អាមេរិក៖ អាចម៍ផ្កាយមួយបានធ្លាក់ចុះមកលើរដ្ឋ Vermont សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (7 មីនា) ដែលបង្កើតបានជាពន្លឺដ៏អស្ចារ្យ និងបង្កឱ្យមានសំឡេងផ្ទុះកក្រើកដីយ៉ាងខ្លាំង ខណ:ដែលវាកំពុងឆេះក្នុងបរិយាកាស។
ការផ្ទុះរបស់អាចម៍ផ្កាយពេលឆ្លងកាត់បរិយាកាស គឺផ្ទុះស្មើនឹងគ្រាប់បែក TNT 440ផោន (200 គីឡូក្រាម)។ ដោយនេះបានបង្ហាញថា អាចម៍ផ្កាយប្រហែលជាមានទម្ងន់10ផោន (4.5 គីឡូក្រាម) និងមានមុខកាត់ 6អ៊ីញ (15 សង់ទីម៉ែត្រ) នេះបើយោងតាម NASA Meteor Watch។
យោងតាមអង្គការណាសាបានអោយដឹងថា ដុំថ្មអវកាសនេះបានហោះចូលទៅក្នុងបរិយាកាសក្នុងល្បឿន42,000 ម៉ាយក្នុងមួយម៉ោង (68,000 គីឡូម៉ែត្រក្នុងមួយម៉ោង)។ វាបានបង្ហាញខ្លួននៅភាគខាងជើងនៃរដ្ឋ ដោយមានសណ្ឋានជាដុំភ្លើងដ៏ភ្លឺ នៅវេលាម៉ោង 5:38 pm មុនពេលថ្ងៃលិច (5:38 ព្រឹកនៅកម្ពុជា)។
ស្ថានីយសារព័ត៌មានក្នុងស្រុក WCAX3 បានរាយការណ៍ថា មានអ្នកហៅទូរស័ព្ទមកពីគ្រប់ទិសទីនៃរដ្ឋបន្ទាប់ពីព្រឹត្តិការណ៍នេះ ដោយពលរដ្ឋរបស់រដ្ឋ Vermont បានពិពណ៌នាថាមានសំឡេងផ្ទុះនិងញ័រយ៉ាងខ្លាំង នៅពេលដែលអាចម៍ផ្កាយហោះឆ្លងកាត់។
យោងតាមអង្គការណាសា រលករញ្ជួយគឺជាលទ្ធផលនៃការផ្ទុះអាចម៍ផ្កាយដោយសារសម្ពាធបរិយាកាស។
នៅក្នុង comments នៅលើទំព័រហ្វេសប៊ុករបស់អង្គការណាសាអំពីហេតុការណ៍នេះ ពលរដ្ឋខ្លះបានអះអាងថា បានឃើញអាចម៍ផ្កាយនេះនៅតំបន់ Saratoga ក្នុងរដ្ឋញូវយ៉ក ខ្លះទៀតឃើញនៅ Quebec និងខ្លះទៀតឃើញដល់ទៅទីក្រុង Watertown ក្នុងរដ្ឋម៉ាសាឈូសេតឯណោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]