បរទេស៖ អង្គការណាសាបានប្រកាសពីសមិទ្ធិផលដ៏ធំមួយ ដែលពាក់ព័ន្ធនឹងយានស្រាវជ្រាវ Perseverance របស់ខ្លួនដែលបានចុះចតនៅលើភពអង្គារកាលពីខែកុម្ភៈ៖ គឺយាននេះបានបំលែងបរិយាកាសភពអង្គារទៅជាអុកស៊ីសែន បានដោយជោគជ័យ។ សមិទ្ធិផលនេះណាសាពន្យល់ថា អាចត្រួសត្រាយផ្លូវសម្រាប់ការផ្ទុកអុកស៊ីសែននៅលើភពអង្គារ ក៏ដូចជាអាចបង្កើតអុកស៊ីសែនសម្រាប់អវកាសយានិកដើម្បីដកដង្ហើមនៅភពនេះនាពេលអនាគតផងដែរ។

សមិទ្ធិផលថ្មីនេះអាចធ្វើទៅបានដោយសារឧបករណ៍ Mars Oxygen In-Situ Resource Utilization Experiment (MOXIE) ដែលអង្គការណាសាពិពណ៌នាថា ជាប្រព័ន្ធពិសោធន៍មួយដែលមានទំហំប៉ុនម៉ាស៊ីនអាំងនំបុ័ង។ ជោគជ័យនេះគឺជាការបង្ហាញថាបច្ចេកវិទ្យានេះអាចបំលែងបរិយាកាសកាបូនឌីអុកស៊ីតរបស់ភពអង្គារ ទៅជាអុកស៊ីសែនបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឧបករណ៍ MOXIE

ទោះបីជាការខិតខំប្រឹងប្រែងនេះ នៅថ្ងៃណាមួយអាចធ្វើឱ្យអវកាសយានិកអាចដកដង្ហើមនៅភពព្រះអង្គារបានមែន តែអង្គការណាសាថាវាអាចប្រើបានក្នុងផ្លូវផ្សេងទៀត។ អង្គការណាសាចង្អុលបង្ហាញថា រ៉ុក្កែតពឹងផ្អែកលើអុកស៊ីសែនដើម្បីដុតឥន្ធនៈ ដូច្នេះបច្ចេកវិទ្យានេះនាពេលអនាគតវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំអវកាសយានិកចេញពីភពអង្គារ នៅពេលបេសកកម្មរបស់ពួកគេបានបញ្ចប់។

ទោះជាយ៉ាងណាក៏ដោយ ឧបករណ៍ MOXIE ទំហំតូចបែបនេះមិនអាចបំពេញតម្រូវការនៃបេសកកម្មនាពេលអនាគតបានទេ ប៉ុន្តែទីភ្នាក់ងារអវកាសណាសាបាននិយាយថាកំណែធំជាងនេះនិងមានកម្លាំងខ្លាំងជាងនេះ នឹងអាចផលិតបរិមាណអុកស៊ីសែនបានគ្រប់គ្រាន់សម្រាប់អវកាសយានិកនិងបង្ហោះយានអវកាសបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]