បរទេស៖ ក្រុមហ៊ុន Xiaomi គ្រោងនឹងផលិតឡានអគ្គិសនីដោយខ្លួនឯង ហើយត្រូវបានគេរាយការណ៍ថា នឹងប្រើប្រាស់រោងចក្ររបស់ក្រុមហ៊ុន Great Wall Motor Co Ltd របស់ប្រទេសចិន ដែលជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក។
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ប្រភពដែលជិតស្និទ្ធនឹងរឿងនេះបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះគឺជាក្រុមហ៊ុនចុងក្រោយបង្អស់ ដែលបានចូលរួមប្រកួតប្រជែងក្នុងវិស័យរថយន្ត EV (រថយន្តអគ្គិសនី)។ ស្របពេលដែលក្រុមហ៊ុន Xiaomi ត្រូវបានគេស្គាល់ដោយសារតែផលិតផលប្រើប្រាស់អេឡិចត្រូនិកដ៏ទូលំទូលាយរបស់ខ្លួន ឥឡូវនេះក្រុមហ៊ុនក៏បានប្រលូកខ្លួនចូលទៅទីផ្សារថ្មីផងដែរ។ ចាប់តាំងពីរបាយការណ៍ដែលថាក្រុមហ៊ុន Xiaomi គ្រោងផលិតឡានអគ្គិសនីដោយខ្លួនឯងនេះលេចចេញមក តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើង9ភាគរយកាលពីថ្ងៃទី26 ខែមីនា ឆ្នាំ2021។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះដែរ ភាគហ៊ុនហុងកុងរបស់ក្រុមហ៊ុន Great Wall ក៏បានកើនឡើង15ភាគរយផងដែរ។ នៅពេលនេះក្រុមហ៊ុន Xiaomi ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនលក់ស្មាតហ្វូនធំជាងគេបង្អស់នៅលើពិភពលោក គ្រោងនឹងចាប់ដៃគូជាមួយក្រុមហ៊ុន Great Wall Motors ដើម្បីផលិតរថយន្ត EV ក្រោមយីហោរបស់ខ្លួនផ្ទាល់ នេះបើយោងតាមប្រភពពីរដែលបដិសេធមិនបង្ហាញអត្តសញ្ញាណ ដោយសារតែព័ត៌មានមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយ។ លើសពីនេះទៀតក្រុមហ៊ុនផលិតស្មាតហ្វូនមួយនេះ មានគោលដៅលក់រថយន្តអគ្គិសនីរបស់ខ្លួននៅទីផ្សារ ក្នុងទ្រង់ទ្រាយធំទៀតផង។
ប៉ុន្តែរហូតមកដល់ពេលនេះ ទាំងក្រុមហ៊ុន Xiaomi និងក្រុមហ៊ុន Great Wall បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ ដូច្នេះយើងមានតែរង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀតប៉ុណ្ណោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]