តូក្យូ៖ កាលពីថ្ងៃព្រហស្បតិ៍ក្រុមហ៊ុន Honda Motor Co Ltd បានបង្ហាញរថយន្តប្រភេទ sedan បើកបរដោយខ្លួនឯងនៅក្នុងប្រទេសជប៉ុន ដែលធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនផលិតរថយន្តដំបូងគេនៅលើពិភពលោក ដែលលក់រថយន្តដែលបំពាក់ដោយបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មកម្រិត3 (level 3)។

ការដាក់លក់នេះផ្តល់ឱ្យក្រុមហ៊ុនផលិតរថយន្តលេខ2របស់ជប៉ុនមួយនេះ នូវភាពឈានមុខគេលើទីផ្សារ ប៉ុន្តែការលក់រថយន្តម៉ាក Legend កម្រិត3 នឹងត្រូវបានកំណត់លក់ត្រឹមតែចំនួន100គ្រឿងប៉ុណ្ណោះនៅក្នុងប្រទេសជប៉ុន ដោយលក់ក្នុងតម្លៃ11លានយ៉េន (102,000ដុល្លារ) ក្នុងមួយគ្រឿង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Honda Legend

ទោះជាយ៉ាងណា បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មថ្មីនេះគឺជាជំហានដ៏ធំមួយឈានទៅការលុបបំបាត់គ្រោះថ្នាក់ដែលបង្កឡើងដោយមនុស្ស។ ប្រព័ន្ធ “Traffic Jam Pilot” របស់រថយន្ត Legend អាចគ្រប់គ្រងការបង្កើនល្បឿន ហ្វ្រាំងនិងដៃចង្កូតក្រោមលក្ខខណ្ឌជាក់លាក់។  

នៅពេលប្រព័ន្ធនេះត្រូវបានបើកឱ្យសកម្ម អ្នកបើកបរអាចមើលខ្សែភាពយន្ត ឬប្រើកម្មវិធីរុករកនៅលើអេក្រង់ ដើម្បីជួយកាត់បន្ថយភាពអស់កម្លាំង និងភាពតានតឹងនៅពេលបើកបរ ក្នុងពេលស្ទះចរាចរណ៍។

វាអាចដាស់តឿនអ្នកបើកបរឱ្យឆ្លើយតប នៅពេលប្រគល់ការគ្រប់គ្រងរថយន្តមកឱ្យអ្នកបើកវិញ ដោយរំញ័រខ្សែក្រវ៉ាត់ការពាររបស់អ្នកបើកបរ។ ហើយប្រសិនបើអ្នកបើកបរនៅតែមិនបន្តឆ្លើយតបនោះ ប្រព័ន្ធនឹងបញ្ឈប់ឡានជាបន្ទាន់ ដោយបន្ថយល្បឿននិងបញ្ឈប់យានយន្ត ហើយផ្តល់សញ្ញាដល់រថយន្តដែលនៅជុំវិញឱ្យដឹង ដោយស៊ីញ៉ូភ្លើងសញ្ញានិងស៊ីភ្លេ។

មន្ត្រីប្រតិបត្តិរបស់ក្រុមហ៊ុននេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Honda មិនមានផែនការបង្កើនការផលិត ឬបង្កើនការលក់នូវរថយន្ត Legend កម្រិត3 សម្រាប់ពេលនេះទេ៕

Honda Legend
កម្រិតរថយន្តបើកដោយខ្លួនឯង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]