ភ្នំពេញ: កាលពីថ្ងៃទី៦ ខែមីនា កន្លងទៅម្សិលមិញនេះ មានករណីដ៏សោកស្តាយមួយ ដែលកើតចេញពីជនសង្ស័យពីរ២នាក់ បានប្រើកាំភ្លើងបាញ់សត្វ ផ្លាត់ស្នៀតជ្រួលទៅប៉ះចំក្មេងប្រុសកំព្រាម្នាក់ជាសិស្សអង្គការមួយកន្លែងដែលកំពុងតែលេងក្នុងទីវាលមួយ ខណ:ដែលមានគ្នាៗប្រមាណជាង៤នាក់ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌកំបូល រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុ ព្រមទាំងអ្នកដែលបានឃើញហេតុការណ៍ដ៏រន្ធត់នោះ បានប្រាប់ឲ្យដឹងផងដែរថា កាលដើមដំបូងឡើយគេឃើញមានក្មេងប្រុសចំនួន៤នាក់ កំពុងរត់ប្រលែងគ្នាលេងនៅទីវាលមួយកន្លែង ស្រាប់តែពេលនោះគេបានឮសម្លេងស្នូរកាំភ្លើងមួយគ្រាប់ ហើយស្រាប់តែគេបានប្រទះឃើញក្មេងប្រុសម្នាក់ស្លាប់នៅកន្លែងកើតហេតុ ខណ:ពេលដែលសមត្ថកិច្ចចុះមកឃាត់ខ្លួនបុរសទាំងពីរខាងលើប្រទះឃើញកាំភ្លើងបាញ់សត្វ(ជាប្រភេទកាំភ្លើងខ្យល់) រួមទាំងប្រទះឃើញសត្វលលកងាប់មួយក្បាល និងរថយន្តមួយគ្រឿងម៉ាកREXTRON ។ចំពោះអត្តសញ្ញាណប្អូនប្រុសរងគ្រោះ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ប្អូនប្រុសដែលបានស្លាប់បាត់បង់ជីវិតខាងលើមានឈ្មោះ សារឿន ប៊ុនថា អាយុ១៤ឆ្នាំ ជាសិស្សនៃអនុវិទ្យាល័យបែកចាន និងកំពុងតែស្នាក់នៅក្នុងអង្គការសង្រ្គោះជនអស់សង្ឃឹម។
យ៉ាងណាមិញចំពោះជនបង្កខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនៃកងកម្លាំងប្រចាំខណ្ឌកំបូល កំពុងធ្វើការសួរនាំ និងរៀបចំសំណុំរឿងបញ្ចូនទៅកាន់តុលាឲ្យដោះស្រាយតាមនីតិវិធីច្បាប់ជាបន្ត ខណ:ដែលមតិសាធារណ: និងអ្នកតាមដានបណ្តាញសង្គមទាំងអស់ សម្តែងមតិថ្កោលទោស ចំពោះទង្វើខុសទំនួលខុសត្រូវរបស់ជនបង្កទាំងពីរ ដែលបណ្តាលឲ្យស្លាប់បាត់បង់ជីវិតក្មេងប្រុសស្លូតត្រង់ម្នាក់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]