ពេលមានផ្ទៃពោះ ម៉ាក់ៗ ត្រូវចេះថ្នមខ្លួនជាងកាលមិនទាន់មានផ្ទៃពោះ ពិសេសទម្លាប់ ឬរបបអាហារមួយចំនួនក៏គួរកែប្រែដូចគ្នា។ ការធ្វើដូចនេះ ដើម្បីធានាថាកូនក្នុងផ្ទៃមានសុខភាពល្អ ហើយម៉ាក់ៗក៏មានសុខភាពល្អ ដូចគ្នា។ ពិសេសស្រីៗពពោះកូនដំបូង កាន់តែត្រូវដឹងពីអ្វីយើងមិនគួរធ្វើទាំងនេះ ព្រោះវាអាចជះឥទ្ធិពលច្រើនមកលើសុខភាពយើង និងកូនក្នុងផ្ទៃ អាចឈានដល់រលូត ឬកើតមកស្លាប់ក៏មាន ហេតុនេះត្រូវតែប្រយ័ត្ន ហើយអ្វីចាំបាច់បំផុតមិនត្រូវធ្វើរឿងមួយចំនួននេះទេ។
១- ជក់បារី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស“Hello គ្រូពេទ្យ” សង្ឃឹមថា ស្រីៗគ្នាយើងមិនមែនអ្នកជក់បារីទៅចុះ! បើសិនគ្នាយើងណាម្នាក់ជក់បារីវិញនោះ ក៏ជាពេលវេលាស័ក្ដិសមបំផុត ត្រូវផ្តាច់បារីហើយ។ វាមិនមែនសម្រាប់តែសុខភាពយើងទេ ក៏ដើម្បីអូនៗមានសុខភាពល្អដែរ។ អាចព្យាយាមពិភាក្សាជាមួយគ្រូពេទ្យពីវិធីផ្តាច់បារីល្អបំផុតសម្រាប់យើង។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងប្រឆាំងជំងឺឆ្លងនៅអាមេរិក CDC ស្រីៗជក់បារីអំឡុងពេលពពោះ កាន់តែប្រឈមការរលូតកូន ខណៈគភ៌ក្នុងផ្ទៃក៏ប្រឈមកាន់តែខ្លាំងជាមួយការពិការពីកំណើតថែមទៀតផង ដូចជា ករណីឆែបបបូរមាត់ ឬឆែបក្រអូមមាត់ កើតមុនខែ កើតមិនគ្រប់គីឡូ និងស្លាប់ក្នុងផ្ទៃតែម្តង។ លើសពីនេះ ទារកសម្រាលចេញពីម្តាយជក់បារី កាន់តែប្រឈមខ្លាំងជាមួយពិការភាពសតិបញ្ហាទៀតផង។
ជក់បារីអំឡុងពេលពពោះ និងក្រោយពេលសម្រាល ក៏ជាកត្តានាំឲ្យហានិភ័យកូនស្លាប់ភ្លាមៗ (SIDS) កើនខ្ពស់ទៀតផង។ បន្ថែមពីលើនេះ បេប៊ីកើតចេញពីផ្ទៃម៉ាក់ៗជក់បារី កាន់តែមានទំនោរជក់បារីនៅពេលធំឡើង និងឈានទៅដល់ញៀនជាតិនីកូទីនក្នុងបារីតែម្តង។
ក្រៅពីបារី បារីសប្បនិម្មិត ឬបារីអេឡិចត្រូនិក ក៏ត្រូវគេអះអាង បង្កជាបញ្ហាប្រឈមខ្លាំង ដូចគ្នាទៅនឹងបារីដែរ ដោយសារបារីអេឡិចត្រូនិក ក៏មានផ្ទុកជាតិនីកូទីន ដែលគ្មានសុវត្ថិភាពសម្រាប់ស្រីៗកំពុងពពោះនោះទេ។ សារធាតុនេះ បង្កគ្រោះថ្នាក់ខ្លាំងចំពោះសុខភាព និងការអភិវឌ្ឍរបស់គភ៌ក្នុងផ្ទៃ អាចបំផ្លាញការអភិវឌ្ឍខួរក្បាល និងសួតរបស់អូនៗបាន។
២- ផឹកគ្រឿងស្រវឹង
គ្មានសារធាតុអាល់កុល ឬគ្រឿងស្រវឹងណាមួយមានសុវត្ថិភាពអំឡុងពេលពពោះនោះទេ នេះបើតាមការបញ្ជាក់ពី CDC នៅអាមេរិក។ ជាមួយគ្នានេះ អំឡុងពេលពពោះ រាងកាយក៏គ្មានពេលវេលាល្អណាមួយអាចជួយរំលាយជាតិអាល់កុលចេញពីក្នុងខ្លួនយើងឲ្យបានល្អនោះដែរ។
ផឹកជាតិអាល់កុលពេលពពោះ អាចបង្កជាបញ្ហាជាច្រើនពាក់ព័ន្ធទៅនឹងការអភិវឌ្ឍរបស់គភ៌ គ្រប់ដំណាក់កាលនៃការពពោះ សូម្បីតែទើបដឹងថាមានផ្ទៃពោះមួយថ្ងៃ ឬមួយសប្តាហ៍ក្តី។
យោងតាម មជ្ឈមណ្ឌលគ្រប់គ្រង និងប្រឆាំងជំងឺឆ្លងនៅអាមេរិក CDC ផឹកគ្រឿងស្រវឹងអំឡុងពេលត្រីមាសដំបូង នៃការពពោះ អាចបង្កឲ្យទារកមានបញ្ហាលើទម្រង់មុខ និងការលូតលាស់ ក៏ដូចជាបញ្ហាលើប្រព័ន្ធសរសៃប្រសាទកណ្តាលថែមទៀតផង។ ផឹកគ្រឿងស្រវឹង អាចឈានទៅដល់ការរលូតកូន កូនកើតមកស្លាប់ ពិការអាកប្បកិរិយា និងបញ្ហាស្មារតី ពិសេសបញ្ហា Fetal Alcohol Spectrum Disorders ((FASDs) ជាដើម។
ក្មេងមានបញ្ហា (FASDs) ប្រហែលជាប្រឈមមាន ពិការអាកប្បកិរិយា និងបញ្ហាស្មារតី ខ្សោយលើកិច្ចសហការជាមួយក្មេងដទៃ ខ្សោយការចងចាំ ពិបាកផ្តោតលើអ្វីមួយ មិនអាចរៀនសូត្របាន រាប់បញ្ចូលទាំងយឺតយ៉ាវក្នុងការចេះនិយាយ និងអភិវឌ្ឍន៍ផ្នែកភាសាថែមទៀត។
បើគ្នាយើង ជាម្តាយដែលផឹកស្រាអំឡុងពេលពពោះ ក៏មិនទាន់យឺតពេលនោះដែរ ឈប់ផឹកនៅពេលនេះ គឺមានផលល្អចំពោះសុខភាពយើង និងគភ៌ក្នុងផ្ទៃ។
៣- ញ៉ាំសាច់ឆៅ
ស្រីៗពពោះដែលញ៉ាំសាច់ឆៅ និងសាច់ចម្អិនមិនឆ្អិនល្អ ឬក៏ស៊ុត សុទ្ធតែប្រឈមឆ្លងបាក់តេរីពពួក listeriosis និង toxoplasmosis ដែលអាចបណ្តាលឲ្យយើងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬប៉ះពាល់ដល់ជីវិតថែមទៀតផង។ ជំងឺទាំងនេះ អាចនាំឲ្យអូនៗកើតមកពិការកាយសម្បទា និងរលូតទៀតផង។ ត្រូវប្រាកដថា គ្រប់អាហារពីសាច់ និងស៊ុត សុទ្ធតែចម្អិនឆ្អិនល្អមុននឹងញ៉ាំ។
៤- ទៅសូណា
ទម្លាប់ទៅសូណា ឬបន្ទប់ចំហាយក្តៅ សុទ្ធតែធ្វើឲ្យយើងកាន់តែប្រឈមឡើងកម្តៅរាងកាយ បាត់បង់ជាតិទឹក និងខ្សោយឈានដល់សន្លប់គ្រប់ពេលដែលយើងទៅសូណា អាងទឹកកួច (Whirlpool) បន្ទប់ចំហាយក្តៅ ឬបន្ទប់ស្ទីម ជាដើម។ រាងកាយរបស់យើង គ្មានអាចជួយបញ្ចេញកម្តៅតាមរយៈការបែកញើសបាននោះទេ ខណៈកម្តៅទាំងនោះនឹងកាន់តែកើនឡើងខ្ពស់ បើសិនជាបន្តទ្រាំក្នុងស្ថានភាពនេះ។
តាមការសិក្សាជាច្រើន ការកើនឡើងកម្តៅរាងកាយ អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់គភ៌ ពិសេសនៅត្រីមាសដំបូងនៃការពពោះ។ ជាក់ស្តែង អ្នកស្រាវជ្រាវបានរកឃើញថា ហានិភ័យរលូតកូននឹងមានទ្វេដងនៅអំឡុងត្រីមាសដំបូង។
៥- ផឹកកាហ្វេច្រើនពេក
ផឹកកាហ្វេច្រើន នឹងកាន់តែជះឥទ្ធិពលអវិជ្ជមានខ្ពស់នៅអំឡុងពេលពពោះត្រីមាសដំបូង ព្រោះជាអំឡុងពេលរាងកាយយើងចុះខ្សោយខុសធម្មតា។ លើសពីនេះ ជាតិកាហ្វេអ៊ីន អាចឆ្លងកាត់សុកទៅកាន់អូនៗក្នុងផ្ទៃ នាំឲ្យប៉ះពាល់ដល់ចង្វាក់បេះដូងរបស់អូនៗបាន។
បើសិនជាយើងជាមនុស្សញៀនកាហ្វេ មិនអាចបោះបង់ចោលទាំងស្រុងបាន អ្នកវិទ្យាសាស្ត្រណែនាំឲ្យផឹកត្រឹមកម្រិតល្មមបានហើយ ដោយអាចផឹកត្រឹម ២០០ មិល្លីក្រាម/ថ្ងៃ ឬប្រមាណជា ២ពែង។ ប៉ុន្តែការសិក្សាមួយចំនួនលើកឡើងថា ផឹកកាហ្វេច្រើនអំឡុងពេលពពោះ កាន់តែមានទំនាក់ទំនងជាមួយបញ្ហារលូតកូននៅត្រីមាសដំបូងតែម្តង។
៦- ញ៉ាំស្មើមនុស្ស ២នាក់
ទ្រឹស្តីនេះ ត្រូវគេប្រើជាច្រើនទសវត្សរ៍មកហើយ “ពពោះស្មើនឹងមនុស្ស ២នាក់។ ប៉ុន្តែការសិក្សាបែបវិទ្យាសាស្ត្រ រកឃើញភស្តុតាងជាច្រើន អាចច្រានទ្រឹស្តីនេះទៅម្ខាងបាន ព្រោះពាក់កណ្តាលនៃស្រីៗកំពុងពពោះ ប្រកាន់យកទ្រឹស្តីញ៉ាំសម្រាប់ចំណែកពីរ គឺឡើងទម្ងន់ខ្លាំងអំឡុងពេលពពោះ ពិសេសអំឡុងពេលត្រីមាសដំបូង។ ពេលយើងឡើងទម្ងន់កាន់តែខ្លាំង ហានិភ័យកើតជំងឺធាត់ពេញមួយជីវិតក៏កាន់តែខ្ពស់។
ជាធម្មតាសម្រាប់ស្រីៗកំពុងពពោះ រាងកាយត្រូវការកាឡូរីបន្ថែម នៅអំឡុងត្រីមាសទី២ និងទី៣ នៃការពពោះ ប៉ុន្តែវេជ្ជបណ្ឌិតជំនាញ ណែនាំដាច់ខាតមិនឲ្យបន្ថែមកាឡូរីខ្ពស់អំឡុងពេលត្រីមាសដំបូងនោះឡើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]