បរទេស៖ ថនិកសត្វធំបំផុតនៅលើផែនដី មានជាប់ខ្សែស្រឡាយពីសត្វជើងបួនតូចមួយ ដូចជាសត្វក្តាន់ ដែលរស់នៅលើគោកកាលពី50លានឆ្នាំមុន។ លោក Hans Thewissen សាស្រ្តាចារ្យនៅ Northeast Ohio Medical University បានរកឃើញថាសត្វសមុទ្រចាប់ពីត្រីដូហ្វីនរហូតដល់ត្រីបាឡែន គឺវិវឌ្ឍន៍មកពី Indohyus ដែលជាសត្វដែលមានរាងដូចក្តាន់តូចមួយ ដែលធ្លាប់រស់នៅលើទឹកដីឥណ្ឌានិងប៉ាគីស្ថានបច្ចុប្បន្ន។

លោក Thewissen បានសិក្សាអំពីការវិវឌ្ឍន៍របស់ត្រីបាឡែនអស់រយៈពេលជាច្រើនឆ្នាំ ហើយនៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា The Walking Whales: From Land to Water in Eight Million Years គាត់បាននិយាយអំពីការរកឃើញដែលបង្ហាញពីកំណត់ត្រាផូស៊ីលដំបូងនៃត្រីបាឡែន។
ផូស៊ីលដំបូងបំផុតនៃសត្វនេះ ត្រូវបានគេរកឃើញក្នុងថ្មដែលត្រូវបានប្រមូលនៅតំបន់ Kalakot នៃ Jammu និង Kashmir ដោយអ្នកភូគព្ភសាស្ត្រឥណ្ឌាឈ្មោះ A Ranga Rao។ លោក Rao បានរកឃើញធ្មេញនិងផ្នែកខ្លះនៃឆ្អឹងថ្គាមនៅទសវត្សឆ្នាំ1960និង1970 ប៉ុន្តែនៅពេលដែលគាត់បានចែកឋានទៅ ភរិយារបស់គាត់គឺវេជ្ជបណ្ឌិត Friedlinde Obergfell បានឲ្យថ្មទាំងនេះទៅ លោក Thewissen ដើម្បីសិក្សា។
ការសិក្សាបន្ថែមទៀតលើវាបានបង្ហាញថា ផូស៊ីលទាំងនោះគឺជារបស់សត្វដែលមានអាយុកាល47លានឆ្នាំដែលមានរាងកាយនិងកន្ទុយ។ ការស្រាវជ្រាវរបស់គាត់បានរកឃើញថា ពួកវាបានស៊ីរុក្ខជាតិដុះលើដី ហើយពួកវាមានឆ្អឹងក្រាស់ដោយសារតែចំណាយពេលច្រើននៅក្នុងទឹក។ សត្វដំរីទឹកត្រូវបានគេជឿថា ជាខ្សែស្រឡាយដែលនៅរស់ ជិតស្និទ្ធបំផុតនៃត្រីបាឡែនដែលរស់នៅលើដី ដែលឆ្អឹងក្រាស់ៗរបស់ពួកវាគឺជួយក្នុងការដើរនៅបាតបឹង និងទន្លេ។

លោក Thewissen បានប្រាប់ទស្សនាវដ្តី Discover ថាពួកសត្វទាំងនោះបានអង្គុយនៅក្នុងទឹកហើយរង់ចាំចាប់សត្វជាអាហារ ដែលនេះគឺស្រដៀងនឹងក្រពើដែរ។
កាលពីមុនគេជឿថា ត្រីបាឡែនវិវត្តចេញពីសត្វស៊ីសាច់ជាអាហារ ដែលផ្លាស់ប្តូរទៅរស់នៅក្នុងទឹកដើម្បីស្វែងរកចំណីជាត្រីវិញ។
លោក Thewissen ពិពណ៌នាអំពីបុព្វបុរសនៃត្រីបាឡែនដំបូងថាស្រដៀងទៅនឹងសត្វតោសមុទ្រ ដែលបានលេចចេញកាលពី42លានទៅ48លានឆ្នាំមុន ។ បន្ទាប់មកក៏លេចចេញនូវត្រីបាឡែនដែលមានធ្មេញ (toothed whales) កាលពីប្រហែល7លានឆ្នាំក្រោយ ដែលពួកវាមាននៅក្នុងមហាសមុទ្រនាពេលបច្ចុប្បន្ននេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]