នែ៎គ្នាយើង! បើមានម៉ាក់ប៉ា ឬអ៊ំៗ កើតជំងឺលើសឈាម ត្រូវប្រើថ្នាំជាប្រចាំនោះ មានដឹងថា ប្រើថ្នាំយ៉ាងម៉េចទើបមានប្រសិទ្ធភាពខ្ពស់ បញ្ចុះសម្ពាធឈាមបានល្អអត់? បើមិនដឹងទេ ចង់ឲ្យម៉ាក់ប៉ា អ៊ំៗ សុខភាពល្អ អានអត្ថបទ “Hello គ្រូពេទ្យ” មួយនេះអាចជួយបាន។
តាមការស្រាវជ្រាវថ្មីៗនេះ បង្ហាញថា ប្រើប្រាស់ថ្នាំពីរមុខបញ្ជូលគ្នា ដើម្បីបញ្ចុះសម្ពាធឈាម ល្អជាងប្រើថ្នាំតែមួយមុខ។ បច្ចុប្បន្ន មានថ្នាំជាច្រើនសម្រាប់ប្រើលាយគ្នាបញ្ចុះសម្ពាធឈាមយ៉ាងមានប្រសិទ្ធភាព ថែមទាំងកាត់បន្ថយហានិភ័យជំងឺបេះដូង និងដាច់សរសៃឈាម ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១- គួរតែប្រើថ្នាំ២មុខលាយគ្នានៅពេលណា?
ករណីប្រើថ្នាំមួយមុខ ដើម្បីបញ្ចុះសម្ពាធឈាម មានប្រសិទ្ធភាពលើម៉ាក់ប៉ា អ៊ំៗ មានជំងឺលើសឈាមកម្រិតស្រាលប៉ុណ្ណោះ។ ករណីខ្លះ គ្រូពេទ្យនឹងដំឡើងកម្រិតថ្នាំ ឬដូរថ្នាំថ្មីដើម្បីគ្រប់គ្រងស្ថានភាពជំងឺឲ្យប្រសើរ បើសម្ពាធឈាមនៅតែខ្ពស់ដដែល គ្រូពេទ្យនឹងបន្ថែមថ្នាំមួយមុខទៀត លាយគ្នាជាមួយថ្នាំធ្លាប់ប្រើ ដើម្បីបង្កើតប្រសិទ្ធភាពខ្ពស់ជាងមុន។
ការប្រើប្រាស់ថ្នាំ ២មុខ លាយគ្នាបែបនេះ គឺអាស្រ័យលើស្ថានភាពជំងឺម៉ាក់ប៉ា អ៊ំៗ ដើម្បីអាចគ្រប់គ្រងសម្ពាធឈាម ហើយមានផលរំខានតិចតួចប៉ុណ្ណោះ។ ដោយសារសម្ពាធឈាមឡើងខ្ពស់ខ្លាំង ម៉ាក់ប៉ា អ៊ំៗយើង អាចត្រូវពេទ្យណែនាំឲ្យប្រើថ្នាំ ២មុខ តាំងពីដំបូងក៏មាន។
២- ថ្នាំប្រភេទណាខ្លះអាចប្រើរួមគ្នាព្យាបាលលើសឈាម?
គ្រូពេទ្យម្នាក់ អាចប្រើប្រភេទថ្នាំ ក៏ដូចជាកម្រិតថ្នាំផ្សេងៗគ្នា ដើម្បីព្យាបាល ផ្អែកលើស្ថានភាពជំងឺ។ ថ្នាំបញ្ចុះទឹកនោមប្រភេទ Thiazide (Thiazide diuretics) តែមួយមុខ ក៏អាចប្រើជាថ្នាំបញ្ចុះសម្ពាធឈាមបានដែរ ប៉ុន្តែបើប្រើថ្នាំនេះមានកម្រិតទាប និងផ្សំជាមួយថ្នាំផ្សេងៗ ដូចជា ពពួក Beta-Blockers កាន់តែមានប្រសិទ្ធភាពខ្ពស់។ នៅពេលប្រើថ្នាំទាំងពីរប្រភេទនេះ គេឃើញថាថ្នាំបញ្ចុះទឹកនោម (Diuretics) អាចបង្កផលរំខានបន្តិចបន្តួច ប៉ុន្តែជួយបង្កើនប្រសិទ្ធភាពថ្នាំបញ្ចុះសម្ពាធឈាមដទៃទៀតបានយ៉ាងល្អ។ ម៉ាក់ប៉ា អ៊ំៗ មានជំងឺលើសឈាម ចាល់ជាតិទឹក អាចបន្ថែមកម្រិតថ្នាំបញ្ចុះទឹកនោមនេះបាន។
ពពួកថ្នាំបញ្ចុះឈាមដូចជា ACE inhibitors ឬថ្នាំ ARBs (Angiotensin receptor blockers) មានប្រសិទ្ធិភាពកាន់តែខ្ពស់ ពេលប្រើផ្សំជាមួយថ្នាំផ្សេងទៀត។ ថ្នាំ ACE inhibitor អាចប្រើរួមជាមួយ ថ្នាំបញ្ចុះទឹកនោមប្រភេទ Thiazide (Thiazide diuretics) ឬថ្នាំ Calcium channel blocker (ថ្នាំទប់ស្កាត់ជាតិកាល់ស្យូមមិនឲ្យចូលក្នុងកោសិកា) បាន។
ករណីខ្លះពពួកថ្នាំបញ្ចុះឈាមដូចជា Beta-blocker (មានប្រសិទ្ធភាពបិទរេសិបទ័របែតានៅលើសរសៃឈាម) អាចប្រើផ្សំជាមួយថ្នាំ Alpha-blocker (មានប្រសិទ្ធិភាពបិទរេសិបទ័រអាល់ហ្វានៅលើសរសៃឈាម) បាន។ ថ្នាំផ្សំ ២ មុខនេះ ល្អណាស់សម្រាប់ប៉ាអ៊ំ (ប្រុសៗ) មានជំងឺលើសឈាមផង និងឡើងហើមក្រពេញប្រូស្តាតផង ព្រោះអាចជួយព្យាបាលជំងឺទាំង ២ ក្នុងពេលតែមួយ។
ការផ្សំថ្នាំទាំងអស់ ផ្អែកទៅតាមស្ថានភាពជំងឺ ឧ. បើប្រើថ្នាំទាំង ២ ធ្វើឲ្យចង្វាក់បេះដូងចុះទាបពេក គ្រូពេទ្យនឹងត្រួតពិនិត្យដោយយកចិត្តទុកដាក់ ដើម្បីចៀសវាងកុំឲ្យជីពចរចុះទាប ឬប្រសិនបើ ម៉ាក់ប៉ា អ៊ំៗ មានជំងឺហឺត ពេទ្យនឹងចៀសវាងថ្នាំណាបង្ករោគសញ្ញាជំងឺហឺត។
៣- អាចដឹងពីប្រសិទ្ធភាពថ្នាំផ្សំដោយរបៀបណា?
ទោះបីជាសម្ពាធឈាម ម៉ាក់ប៉ា អ៊ំៗយើង ត្រឡប់មកប្រក្រតីវិញ ក៏ត្រូវតែត្រូវវាស់សម្ពាធឈាមឲ្យបានញឹកញាប់ដែរ។ ដំបូងត្រូវវាស់រៀងរាល់សប្តាហ៍ ហើយពេលសម្ពាធឈាមស្ថិតនៅកម្រិតធម្មតាអាចបន្ថយការវាស់បាន។ អាចវាស់ឈាមនៅផ្ទះដោយខ្លួនឯង ប៉ុន្តែត្រូវតែទៅពិនិត្យជាមួយគ្រូពេទ្យឲ្យបានទៀងទាត់។
៤- គួរប្រើថ្នាំ២មុខបែបនេះយូរប៉ុណ្ណាដែរ?
គ្រូពេទ្យ នឹងបន្ថយថ្នាំ ក្រោយសម្ពាធឈាមវិលមករកភាពប្រក្រតីរយៈពេល ១ឆ្នាំពេញ។ ថ្នាំទាំងនេះអាចជួយបញ្ចុះឈាមបានល្អ យ៉ាងណាមិនអាចព្យាបាលជំងឺលើសឈាមជាដាច់តែម្តងនោះទេ។
បើគ្មានការណែនាំពីគ្រូពេទ្យ មិនត្រូវឈប់លេបថ្នាំដោយឯកឯងឡើយ គួរទិញថ្នាំស្តុកទុកនៅផ្ទះជាមុន ព្រោះពេលណាមួយស្រាប់តែនឹកឃើញឈប់ប្រើថ្នាំភ្លាមៗ អាចធ្វើឲ្យសម្ពាធឈាមនឹងឡើងខ្ពស់ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
៥- អ្វីជាភាពស៊ាំនៃជំងឺលើសឈាម?
ភាពស៊ាំរបស់ជំងឺលើសសម្ពាធឈាម កើតឡើងនៅយើងប្រើថ្នាំបញ្ចុះសម្ពាធឈាម ៣មុខ ផ្សំចូលគ្នា ហើយសម្ពាធឈាមនៅតែខ្ពស់។ តាមការប៉ាន់ប្រមាណ ៣០ភាគរយ ម៉ាក់ប៉ា អ៊ំៗយើងមានជំងឺលើសឈាម គឺជួបស្ថានភាពបែបនេះ។
យោងតាមសមាគមសុខភាពបេះដូងអាមេរិក (American Heart Association) វ័យកាន់តែចាស់ និងធាត់លើសទម្ងន់ខ្លាំង (Obesity) ជាកត្តាប្រឈម នាំឲ្យមានអាការៈបែបនេះ។
មុនពេលគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ សន្មត់យើងមានភាពស៊ាំជាមួយជំងឺលើសឈាម ពេទ្យនឹងពិនិត្យមើលថាកើតឡើងដោយឯកឯង ឬដោយសារម៉ាក់ប៉ា អ៊ំៗ ប្រើប្រាស់ថ្នាំមិនត្រឹមត្រូវ។ ដោយឡែក ករណី “White Coat” ជាស្ថានភាពមួយ កើនឡើងសម្ពាធឈាមអំឡុងពេលជួបពេទ្យ តែពេលនៅផ្ទះមានសម្ពាធឈាមធម្មតា ក៏បង្កឲ្យមានការភ័ន្តច្រលំ ម៉ាក់ប៉ា អ៊ំៗ មានភាពស៊ាំជំងឺលើសឈាមដែរ។ អ៊ីចឹង កុំឲ្យមានហេតុការណ៍នេះកើតឡើង គ្រូពេទ្យនឹងធ្វើការតាមដានសម្ពាធឈាមក្នុងរយៈពេល ២៤ ម៉ោង។
ម៉ាក់ប៉ា អ៊ំៗយើង ភាគច្រើនមានភាពស៊ាំនឹងជំងឺលើសឈាម អាចនឹងកំពុងកើតជំងឺផ្សេងទៀត ដូចជា ជំងឺតម្រងនោម ទឹកនោមផ្អែម គេងមិនដកដង្ហើម និងជំងឺក្រិនសរសៃឈាម (Atherosclerotic disease) កាន់តែធ្វើឲ្យការព្យាបាលតែពិបាកខ្លាំង ព្រោះត្រូវព្យាបាលជំងឺថែមមួយមុខទៀត។
មុនពេលផ្សំថ្នាំព្យាបាលណាមួយ ម៉ាក់ប៉ា អ៊ំៗ ត្រូវតែពិគ្រោះជាមួយគ្រូពេទ្យជាមុន ធ្វើតាមវេជ្ជបញ្ជាឲ្យបានត្រឹមត្រូវ ក្នុងករណីមានលេចចេញផលរំខានណាមួយ ឆាប់ទៅជួបគ្រូពេទ្យភ្លាម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]