ខេត្តកំពង់ឆ្នាំង៖ បុរសជាអ្នកជំងឺកូវីដ១៩ ម្នាក់ បានជាសះស្បើយ ហើយត្រូវបានក្រុមគ្រូពេទ្យអនុញាតឱ្យមកដាក់ខ្លួនដាច់ដោយឡែកនៅផ្ទះ នៅភ្នំពេញ រយៈពេល១៤ ថ្ងៃបន្តទៀត ផ្ទុយទៅវិញ បុរសរូបនេះ បែរជាបង្ហួសមកផ្ទះនៅខេត្តកំពង់ឆ្នាំង និង ដើររហេតុរហូតពេញភូមិតែម្តង ហើយត្រូវបានអាជ្ញាធរនៅខេត្តកំពង់ឆ្នាំង យកទៅធ្វើចត្តាឡីស័កនៅមណ្ឌលវិញ។

តាមការឱ្យដឹងពីលោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ បានបញ្ជាក់ថា បុរសខាងលើនេះ ជាអ្នកបើកបររថយន្តឱ្យប្តីប្រពន្ធពីរនាក់ ដែលវិជ្ជមានកូវីដ១៩ មានទីលំនៅនៅក្នុងរាជធានីភ្នំពេញ និង មានចំការនៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយក៏បានពាក់ព័ន្ធដល់ប្រជាពលរដ្ឋនៅក្នុងឃុំពង្រ រហូតបង្កើតបានជាព្រឹត្តិការណ៍មួយឈានដល់ការបិទផ្សារពង្រជាច្រើនថ្ងៃកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា បុរសរូបនេះ ក្រោយពីដាក់ឱ្យនៅព្យាបាលឯរាជធានីភ្នំពេញបានជាសះស្បើយហើយ គ្រូពេទ្យមិនអនុញ្ញាតឲ្យរូបគាត់ធ្វើដំណើរចាកចេញទៅណាទេ ត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនៅផ្ទះរាជធានីភ្នំពេញ និងមានការណែនាំផ្សេងៗឲ្យរង់ចាំពិនិត្យនៅស្ថានភាពជំងឺជាបន្តទៀតសិន តែបុរសម្នាក់នេះ មិនបានស្ដាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរនោះទេ។ តែផ្ទុយទៅវិញ បុរសរូបនេះ បានធ្វើដំណើរមកកាន់ភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ដែលជាភូមិកំណើតរបស់គេទាំងយប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបានអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ទៅដឹកយកឲ្យធ្វើចត្តាឡីស័កវិញ នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ។

ទោះបីជាសះស្បើយពីមន្ទីរពេទ្យហើយក៏ដោយ ក៏ខាងមន្ទីរពេទ្យបានអនុញ្ញាតឲ្យគាត់ចេញមកធ្វើចត្តាឡីស័កបន្ថែមទៀតរយៈពេល ១៤ថ្ងៃ នៅហ្នឹងផ្ទះខ្លួនឯង ឯរាជធានីភ្នំពេញ ដែលមានអាស័យដ្ឋានដូចនៅក្នុងសំបុត្រពេទ្យបានបញ្ជាក់ជូនស្រាប់ ដោយមិនទាន់អនុញ្ញាតឲ្យដើរចេញទៅក្រៅរហេតរហូតនោះឡើយ។

ជាមួយគ្នានោះដែរ គ្រូពេទ្យបានណែនាំឲ្យបុរសខាងលើ ត្រូវពាក់ម៉ាស លាងសម្អាតដៃ ជាមួយអាល់កុល ឬសាប៊ូរាល់ពេលបរិភោគ និងប៉ះផ្ទៃមុខ ត្រូវរក្សាគម្លាតសង្គម ហើយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ត្រូវមកជួបគ្រូពេទ្យ ដើម្បីធ្វើតេស្តសារឡើងវិញទៀតផង ប៉ុន្តែបុរសរូបនេះ បែរជារត់ទៅស្រុកកំណើត នៅខេត្តកំពង់ឆ្នាំងទៅវិញ៕

ប្រភព៖ Fresh News

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

បុរសល្មើសបម្រាបគ្រូពេទ្យ
បុរសល្មើសបម្រាបគ្រូពេទ្យ
ប័ណ្ណបញ្ជាក់ពីការអនុញាតិឱ្យចេញពីពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]