បរទេស៖ ផែនដីនឹងមិនអាចទ្រទ្រង់ជីវិតបានជារៀងរហូតនោះទេ។ បរិយាកាសសម្បូរដោយអុកស៊ីសែននៃភពរបស់យើង អាចនឹងឋិតថេរក្នុងរយៈពេលប៉ុន្មានពាន់លានឆ្នាំប៉ុណ្ណោះ។ ខណៈព្រះអាទិត្យរបស់យើងមានវ័យកាន់តែជ្រេ វានឹងបញ្ចេញពន្លឺកាន់តែខ្លាំង មានន័យថានៅពេលអនាគតផែនដីនឹងទទួលបានថាមពលពន្លឺពីព្រះអាទិត្យកាន់តែច្រើន។ ថាមពលដែលកើនឡើងនេះ នឹងជះឥទ្ធិពលដល់ផ្ទៃផែនដី បង្កើនល្បឿនសំណឹកនៃសិលាស៊ីលីកាត ក៏ដូចជាសិលាបាសាល់និងក្រានីត។ នៅពេលថ្មទាំងនេះសឹក កាបូនឌីអុកស៊ីតឧស្ម័នផ្ទះកញ្ចក់នឹងត្រូវទាញចេញពីបរិយាកាស និងតាមរយៈប្រតិកម្មគីមីដែលរក្សាទុកក្នុងរ៉ែកាបូណាត។
កាបូនឌីអុកស៊ីតរួមជាមួយទឹកគឺជាគ្រឿងផ្សំយ៉ាងសំខាន់មួយ ដែលរុក្ខជាតិត្រូវការធ្វើរស្មីសំយោគ។ ជាមួយនឹងការធ្លាក់ចុះកម្រិតកាបូនឌីអុកស៊ីត ការធ្វើរស្មីសំយោគចំនួនតិចនឹងកើតមាន ហើយប្រភេទរុក្ខជាតិខ្លះអាចនឹងបាត់បង់ជីវិតទៅជាមួយគ្នាផងដែរ។ ការធ្វើរស្មីសំយោគចំនួនតិចមានន័យថា ការផលិតអុកស៊ីសែនក៏មានបរិមាណតិចដូចគ្នា ហើយកំហាប់អុកស៊ីសែននឹងត្រូវធ្លាក់ចុះក្នុងបរិយាកាសផែនដីបន្តិចម្ដងៗ ដែលបង្កើតជាវិបត្តិមួយ សម្រាប់ទម្រង់ផ្សេងៗនៃជីវិតនាពេលអនាគត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីស្វែងរកបញ្ហា អ្នកស្រាវជ្រាវមកពីប្រទេសជប៉ុននិងសហរដ្ឋអាមេរិកបានប្រើប្រាស់កុំព្យូទ័រ ដើម្បីបង្កើតជាគំរូនៃវដ្តរបស់កាបូន អុកស៊ីសែន ផូស្វ័រ និងស្ពាន់ធ័រនៅលើផែនដី។ ពួកគាត់ក៏បានគិតគូរពីការវិវឌ្ឍអាកាសធាតុ និងពីរបៀបដែលផ្ទៃផែនដី (សម្បក មហាសមុទ្រ និងបរិយាកាស) ធ្វើអន្តរកម្មជាមួយផ្នែកខាងក្នុងនៃភពផែនដី (ស្រទាប់ម៉ង់តូ)។ ពួកគាត់បានបង្កើតគំរូស្ថានភាពទ្រឹស្ដីចំនួនពីរ ដោយមួយជាភពដូចផែនដីមានជីវមណ្ឌលសកម្ម និងមួយទៀតជាជីវមណ្ឌលអកម្ម។ គួរឲ្យភ្ញាក់ផ្អើល លទ្ធផលនៃគំរូស្ថានភាពទាំងពីរមានសភាពប្រហាក់ប្រហែលគ្នា ដោយកម្រិតអុកស៊ីសែននឹងចាប់ផ្ដើមធ្លាក់ចុះយ៉ាងខ្លាំង ប្រហែលមួយពាន់លានឆ្នាំក្នុងពេលអនាគត។
របកគំហើញនេះបង្ហាញថា នៅពេលដែលការធ្លាក់ចុះកម្រិតកាបូនឌីអុកស៊ីតនិងការធ្វើរស្មីសំយោគប៉ះពាល់ដល់បរិមាណអុកស៊ីសែន
ឥទ្ធិពលនៃដំណើរការនេះគឺមានអន្តរកម្មរយៈពេលវែង រវាងស្រទាប់ម៉ង់តូនិងផ្ទៃបរិស្ថានខាងលើ។
សរុបសេចក្ដីមក វាគឺជាតុល្យភាពរវាងភូគុព្ភគីមីដែលពពួកសិលាបានធ្លាក់ទៅដល់ស្រទាប់ម៉ង់តូ
ហើយឧស្ម័នត្រូវបានបញ្ចេញពីស្រទាប់ម៉ង់តូ ត្រឡប់មកវិញតាមរយៈភ្នំភ្លើង
ដែលវាអាចបញ្ជាក់បានថា តើបរិយាកាសរបស់ផែនដីសម្បូរទៅដោយអុកស៊ីសែន មានរយៈពេលយូរប៉ុណ្ណា។
ចុងបញ្ចប់នៃអុកស៊ីសែនក៏បង្ហាញពីអវសានរបស់ពិភពលោកផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]