កម្ពុជា: ប្រទេសខ្មែរ ឬរាជាណាចក្រខ្មែរ ជាប្រទេសដែលមានកំណកំណើតដ៏ចំណាស់មួយនៅអាស៊ីអាគ្នេយ៍  និងច្រើននិយមគោរពលិទ្ធិមាតាធិបតេយ្យ (មេជាអធិបតី ឬមេជាធំ) នៅក្នុងការរស់នៅ និងសង្គមខ្មែរតាំងតែពីដើមសម័យអាណាចក្រភ្នំ ឬហ្វូណនមកម្ល៉េះ។ យ៉ាងណាមិញ ចំពោះផ្នត់គំនិតមេនិយមនេះ បានដក់ជាប់នៅក្នុងអរិយធម៌ និងវប្បធម៌ខ្មែរ ព្រមទាំងការគោរពឲ្យតម្លៃ និងប្រតិបត្តិជាហូរហៀរនៅក្នុងជីវភាពរស់នៅរបស់ប្រជាជនជាច្រើនសម័យកាលកន្លងមកហើយ។

ប៉ុន្តែប្រការដែលគួរឲ្យកត់សម្គាល់នោះ គឺយើងឃើញថា នៅក្នុងប្រវត្តិសាស្រ្តដ៏ល្អផូរផង់របស់ខ្មែរយើង គេសង្កេតឃើញមានស្រ្តីខ្លាំង៧រូប ដែលត្រូវបានប្រសិទ្ធិនាមឲ្យថាជាវីរនារីក្នុងប្រវត្តិសាស្រ្ត ហើយវីរៈនារី និងស្រ្តីដ៏ខ្លាំងក្លាទាំងនោះរួមមាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១/. ព្រះនាងលីវ យី (សោម៉ា ឬ នាងនាគ):

ជាព្រះមហាក្សត្រីខ្មែរដំបូងនៃនគរគោកធ្លក ឬអាណាចក្រភ្នំ ឬហ្វូណន ដែលទ្រង់បានលើកកម្ពស់តម្លៃស្រ្តី ព្រមទាំងស្ថាបនាកសាងរាជាណាចក្រខ្មែរឲ្យមានភាពរុងរឿងទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចផងដែរ។ ព្រះនាងត្រូវបានគេប្រសិទ្ធិនាមថា ជាមាតាស្ថាបនិកជាតិខ្មែរដំបូងគេបង្អស់នៃការកកើតនគរខ្មែរ។

ព្រះនាងលីវ យី

២/.ព្រះនាងឥន្រ្ទទេវី:

ទ្រង់ជាព្រះអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧។ នៅក្នុងព្រះរាជករណីកិច្ចជាឧត្តមភរិយា ព្រះនាងបានខិតខំប្រឹងប្រែងបំពញបានយ៉ាងល្អ ហើយព្រះនាងក៏ជាអគ្គពុទ្ធសាសនូបត្ថម្ភមួយរូបដែលបានដើរតួនាទីដ៏សំខាន់នៅក្នុងការស្ថាបនា និងជម្រុញលើកកម្ពស់វិស័យព្រះពុទ្ធសាសនា និងតម្លៃស្រ្តី ឲ្យកានតែខ្ពង់ខ្ពស់នៅក្នុងវិស័យសង្គមកិច្ច និងសិក្សាធិការ

ព្រះនាងឥន្រ្ទទេវី

៣/.លោកយាយពេញ ឬដូនពេញ:

លោកយាយជាស្ថាបនិកនៃក្រុងភ្នំពេញ ដែលជារាជធានី និងជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន។ក្រោយពេលដែលដូនពេញ លោកបានរៀបបានកំណាត់ឈើគគីរដែលហូរបណ្តែតតាមខ្សែទឹកភ្នែក លោកយាយក៏បានឃើញព្រះពុទ្ធរូបនៅខាងក្នុង រួចមកក៏ចាប់ឲ្យគេលើកដី ពូនជាកំពូលភ្នំតូចមួយ ដែលសព្វថ្ងៃនេះហៅថា ភ្នំដូនពេញ(វត្តភ្នំ) ដែលជានិមិត្តរូបនៃរាជធានី។

លោកយាយពេញ ឬដូនពេញ

៤/.ជំទាវស្រែន ភរិយាតេជោមាស:

លោកជំទាវត្រូវបានគេប្រសិទ្ធនាមថា ជាស្រ្តីដែលមានការលះបង់ខ្ពស់ចំពោះជាតិ ក្រោយពេលដែលលោកជំទាវសុខចិត្តធ្វើល្បិចលួងលោមស្តេចសម្រែឲ្យធ្លាក់ក្នុងអន្ទាក់ខ្លួន។

ជំទាវស្រែន ភរិយាតេជោមាស

៥/.សម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិមុនីវង្ស កុសុម:នារីរត្ន័ សិរីវឌ្ឍនា:

ព្រះអង្គទ្រង់បានមានព្រះរាជគុណបំណាច់ចំពោះជាតិ ពិសេសចំពោះវិស័យសិល្ប:ខ្មែរដ៏ធំធេងណាស់។ព្រះអង្គទ្រង់ត្រូវបានគេស្គាល់ថា ជាស្ថាបនិកនៃរបាំព្រះរាជទ្រព្យខ្មែរ ដែលត្រូវបានមហាជនទូទាំងសកលលោកស្គាល់រហូតត្រូវបានអង្គការយូនីស្កូ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបិយនៃមនុស្សជាតិ។

សម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិមុនីវង្ស កុសុម:នារីរត្ន័ សិរីវឌ្ឍនា

៦/.សម្តេច​ រាជបុត្រី ព្រះរាមបុប្ផាទេវី:

ទ្រង់ត្រូវបានប្រជារាស្រ្តខ្មែរស្គាល់ និងប្រសិទ្ធនាមឲ្យថាទ្រង់ជានាដ្តការីឯកខាងផ្នែករបាំបុរាណខ្មែរ ដែលទ្រង់បានចំណាយកម្លាំង ព្រះកាយពល ស្ទើរតែពេញមួយព្រះជន្មដើម្បីស្ថាបនា និងកសាងវិស័យនេះឲ្យរីកចម្រើនរហូតមកទល់សព្វថ្ងៃ។

សម្តេច​ រាជបុត្រី ព្រះរាមបុប្ផាទេវី

៧/.រាជនីសម្លេងមាស រស់សេរីសុទ្ធា:

ត្រូវបានប្រជាជនខ្មែរស្គាល់ និងដាក់នាមឲ្យថាជារាជនីសម្លេងមាស។លោកស្រី មិនត្រឹមតែមានទឹកដមសំនៀងពីរោះទេ ប៉ុន្តែត្រូវបានមហាជនជាច្រើនបានស្គាល់ថា លោកស្រីក៏ជានាយទាហាននៃកងទ័ពអាកាស ដែលមានសមត្ថភាពអាចលោតឆ័ត្រយោងបានយ៉ាងស្ទាត់ជំនាញថែមទៀតផង៕

រាជនីសម្លេងមាស រស់សេរីសុទ្ធា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]