នៅពេលឈានចូលដល់វ័យ៣០ឆ្នាំ ស្រីៗយើងអាចនឹងសង្កេតឃើញការប្រែប្រួល នៃស្បែកមួយចំនួនដូចជាស្បែកស្ងួត មានស្នាមខ្មៅក្រោមភ្នែក ការបំផ្លាញដោយកម្ដៅថ្ងៃ និងស្នាមជ្រីវជ្រួញ។ ពិតណាស់ ស្បែករបស់យើងត្រូវការការថែទាំជាពិសេសនៅក្នុងវ័យនេះ ដូច្នេះហើយ យើងចាំបាច់ត្រូវបង្កើតទម្លាប់ថែទាំស្បែកដែលស័ក្ដិសមបំផុត។ នៅពេលយប់ ស្បែកស្ថិតនៅក្នុងដំណើរការជួសជុលខ្លួនឯងតាមបែបធម្មជាតិ ដើម្បីព្យាបាលស្បែកពីខាងក្នុង។
ទម្លាប់ថែទាំស្បែកខាងក្រោមនេះ មានភាពសាមញ្ញ និងមានប្រសិទ្ធភាពខ្ពស់ ដែលស្រីៗយើងមិនគួររំលងឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. លាងជម្រះគ្រឿងតុបតែងមុខ
មុនពេលចូលគេង ការលាងជម្រះគ្រឿងតុបតែងមុខទាំងអស់ចេញពីផ្ទៃមុខ គឺជារឿងសំខាន់បំផុត។ យ៉ាងណាមិញ ប្រសិនបើយើងមិនលាងជម្រះគ្រឿងតុបតែងមុខទេនោះ វាអាចបង្អាក់ដំណើរការនៃការជម្រុះកោសិកាចាស់ៗបែបធម្មជាតិ និងបណ្ដាលឲ្យស្បែកត្រូវបានបំផ្លាញនៅអំឡុងពេលយប់។ ជាក់ស្ដែង ស្បែករបស់យើងនឹងធ្វើការជួសជុលខ្លួនឯងនៅពេលយប់ ហើយការគេងដោយមិនលាងជម្រះគ្រឿងតុបតែងមុខ អាចរារាំងដំណើរការនេះ។ ហេតុនេះហើយ ចូរឲ្យស្បែកដកដង្ហើមត្រឹមត្រូវ ដោយការលាងសម្អាតផ្ទៃមុខឲ្យបានសព្វល្អ។
២. លាងដោយប្រើហ្វូម ឬគ្រីម
ក្រោយពេលលាងជម្រះគ្រឿងតុបតែងមុខ ស្រីៗយើងគប្បីជ្រើសរើសហ្វូមលាងមុខដែលស័ក្ដិសមទៅនឹងប្រភេទស្បែក។ គ្នាយើងប្រហែលបានលាងសម្អាតផ្ទៃមុនរួចហើយ ប៉ុន្តែដំណាក់កាលនេះគឺទាមទារឲ្យយើងលាងសម្អាតទ្វេដង ដោយជំហានទី១ ចូរប្រើហ្វូមលាងមុខដែលមានជាតិប្រេង ដូចជាប្រេងលាងមុខឬគ្រីមលាងមុខ ដើម្បីលាងជម្រះគ្រឿងតុបតែងមុខ ឬការកកើតឡើងនៃប្រេង។ បន្ទាប់មក ទើបលាងជម្រះជាមួយហ្វូមលាងមុខ នឹងទឹកស្អាត។ ជាទូទៅ ការលាងសម្អាតបែបនេះមានសារសំខាន់ខ្លាំងណាស់ ដើម្បីកម្ចាត់ចោលធូលី ជាតិប្រេងលើស និងភាពកខ្វក់ដែលតោងជាប់ស្បែកអំឡុងពេលថ្ងៃដែលអាចបណ្ដាលឲ្យស្ទះរន្ធញើស។
៣. ប្រើទឹកជូតមុខផ្ដល់សំណើមបានល្អ
ជំហានបន្ទាប់គឺការប្រើទឹកជូតមុខ ដើម្បីបន្ថែមជាតិទឹកដល់ស្បែករបស់យើង។ ចូរចាក់ទឹកជូតទៅលើសំឡីជូតមុខ រួចយកមកជូតថ្នមៗ រហូតដល់វាជ្រាបចូលទៅក្នុងស្បែកបានល្អមុនពេលប្រើប្រាស់ផលិតផលថែទាំស្បែកផ្សេងទៀត។
៤. លាបសេរ៉ូមបំប៉នស្បែកមុខ
សេរ៉ូមគឺជាផលិតផលថែទាំស្បែកដ៏ល្អមួយ ដែលយើងគប្បីបញ្ចូលទៅក្នុងទម្លាប់ថែទាំស្បែកជារៀងរាល់យប់។ ប្រសិនបើស្រីៗយើងជ្រើសរើសសេរ៉ូមដែលស័ក្ដិសមនឹងប្រភេទស្បែក វានឹងផ្ដល់គុណប្រយោជន៍ដ៏ច្រើនចំពោះស្បែកដូចជា ជួយកាត់បន្ថយស្នាមជ្រីវជ្រួញ ការពារស្បែកពីពពួករ៉ាឌីកាល់សេរី ការបំផ្លាញពីកម្ដៅថ្ងៃ និងជាតិពុលផ្សេងៗ។
៥. លាបគ្រីមការពារក្រោមភ្នែក
ការធ្វើចលនាភ្នែកជាញឹកញាប់អាចពន្លឿនដំណើរការនៃការវិវត្តទៅរកស្នាមជ្រីវជ្រួញបានយ៉ាងឆាប់រហ័ស។ ដូច្នេះហើយ ស្រីៗយើងចាំបាច់ត្រូវថែទាំបរិវេណដែលងាយរងគ្រោះ ដោយការលាបគ្រីមការពារក្រោមភ្នែក ដែលអាចជួយពន្យារភាពចាស់ កាត់បន្ថយស្នាមជ្រីវជ្រួញ និងរក្សាភាពយឺតនៃស្បែកត្របកភ្នែក។
៦. គ្រីមផ្ដល់សំណើម ឬគ្រីមលាបពេលយប់
នៅពេលដែលយើងមានវ័យកាន់តែចាស់ទៅ ស្បែករបស់យើងកាន់តែពិបាកក្នុងការរក្សាជាតិទឹក។ ដូច្នេះហើយ ការប្រើប្រាស់គ្រីមផ្ដល់សំណើមដែលមានសភាពស្រាល និងមិនស្អិត គឺជាជម្រើសដ៏ល្អបំផុត។ ការថែទាំស្បែកនៅពេលយប់ដោយប្រើគ្រីមផ្ដល់សំណើម ឬគ្រីមលាបពេលយប់ នឹងធ្វើឲ្យស្បែករបស់យើងទន់ល្មើយ ព្រមទាំងម៉ត់រលោងនៅពេលព្រឹកព្រលឹមថែមទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]