រាជធានីភ្នំពេញ៖ អនុប្រធានសេនាធិការ នៃអគ្គស្នងការនគរបាលជាតិ ជាឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក និងបក្សពួក២នាក់ទៀត ត្រូវបានកងកម្លាំងនគរបាលខណ្ឌមានជ័យ ក្រោមបញ្ជាពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ធ្វើការវាយខ្នោះ ដោយសារតែហ៊ានរៀបចំកម្មវិធីផឹកស៊ីរាំច្រៀង និង រហូតមានការលេងប៉ាតម្សៅ ជូនអ្នកជួលបន្ទប់របស់គាត់ជាច្រើនអ្នកទៀតផង។
ហេតុការណ៍នេះ កើតឡើងចំពេលដែលប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ កំពុងទទួលរងនូវការវាយលុកពីជំងឺកូវីដ១៩ ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បានប្រាប់ឱ្យដឹងថា៖ នៅវេលាម៉ោង ២១៖៣០នាទី ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចតំបន់ផ្ទះជួលលេខ៥៨ ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយកម្លាំងអន្តរគមន៍របស់អគ្គស្នងការនគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ រួមមាន៖
១. ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីទោ។
២.ឈ្មោះ ឡាយ ភារុណ ភេទប្រុស ២៨ ឆ្នាំ មុខរបរបំរើការងារនៅផ្ទះអ៊ុង ចាន់ធួក។
៣. ឈ្មោះ កុក ឃី ភេទប្រុស៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះអ៊ុង ចាន់ធួក។ ហើយមនុស្សមួយចំនួនទៀត បានរត់ចូលផ្ទះជួលអស់ ពេលសមត្ថកិច្ចទៅដល់។
យោងតាមរបាយការណ៍ដដែល បានឱ្យដឹងទៀតថា ជនទាំង៣នេះ បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋចន្លោះពី៣០ ទៅ៤០ នាក់ ដែលស្នាក់នៅផ្ទះជួលរបស់ អ៊ុង ចាន់ធួក ផឹកស៊ី រាំច្រៀង លេងប៉ាតម្សៅ នៅទីតាំងផ្ទះជួលកើតហេតុ។
បុរសទាំង៣ នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលចាប់បញ្ជូនឡើងរថយន្ត បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]