កាល់ស្យូមគឺជាសារធាតុរ៉ែមួយដែលចាំបាច់សម្រាប់ការលូតលាស់ និងការអភិវឌ្ឍរបស់ទារកនៅអំឡុងពេលនៅក្នុងផ្ទៃម្ដាយ។ ប្រសិនបើ បរិមាណកាល់ស្យូមរបស់ម្ដាយទាប វាអាចបណ្ដាលឲ្យមានផលវិបាកជាច្រើននៅក្នុងការពពោះ និងការលូតលាស់របស់ទារក។ ដូច្នេះហើយ ស្ត្រីមានផ្ទៃពោះចាំបាច់ទទួលបានជាតិកាល់ស្យូមប្រចាំថ្ងៃឲ្យបានគ្រប់គ្រាន់។
ជាតិកាល់ស្យូម
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ ជាតិកាល់ស្យូម គឺជាសារធាតុរ៉ែសំខាន់បំផុតមួយចំពោះរាងកាយរបស់មនុស្សយើង។ វាមានភាពចាំបាច់ណាស់ សម្រាប់ការលូតលាស់ និងថែទាំឆ្អឹងឲ្យមានសុខភាពល្អ។ លើសពីនេះ ជាតិកាល់ស្យូម ក៏ដើរតួនាទីជាកំណកឈាម ដែលបញ្ជូនព័ត៌មានតាមប្រព័ន្ធសរសៃប្រសាទ ការកន្ត្រាក់សាច់ដុំ ការបញ្ចេញអ័រម៉ូន និងធ្វើឲ្យចង្វាក់បេះដូងយើងដើរទៀងទាត់។ ជាទូទៅ ជាតិកាល់ស្យូមមាននៅក្នុងទឹកដោះគោ និងផលិតផលដែលផ្សំពីទឹកដោះគោ បន្លែបៃតង ដូចជាផ្កាខាត់ណា ស្ពៃពួយឡេង គ្រាប់អាល់ម៉ុន ក៏ដូចជាគ្រាប់ស្វាយចន្ទីជាដើម។ សម្រាប់អ្នកដែលមានផ្ទៃពោះ ជាតិកាល់ស្យូមនៅក្នុងរាងកាយក៏អាចជួយគាំទ្រដល់ការលូតលាស់របស់ទារក ដោយជំនួយដល់ការអភិវឌ្ឍឆ្អឹងបានយ៉ាងមានប្រសិទ្ធភាពផងដែរ។
បរិមាណជាតិកាល់ស្យូមប្រចាំថ្ងៃដែលរាងកាយត្រូវការ
ចំពោះស្ត្រីអាយុចាប់ពី១៩ឆ្នាំ ដល់៥០ឆ្នាំ គប្បីទទួលបានជាតិកាល់ស្យូមប្រចាំថ្ងៃចំនួន១០០០មិល្លីក្រាម ហើយបរិមាណនេះ មិនមានការប្រែប្រួលសម្រាប់ស្ត្រីមានផ្ទៃពោះ និងម៉ាក់ៗដែលកំពុងបំបៅដោះឡើយ។ ប្រសិនបើម៉ាក់ៗពពោះកូនភ្លោះពីរ ឬបី ចូរបន្ថែមកម្រិតជាតិកាល់ស្យូមនៅក្នុងរាងកាយឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យគភ៌លូតលាស់បានល្អ។
អត្ថប្រយោជន៍នៃជាតិកាល់ស្យូមសម្រាប់ស្រ្តីមានផ្ទៃពោះ
យោងតាមការសិក្សាមួយបានបង្ហាញថា ស្ត្រីមានផ្ទៃពោះផ្ដល់ជាតិកាល់ស្យូមដល់គភ៌នៅចន្លោះពី៥០ ដល់៣៣០មិល្លីក្រាម ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍគ្រោងឆ្អឹង។ យ៉ាងណាមិញ ចំពោះម៉ាក់ៗដែលទទួលបានជាតិកាល់ស្យូមទាប គប្បីបន្ថែមអាហារបំប៉នដែលផ្សំឡើងពីកាល់ស្យូម ដើម្បីឲ្យគ្រប់ចំនួន១០០០មិល្លីក្រាមក្នុងមួយថ្ងៃ ហើយនៅពេលដែលម៉ាក់ៗទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់ វាក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបម្រុងក្រឡាភ្លើងបានផងដែរ។
អត្ថប្រយោជន៍នៃជាតិកាល់ស្យូមសម្រាប់គភ៌
កង្វះជាតិកាល់ស្យូមរបស់ម្ដាយ មានតួនាទីនៅក្នុងការវិវត្តសរសៃឈាមបេះដូងរបស់គភ៌ និងបង្កើនហានិភ័យនៃសម្ពាធឈាមខ្ពស់ចំពោះទារកដែលទើបនឹងកើត។ បន្ថែមពីនេះ វាក៏ធ្វើឲ្យភាគរយខ្លាញ់ក្នុងរាងកាយរបស់កុមារកើនឡើង ព្រមទាំងមានភាពធន់នឹងអាំងស៊ុយលីនថែមទៀតផង។ យោងតាមការសិក្សាមួយដែលផ្សាយដោយ The Journal of Nutrition បានបង្ហាញថា កម្រិតកាល់ស្យូមរបស់ម្ដាយ ប៉ះពាល់ដល់កំហាប់ឆ្អឹងរបស់ទារកក្នុងផ្ទៃ និងទារកដែលទើបនឹងកើត។ ចំពោះទារកដែលម៉ាក់ៗទទួលបានអាហារបំប៉នជាតិកាល់ស្យូម មានសមាសធាតុរ៉ែឆ្អឹងខ្ពស់ជាងក្មេងដែលម៉ាក់ៗមិនទទួលបានអាហារបំប៉ន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]