ម្ហូបអាហារខ្មែរយើង ជាទូទៅ មានដាក់គ្រឿងផ្សំច្រើន ដើម្បីឲ្យមានរសជាតិមុតឆ្ងាញ់ពេលញ៉ាំទៅ ហើយគ្នាយើងមួយចំនួនចូលចិត្តញ៉ាំអាហារផ្អែម ប្រៃខ្លាំង ឬមានខ្លាញ់ច្រើន។ យើងគួរដឹងថា អាហារផ្អែមពេក ប្រៃពេក និងអាហារខ្លាញ់ច្រើនមិនមែនជាមិត្តល្អសម្រាប់សុខភាពយើង ពិសេសសុខភាពបេះដូងនោះទេ។
គ្រោះថ្នាក់នៃអាហារផ្អែមចំពោះបេះដូង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការបន្ថែមស្ករច្រើនពេកទៅក្នុងអាហារអាចជាការគំរាមកំហែងដ៏ធំបំផុតមួយចំពោះសុខភាពយើង។ ស្ករទាំងអស់ ជាផ្នែកមួយនៃគ្រួសារកាបូអ៊ីដ្រាត និងផ្តល់ថាមពល ៤ កាឡូរី/ក្រាម។ ស្ករមិនមានសារធាតុចិញ្ចឹមអ្វីទេ បើយើងញ៉ាំវាតែឯង។ នៅពេលដែលយើងញ៉ាំស្ករច្រើនពេក ថ្លើមនឹងត្រូវផលិតអាំងស៊ុយលីន នាំជាតិស្ករលើសត្រូវចូលក្នុងកោសិការាងកាយ ដើម្បីប្រើប្រាស់ជាថាមពលវិញ។ ចំពោះគ្នាយើងធន់នឹងអាំងស៊ុយលីន ជាតិស្ករដែលលើសនោះមិនត្រូវបានចូលក្នុងកោសិការាងកាយទេ ហេតុនេះកម្រិតជាតិស្ករក្នុងឈាមកើនឡើង អាចក្លាយជាហានិភ័យដល់សុខភាពបេះដូង។
វិធីបញ្ចុះជាតិស្ករក្នុងឈាម៖ ញ៉ាំស្ករតិចជាង៦ស្លាបព្រាកាហ្វេ/ថ្ងៃ ចៀសវាងផឹកភេសជ្ជៈមានជាតិស្ករលើស៥% ញ៉ាំផ្លែឈើមានជាតិស្ករទាបដូចត្របែក ល្ហុង ប៉ោមបៃតង។ល។
គ្រោះថ្នាក់នៃអាហារប្រៃចំពោះបេះដូង
ខ្មែរយើងនិយមប្រើទឹកត្រី ឬអំបិលពេលចម្អិនអាហារប្រចាំថ្ងៃ។ តែការញ៉ាំអាហារមានផ្ទុកជាតិប្រៃខ្លាំងពេក អាចធ្វើឲ្យយើងប្រឈមនឹងលើសសម្ពាធឈាម ជំងឺតម្រងនោម និងកើតជំងឺបេះដូង។ ត្បិតនៅក្នុងអំបិលផ្ទុកសូដ្យូមដែលចាំបាច់សម្រាប់រាងកាយមនុស្សយើង តែអ្នកជំនាញណែនាំឲ្យយើងកាត់បន្ថយកម្រិតសូដ្យូមដែលយើងញ៉ាំជាប្រចាំ។ កាលណាយើងញ៉ាំសូដ្យូមច្រើនពេកអាចបង្កើនសម្ពាធឈាម និងបណ្តាលឲ្យរាងកាយទប់ទល់នឹងសារធាតុរាវ។ ជំងឺលើសសម្ពាធឈាម ជាកត្តាហានិភ័យចម្បងសម្រាប់ជំងឺគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងបញ្ហាសរសៃឈាមបេះដូងដទៃទៀត។
វិធីកាត់បន្ថយការញ៉ាំសូដ្យូម៖ ញ៉ាំជាតិសូដ្យូម (អំបិល) តិចជាង១ស្លាបព្រាកាហ្វេ/ថ្ងៃ ចៀសវាងថែមទឹកត្រី ឬអំបិលក្នុងអាហារ បន្ថយការញ៉ាំអាហារផ្អាប់ នំកញ្ចប់ និងអាហារកែច្នៃ។ល។
គ្រោះថ្នាក់នៃអាហារខ្លាញ់ច្រើនចំពោះបេះដូង
ជាតិខ្លាញ់ ក៏សំខាន់មួយនៃរបបអាហាររបស់យើង។ ក្នុងអាហារយើងញ៉ាំរាល់ថ្ងៃចាំបាច់ត្រូវមានជាតិខ្លាញ់ខ្លះ ប៉ុន្តែបើយើងញ៉ាំច្រើនពេកក៏មិនល្អសម្រាប់សុខភាពដែរ។ អាហារដែលមានជាតិខ្លាញ់ឆ្អែតជាប់ទាក់ទងនឹងសុខភាពបេះដូងខ្សោយ បង្កើនជាតិកូឡេស្ដេរ៉ូលខ្ពស់ បង្កើនខ្លាញ់អាក្រក់ LDL និង បន្ថយខ្លាញ់ល្អ HDLក្នុងរាងកាយ។
វិធីកាត់បន្ថយការញ៉ាំជាតិខ្លាញ់៖ ញ៉ាំអាហារខ្លាញ់តិចជាង ២០ក្រាម/ថ្ងៃ ចៀសវាងអាហារបំពង ចៀន ឬអាហារផ្ទុកខ្លាញ់ឆ្អែត ចៀសវាងអាហារប្រើខ្លាញ់ចាស់ (ខ្លាញ់ធ្លាប់ប្រើម្ដងហើយ យកមកប្រើម្ដងទៀត)។ល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]