ពិត​ណាស់​ បញ្ហា​មុន​​​តែងតែ​ជា​កង្វល់​របស់​មនុស្ស​ស្រី​គ្រប់​រូប​។​ មិន​ថា​យើង​​មាន​ស្បែក​​ងាយ​កើត​មុន​ ឬ​កើត​មុន​ម្ដងម្កាល​ក៏​ដោយ ​ស្រី​ៗ​យើង​នឹង​មាន​ការ​ព្រួយបារម្ភ​នៅ​ពេល​ដែល​ឃើញ​​មុន​លេច​ឡើង​លើ​ផ្ទៃ​មុខ​​ដ៏​ស្រស់​ផូរផង់​របស់​ខ្លួន។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​គ្នា​យើង​ចង់​បាន​ស្បែក​​ស្អាត​គ្មាន​មុន​ និង​ភ្លឺ​ស្រស់​ថ្លា ជា​ពិសេស​នៅ​អំឡុង​ពេល​រដូវ​ក្ដៅ​នេះ​តែ​ម្ដង ចូរ​អនុវត្ត​តាម​វិធីសាស្ត្រ​ដូច​ខាង​ក្រោម​នេះ​។

មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មុន​នៅ​​រដូវ​ក្ដៅ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​​​​កម្ដៅ​ និង​សំណើម​ក្នុង​រដូវ​ក្ដៅ​អាច​ធ្វើ​ឲ្យ​យើង​បែក​ញើស​ខ្លាំង​ ដែល​បណ្ដាល​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​ស្អិត​ជាង​ធម្មតា​។​ ស្បែក​ងាប់​ប្រមូល​ផ្ដុំ​ជា​កម្ទេចកំទី​នៅ​លើ​ផ្ទៃ​ខាង​ក្រៅ​ ហើយ​លាយ​ជាមួយ​នឹង​ខ្លាញ់​ស្អិត​ វា​នឹង​បង្កើត​ជា​បរិយាកាស​អុកស៊ីសែន​មិន​ល្អ​នៅ​ក្រោម​ស្បែក​ ដែល​ធ្វើ​ឲ្យ​បាក់តេរី​កើន​ឡើង​ទ្វេ​ដង​។​ កត្តា​នេះ​នឹង​បណ្ដាល​ឲ្យ​មាន​ការ​រលាក​ស្បែក​ ដែល​នាំ​ឲ្យ​កើត​មុន​។

តិចនិក​កម្ចាត់​បញ្ហា​មុន​នៅ​រដូវ​ក្ដៅ​

ដើម្បី​កម្ចាត់​រាល់​បញ្ហា​មុន​ នៅ​អំឡុង​ពេល​រដូវ​ក្ដៅ​​ ដែល​​ចូល​មក​បិទ​បាំង​ភាព​ស្រស់​ស្អាត​នៃ​ផ្ទៃ​មុខ​ ស្រី​ៗ​គប្បី​អនុវត្ត​តាម​វិធីសាស្ត្រ​​ទាំង​នេះ​។

១. ជៀសវាង​ញ៉ាំ​អាហារ​ និង​ភេសជ្ជៈ​មួយ​ចំនួន​

ជាក់​ស្ដែង​ កម្ដៅ​ធ្វើ​ឲ្យ​យើង​ចង់​ផឹក​ភេសជ្ជៈ​​ដែល​មាន​ជាតិ​ស្ករ​។​ ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ពិត​ជា​មាន​សារសំខាន់​ណាស់​​នៅ​ក្នុង​រដូវ​ក្ដៅ​​នេះ​ ប៉ុន្តែ​ស្រីៗ​យើង​មិន​គួរ​ជ្រើសរើស​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ឬ​​ជាតិ​អាកុល​ឡើយ​។​ ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ និង​អាហារ​សម្រន់​មាន​ជាតិ​ស្ករ​ច្រើន ​អាច​​បង្កើន​ឱកាស​នៃ​ការ​កើត​មុន​។ ​អាហារ​ដែល​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ខ្ពស់ អាច​​ជះឥទ្ធិពល​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដែល​ធ្វើ​ឲ្យ​អាំងស៊ុយលីន​កើន​ឡើង​ ​ហើយ​ការ​កើន​ឡើង​នៃ​ការ​ផលិត​អាំងស៊ុយ​លីន​ អាច​បង្កើន​ការ​ផលិត​ជាតិ​ខ្លាញ់​ ដែល​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស​ ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​មុន​។​

២. ជ្រើសរើស​​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​គ្មាន​ជាតិ​​ប្រេង

នៅ​ក្នុង​រដូវ​ក្ដៅ​នេះ​ គ្នា​យើង​តែងតែ​ប្រើប្រាស់​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ជា​ប្រចាំ​។​ ប៉ុន្តែ​ក្រែម​ប្រភេទ​​ខ្លះ​មាន​ជាតិ​ប្រេង​ខ្លាំង​ ហើយ​​ការ​លាប​ផលិត​ផល​​បន្ថែម​​ទៀត​ ពី​លើ​ស្រទាប់​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​ជាតិ​ប្រេង​ អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​មិន​អាច​ដក​ដង្ហើម​បាន​។​ ជា​លទ្ធផល​ ​យើង​នឹង​ឃើញ​រន្ធ​ញើស​កក​ស្ទះ​ព្រម​ទាំង​លេច​ឡើង​នូវ​មុន​រដូវ​ក្ដៅ​។

៣. ផ្ដល់​សំណើម​ដល់​ស្បែក​ជា​រៀងរាល់​ថ្ងៃ​

ទោះ​បី​ជា​យើង​មាន​ស្បែក​ខ្លាញ់​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​ផ្ដល់​សំណើម​ និង​​ជាតិ​ទឹក​ដល់​ស្បែក​នៅ​តែ​ជា​រឿង​សំខាន់​។​ ​ជា​ធម្មតា​ ស្បែក​នឹង​បាត់បង់​គុណភាព​នៅ​ពេល​ដែល​គ្មាន​ជាតិ​សំណើម​។​ ដូច្នេះ​ហើយ​ ស្រីៗ​យើង​គប្បី​ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​ដែល​មាន​អាស៊ីដ​Hyaluronic ដែល​មាន​ភាព​ស្រាល​ និង​មិន​មាន​ជាតិ​ប្រេង​។

​​៤. ជម្រុះ​កោសិកា​ចាស់​ៗ​ចេញ​

ដើម្បី​​ជៀសវាង​ការ​កើត​មុន​ ចូរ​ជម្រុះ​កោសិកា​ចាស់​ៗ​ជា​ប្រចាំ​។​ ការ​កម្ចាត់​ជាតិ​ពុល​ និង​ភាព​កខ្វក់​ដែល​មាន​នៅ​លើ​រន្ធ​ញើស​ នឹង​ធ្វើ​ឲ្យ​ស្បែក​ត្រលប់​មក​រក​សភាព​ល្អ​ប្រសើរ​ឡើង​វិញ។​ ចូរ​ជ្រើសរើស​ក្រែម​ជម្រុះ​កោសិកា​ចាស់​ៗ​ដែល​មាន​អាស៊ីដ​Glycolic។

​​​៥. លាង​សម្អាត​មុខ​ជាមួយ​នឹង​ទឹក​ធម្មតា

​ប្រសិនបើ​យើង​មាន​ស្បែក​ប្រភេទ​ខ្លាញ់​ ហើយ​តែងតែ​ប្រើប្រាស់​ហ្វូម​លាង​មុខ ឬ​សាប៊ូ​​​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ ចូរ​បញ្ឈប់​ជា​បន្ទាន់​។​ ការ​ប្រើប្រាស់​ហ្វូម​ច្រើន​ពេក ​អាច​ប៉ះពាល់​ដល់​ស្បែក​ ព្រម​ទាំង​​បង្អាក់​តុល្យ​ភាព​អាស៊ីដ​Alkaliនៃ​ស្បែក​។​ រី​ឯ​ការ​​​ត្រដុស​មុខ​ ក៏​អាច​ធ្វើ​ឲ្យ​កើត​មាន​បញ្ហា​មុន​ផង​ដែរ។​ ដូច្នេះ​ហើយ​ គ្នា​យើង​គួរ​ប្រើ​ទឹក​ធម្មតា​ ហើយ​លាង​មុខ​ឲ្យ​បាន​ញឹកញាប់​ នៅ​អំឡុង​ពេល​ថ្ងៃ​ និង​លាង​​ជាមួយ​នឹង​ហ្វូម​លាង​មុខ​ត្រឹមតែ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ គឺ​គ្រប់គ្រាន់​ហើយ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]