស្ត្រីមិនគួរញ៉ាំអាហារ ពិសេសសាច់ច្រើនជ្រុលហួសហេតុតាមចិត្តចង់នោះដែរ។

២. គេងមិនឆ្អែត តានតឹងអារម្មណ៍

ម៉ាក់ៗភាគច្រើនគេងមិនបានឆ្អែតភ្នែកនោះទេ ឯអារម្មណ៍ក៏តានតឹងទៀត ព្រោះត្រូវមើលថែទាំកូនតូចទាំងយប់ទាំងថ្ងៃ។ ការគេងមិនគ្រប់នេះហើយជាឫសគល់បង្កឲ្យមានភាពតានតឹង ល្ហិតល្ហៃ និង អស់កម្លាំង ព្រមទាំងប៉ះពាល់កម្រិតអ័រម៉ូនក្នុងខ្លួនដែលគ្រប់គ្រងទៅលើការឃ្លានអាហារ។ ម៉្យាងទៀតក៏បណ្ដាលឲ្យអ័រម៉ូនករទីសុល (អ័រម៉ូនតានតឹង) កាន់តែកើនឡើង ធ្វើឲ្យរាងកាយរបស់ស្រ្ដីជាម្ដាយដុតកម្លោចកាឡូរីមិនបានគ្រប់គ្រាន់ និងធ្វើឲ្យជាតិខ្លាញ់កើនឡើង។

៣. ខ្ជិលហាត់ប្រាណ

រវល់ផង ខ្ជិលផង ច្បាស់ណាស់ម៉ាក់ៗឆ្លៀតហាត់ប្រាណមិនបាននោះទេ អ៊ីចឹងកុំឆ្ងល់ ម៉េចក៏គីឡូមិនស្រក មានតែឡើងថែម។ តាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ខ្ជិលហាត់ប្រាណ ប្រៀបដូចបើកឱកាសឲ្យខ្លួនធាត់ (កាឡូរីក្នុងរាងកាយកើនឡើង)។ លើសពីនេះ ការមិនធ្វើលំហាត់ប្រាណ ជាពិសេសពេលដែលអាយុកាន់តែច្រើន គឺធ្វើឲ្យពន្យឺតដល់ការដុតកម្លោចខ្លាញ់ក្នុងរាងកាយ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]