ជីវិត: មនុស្សកើតមករមែងតែងប្រាថ្នាចង់ខ្ពស់មុខ ខ្ពស់មាត់ កើតក្នុងគំនរទ្រព្យមាន មានអ្នកបម្រើឆ្វេងស្តាំ ប៉ុន្តែទោះ ជាយ៉ាងណាក៏ដោយ ក៏មិនមានមនុស្សណាម្នាក់អាចមើលឆ្លុះឃើញនូវជម្រៅជោគវាសនា និងអ្វីដែលខ្លួនប្រាថ្នាចង់បានជាតម្រូវការសម្រាប់ជីវិតរបស់ខ្លួននោះឡើយ។
យ៉ាងណាមិញ ក៏មានមនុស្សមួយចំនួនតូច បានពោលពាក្យមិនពេញចិត្ត ចំពោះជោគវាសនា និងភ័ព្វព្រេង កុសល ផលបុណ្យរបស់ខ្លួន ដែលកើតមក ហេតុអ្វីខ្ញុំក្រ ឯចំណែកគេនោះបែរជាមានទ្រព្យសម្បត្តិ មានឡាន មានផ្ទះល្អ មានគ្រឿងតុបតែងខ្លួនល្អៗ ប្រើប្រាស់ទូរស័ព្ទ និងសម្ភារ:និយមប្តូរផ្លាស់រាប់ភ្លេច រីឯក្រឡេកមើលមកខ្លួនឯងវិញបែរជាក្រ រកតែអង្ករច្រកឆ្នាំងសឹងតែពុំបាន ខោអាវស្អាតបាតពាក់ឲ្យបានសមរម្យនឹងគេគ្មាន។
ប៉ុន្តែប្រការដែលគួរតែចងចាំនោះគឺថា បើទោះបីជាអ្នកស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ តែបើអ្នកអនុវត្ត និងប្រកាន់ភ្ជាប់នូវអត្តចរិតទាំង៧ចំនុចខាងក្រោមនេះ ធានាថានឹងគ្មានអ្នកណាហ៊ានមើលងាយអ្នកឡើយ។ ចំណុចទាំង៥ ដែលអ្នកគួរតែអនុវត្តនោះរួមមាន:
១/.មានឆន្ទ:តស៊ូ ព្យាយាម និងប្រឹងប្រែងបន្ត
ដូចពាក្យចាស់លោកថា ព្យាយាមគង់បានសម្រេច ប្រសិនបើអ្នកប្រកាន់យកគោលជំហរ និងការប្តេជ្ញាចិត្តបែបនេះ ធានាថាអ្នកនឹងមានជីវិតល្អប្រសើរ អ្នកដទៃគេនឹងមិនមកមើលស្រាលអ្នក ជាពិសេសនៅថ្ងៃណាមួយការតស៊ូ ព្យាយាមរបស់នឹងគង់តែទទួលបានការជោគជ័យជាក់ជាមិនខាន។
២/.ពោលពាក្យវិជ្ជមានដាក់ខ្លួនឯងឲ្យបានច្រើន
ការពោលពាក្យលើកទឹកចិត្តដាក់ខ្លួនឯងឲ្យបានច្រើន ជាវិធីមួយដែលអាចជួយអ្នកឲ្យរឹតតែបង្កើនទំនុកចិត្ត និងមិនខ្វល់ខ្វាយពីជីវិតអ្នកដទៃ បានន័យថាស្កប់ស្កល់នឹងអ្វីដែលខ្លួនមាន ព្រមទាំងរីករាយនឹងអ្វីដែលខ្លួនរកបាន
៣/. មិនប្រកាន់ផ្នត់គំនិត ឃើញដំរីជុះៗតាមដំរី
ការមិនប្រកាន់ផ្នត់គំនិត ឃើញដំរីជុះៗតាមដំរី នឹងជួយអ្នកឲ្យមានការធូរស្បើយផ្នែកខាងស្មារតីមួយផ្នែក។ មានន័យថា អ្នកមិនសប្បាយអរពេលឃើញគេប្រើប្រាស់របស់ថ្លៃៗ និងមិនមែនជាមនុស្សសម័យនិយម រត់តាមសម្ភារៈនិយមតាមអ្នកដែលមានទ្រព្យហូរហៀរ ប៉ុន្តែជាមនុស្សដែលស្រឡាញ់ និងពេញចិត្តបច្ចុប្បន្នភាព ព្រមទាំងអ្វីដែលខ្លួនកំពុងមាន។
៤/.ព្យាយាមកុំយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃ
ការដែលអ្នកយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃ វានឹងធ្វើឲ្យអ្នកកើតជំងឺបាក់ទឹកចិត្ត ដែលជៀសមិនផុតអ្នកនឹងមានអារម្មណ៍គិតតែម្នាក់ឯងថា ហេតុអ្វីខ្ញុំមិនដូចគេ ហេតុអ្វីខ្ញុំអន់ជាងគេ ការធ្វើបែបនេះនឹងបង្អាក់អ្នកនិងមិនអាចជួយឲ្យអ្នកអាចស្វែងរកអ្វីដែលខ្លួនចង់បាន ផ្ទុយទៅវិញនឹងមានមនុស្សមួយចំនួននឹងនៅតែបន្តមើលងាយអ្នកជាក់ជាមិនខាន។
៥/.បន្ទាបខ្លួន មិនវ៉ៃអែប ស៊ីអប និងមិនស៊ីជោរ
បើទោះបីជាអ្នកមិនមានទ្រព្យសម្បត្តិធំដុំ ឬក៏មិនមានអ្វីដែលអស្ចារ្យលើសអ្នកដទៃក៏ដោយ តែបើអ្នកចេះ បន្ទាបខ្លួន មានចរិតមិនចេះវ៉ៃអែប ស៊ីអែប និងមិនមានអារម្មណ៍ទំនោរទៅតាមអ្នកដទៃ ច្បាស់លាស់មនុស្សមួយចំនួននៅជុំវិញខ្លួនអ្នក នឹងឲ្យតម្លៃព្រមទាំងលើកសរសើរអ្នកជាក់ជាមិនខាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]