ចិន៖ មន្ត្រីធនាគារកណ្តាលរបស់ចិនបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិនកំពុងព្យាយាមឱ្យអត្តពលិកនិងភ្ញៀវទេសចរបរទេស ប្រើរូបិយប័ណ្ណឌីជីថលរបស់ខ្លួន ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងាទីក្រុងប៉េកាំងនៅឆ្នាំ2022។
វាអាចជាការសាកល្បងលើកដំបូងសម្រាប់រូបិយប័ណ្ណឌីជីថលរបស់ចិន ជាមួយអ្នកប្រើប្រាស់អន្តរជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Li Bo អភិបាលរងនៃធនាគារប្រជាជនចិន (PBOC) ក៏បាននិយាយផងដែរថា គោលបំណងនៃប្រាក់យ័នឌីជីថលឬ e-CNY (លុយយ័នចិនអេឡិចត្រូនិក) មិនមែនដើម្បីជំនួសឥទ្ធិពលរបស់ដុល្លារអាមេរិកនៅលើឆាកអន្តរជាតិទេ។
ធនាគារ PBOC បានចាប់ផ្តើមស្រាវជ្រាវលើប្រាក់យ័នឌីជីថលក្នុងឆ្នាំ2014 ហើយថ្មីៗនេះបានចាប់ផ្តើមគម្រោងសាកល្បងមួយចំនួននៅជុំវិញប្រទេសចិន ដែលអនុញ្ញាតឱ្យអ្នករស់នៅក្នុងទីក្រុងនានារួមមានទីក្រុងសិនជិននិងទីក្រុងប៉េកាំង សាកល្បងរូបិយប័ណ្ណនៅតាមកន្លែងលក់ទំនិញនានា។ ប្រាក់យ័នឌីជីថល e-CNY មានគោលដៅជំនួសសាច់ប្រាក់និងកាក់ក្នុងចរាចរ និងជំរុញការទូទាត់ដោយគ្មានសាច់ប្រាក់នៅក្នុងប្រទេសចិន។ វាមិនមែនជា cryptocurrency និងមិនត្រូវបានបង្កើតឡើងដូច bitcoin នោះទេ។
លោក Li បាននិយាយនៅក្នុងវេទិកាមួយដែលរៀបចំដោយ CNBC ថា សម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនាពេលខាងមុខនេះ ចិននឹងព្យាយាមដាក់ e-CNY ឱ្យប្រើមិនសម្រាប់តែអ្នកប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អត្តពលិកអន្តរជាតិនិងភ្ញៀវទេសចរផងដែរ។
អភិបាលរងរូបនេះក៏បាននិយាយផងដែរថា មិនទាន់មានពេលវេលាច្បាស់លាស់សម្រាប់ការដាក់ឱ្យប្រើប្រាក់យ័នឌីជីថលនៅទូទាំងប្រទេសនៅឡើយទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]