បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្រជឿថា អាចនឹងមានភពដទៃផ្សេងទៀតនៅក្នុងកាឡាក់ស៊ីមីលគីវ៉េរបស់យើង ដែលមានទឹកនិងទ្វីបស្រដៀងគ្នានឹងផែនដីរបស់យើង។ ការសិក្សាថ្មីនេះបានបង្ហាញថា ទឹកអាចនឹងមានវត្តមានកំឡុងពេលការកកើតនៃភព ដែលក្រុមអ្នកស្រាវជ្រាវបានកំណត់ចំណាំថា វាពិតជាកើតមានមែននៅលើផែនដីរបស់យើង ភពអង្គារ និងភពសុក្រ។ ហើយក៏ព្រោះតែមិនមានលក្ខណៈពិសេសអ្វីនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ស្ថានភាពដូចគ្នានេះក៏អាចកើតមាននៅក្នុងភពក្រៅ ដែលកើតមាននៅក្នុងកាឡាក់ស៊ីយើង។
លោក Anders Johansen ប្រធាននិពន្ធនៃការស្រាវជ្រាវថ្មីនេះ ហើយក៏ជាតារាវិទូមួយរូបនៃសាកលវិទ្យាល័យ University of Copenhagen បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ក៏ព្រោះតែម៉ូលេគុលទឹកកើតឡើងជារឿយៗ វាក៏អាចកើតមាននៅលើភពដទៃទៀតនៅក្នុងកាឡាក់ស៊ីមីលគីវ៉េ។ ចំណុចសំខាន់គឺថា វត្តមាននៃទឹករាវស្ថិតនៅលើភពមួយ មានចម្ងាយសមល្មមជាមួយនឹងផ្កាយរបស់វា។
កំឡុងពេលសិក្សា ក្រុមអ្នកស្រាវជ្រាវបានគណនា ថាតើភពផ្សេងៗកកើតលឿនប៉ុណ្ណា។ ពួកគាត់បានរកឃើញថា បំណែកតូចៗនៃទឹកកកនិងកាបូនទំហំមួយមីលីម៉ែត្រ គឺជាដុំគំនរដំបូងនៃផែនដី។ ស្ថិតនៅក្នុងប្រវត្តិដំបូងៗ ផែនដីបានលូតលាស់ដោយចាប់យកដុំក្រួសដែលមានផ្ទុកដោយទឹកកកនិងកាបូន រហូតបានមួយភាគរយនៃទំហំម៉ាសក្នុងពេលបច្ចុប្បន្ន ខណៈពេលដែលសីតុណ្ហភាពនៅលើផ្ទៃចាប់ផ្ដើមបន្តកើនឡើង ដោយនាំឲ្យទឹកកកក្នុងដុំក្រួសរលាយជាចំហាយ មុនពេលឡើងដល់ផ្ទៃនៃភព។
ដោយទឹកត្រូវបានរកឃើញមាននៅគ្រប់ទិសទីក្នុងកាឡាក់ស៊ីមីលគីវ៉េ
ទ្រឹស្ដីនៃការគរគ្រាប់ក្រួសអាចនឹងផ្ដល់ភាពជឿជាក់ថា
ភពដទៃទៀតនៅក្នុងកាឡាក់ស៊ីមីលគីវ៉េ ត្រូវបានបង្កើតឡើងស្រដៀងគ្នានឹងភពផែនដី ភពអង្គារ និងភពសុក្រ ដែលអាចនឹងទ្រទ្រង់ជីវិតបាន។ សហអ្នកនិពន្ធក៏បានចាប់អារម្មណ៍ផងដែរថា
ភពនានាមិនត្រឹមតែមានគំរូនៃការទទួលបានបរិមាណទឹកដូចគ្នានោះទេ
ហើយថែមទាំងបង្កើតទ្វីបផងដែរ ដែលបានបង្ហាញនៅក្នុងទ្រឹស្ដីថា ភពផ្សេងៗក្នុងកាឡាក់ស៊ីមីលគីវ៉េអាចនឹងមានការពូនជាគំនរ
និងបង្កើតសីតុណ្ហភាពដូចគ្នា។ វាផ្ដល់ឱកាសល្អសម្រាប់ជីវិត ដើម្បីកកើតឡើង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]