យល់ដឹង៖ មនុស្សម្នាក់ៗតែងតែចង់ធ្វើឲ្យជីវិតរបស់ខ្លួនល្អប្រសើរជាងមុន ប៉ុន្តែនៅពេលដែលអ្នកមានពេលទំនេរច្រើនពេក អាចធ្វើឲ្យមានការអផ្សុក ហើយពេលអផ្សុកអ្នកតែងតែចំណាយពេលទាំងនោះទៅធ្វើសកម្មភាពមួយចំនួនដែលជួយកំដរអារម្មណ៍របស់អ្នកល្អ អ្នកខ្លះចូលចិត្តលេងGameតាមរយៈទូរស័ព្ទដៃ អ្នកខ្លះចូលចិត្តលេងប្រព័ន្ធ social media ឬប្រើពេលវេលានោះទៅមើលរឿងភាគជាដើម។

សកម្មភាពទាំងនេះវាអាចជួយឲ្យយើងកម្សាន្តអារម្មណ៍បានក៏ពិតមែន ប៉ុន្តែបើយើងធ្វើសកម្មភាពទាំងនោះដដែលៗជារៀងរាល់ថ្ងៃ បង្កើតបានជាទម្លាប់ ហើយទម្លាប់ទាំងអស់នេះនឹងបំផ្លាញពេលវេលាដ៏មានតម្លៃរបស់អ្នកដោយមិនដឹងខ្លួន។ ជាពិសេសនៅក្នុងកំឡុងពេលរក្សាគម្លាតសង្គមនេះ ជាពេលដែលអ្នកសល់ពេលទំនេរច្រើន បើអ្នកពេលទំនេរទាំងនោះទៅធ្វើសកម្មភាពកម្សាន្តដូចខាងលើ វានឹងធ្វើឲ្យអ្នកក្លាយជាមនុស្សខ្ជិលហើយមិនចង់ធ្វើកិច្ចការអ្វីទាំងអស់ ចង់តែនៅមួយកន្លែង ពេលខ្លះការខ្ចិលនៅមួយកន្លែងអាចធ្វើឲ្យអ្នកគិតច្រើនឈានទៅដល់ការស្មុគស្មាញ Stress ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពេលវេលាមិនចាំយើងទេ យើងនៅតែមួយកន្លែង តែពេលវេលាមិននៅមួយកន្លែងនោះទេ គឺវាតែងតែដើរទៅមុខរហូត ដូចនេះបើយើងមិនប្រើពេលវេលាដែលយើងមានទាំងនោះឲ្យមានប្រយោជន៍ទេ យើងនឹងមិនដើរទៅមុខនោះឡើយ ហើយអាចនឹងស្ដាយក្រោយទៀតផង។ អ្នកខ្លះមិនមែនខ្ជះខ្ជាយពេលវេលានោះទេ តែមកពីមិនចេះប្រើពេលវេលា ឬប្រើពេលវេលាខុស ទៅចំណាយរឿងឥតបានការទៅវិញ អ្នកខ្លះធ្វើរឿងឥតប្រយោជន៍ហើយធ្វើឲ្យខ្លួនឯងមិនសប្បាយទៀតផង។ ដើម្បីកែខ្លួនឲ្យប្រសើរឡើង គឺចាប់ផ្ដើមពីការកែទម្លាប់៖

១. ទម្លាប់សម្អាតផ្ទះ

រូបតំណាង

អ្នកណាៗក៏ចង់ឲ្យផ្ទះស្អាតមានអនាម័យដែរ ដូចនេះអ្នកត្រូវសម្អាតផ្ទះ ចាប់ផ្ដើមពីការបោសច្រាស់ក្នុងផ្ទះ រហូតទៅដល់ក្នុងបន្ទប់គេង។ បន្ទប់គេងជាកន្លែងដែលយើងត្រូវសម្អាតជាប្រចាំដើម្បីកុំឲ្យមានមេរោគ អ្នកត្រូវបោកស្រោមពូក ស្រោមខ្នើយ វាំងននមួយសប្ដាហ៍ឲ្យបាន២ដង។ បោសសម្អាត រើរបស់ចាស់ៗដែលអ្នកឈប់ប្រើចោសឲ្យអស់ វាជួយឲ្យផ្ទះទូលាយជាមុននិងបរិយាកាសកាន់តែល្អ។ កាលណាផ្ទះស្អាត ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយនិងមិនហត់នឿយក្នុងការបន្តធ្វើវាជារាល់ថ្ងៃ វាជាទម្លាប់មួយដ៏ល្អដែលមនុស្សគ្រប់គ្នាត្រូវតែមាន។

២. ទម្លាប់ធ្វើម្ហូប

រូបតំណាង

បើសិនជាអ្នកមិនទាន់ចេះធ្វើម្ហូបទេនោះ ពេលនេះជាឱកាសដ៏ល្អដើម្បីក្លាយជាមេផ្ទះដែលអាចធ្វើម្ហូបដែលខ្លួនឯងចូលចិត្ត ឬធ្វើឲ្យក្រុមគ្រួសារទទួលទាន វាក៏អាចជួយឲ្យយើងចំណាយតិចជាងមុននិងមិនអផ្សុក។ លើសពីធ្វើម្ហូប អ្នកក៏អាចរៀនធ្វើបង្អែម ធ្វើនំផ្សេងៗ តាមរយៈម្ដាយ បងប្អូនឬរៀនតាមការមើលទូរស័ព្ទដៃផងដែរ។

៣. ទម្លាប់រៀន

រូបតំណាង

ការរៀនសូត្រមិនមែនសំដៅទៅលើរៀនតែមួយមុខនោះទេ គឺសំដៅលើរៀនពីអ្វីៗនៅជុំវិញខ្លួនយើង រៀនពីអ្វីដែលយើងមិនទាន់ដឹង រៀននៅអ្វីដែលយើងមិនទាន់ចេះ រៀនឲ្យចេះទាំងចំណេះដឹងនិងចំណេះធ្វើ។ រៀនភាសា បើសិនជាអ្នកចង់ចេះភាសាបន្ថែមមួយមុខទៀត កុំទុកពេលវេលាចោលអី​ យកទៅរៀនភាសាអ្វីមួយដែលអ្នកចង់ ចាប់ផ្ដើមពីចំនុចសូន្យ រៀនរាល់ថ្ងៃរហូតដល់អ្នកអាចប្រើប្រាស់ភាសានោះបាន។ បើសិនជាអ្នកមិនដឹងចាប់ផ្ដើមពីណាទៅមុន អ្នកអាចរៀនចាប់ពីការសរសេរព្យព្ជានៈ ស្រៈ និងអនុវត្តជារៀនរាល់ថ្ងៃធ្វើឲ្យក្លាយជាទម្លាប់ ហើយទម្លាប់មួយនេះនឹងធ្វើឲ្យអ្នករីកចម្រើននៅថ្ងៃអនាគត។

៤. ទម្លាប់អាន

រូបតំណាង

ការអាន មិនត្រឹមតែជួយឲ្យអ្នកបំបាត់ការអផ្សុកនោះទេ វាថែមទាំងជួយពង្រឹកចំណេះដឹងបន្ថែមឲ្យអ្នកចេះដឹងកាន់ល្អ អានច្រើនចេះច្រើន។ ទោះបីជាអ្នកអានសៀវភៅអ្វីក៏ដោយ​ មិនថាសៀវភៅទាក់ទងនឹងចំណេះដឹងទូទៅឬសៀវភៅរឿងប្រលោមលោកនោះទេ វានៅតែអាចជួយស្មារតីការអាន ការសរសេរ ការប្រកបឲ្យប្រសើរជាងមុន។ បើសិនជាអ្នកអានសៀវភៅជាភាសាបរទេសផងនោះ វាកាន់តែជួយអ្នកបានច្រើនយ៉ាងណាស់ ដោយអ្នកអាចអនុវត្តចំណេះដឹងផ្នែកភាសារបស់អ្នកឲ្យកាន់តែមានការអភិវឌ្ឍ។

៥. ទម្លាប់ហាត់ប្រាណ

រូបតំណាង

ការហាត់ប្រាណគឹជាទម្លាប់ដ៏ល្អបំផុត វាជួយឲ្យសុខភាពល្អ រឹងមាំ ធន់នឹងជម្ងឺ ជាពិសេសការហាត់ប្រាណនៅពេលព្រឹកព្រលឹម វាជួយឲ្យយើងបែកញើសបញ្ចេញជាតិពុលនិងរាងកាយស្រស់ស្អាត។ វាកាន់តែប្រសើរបើសិនជាអ្នកធ្វើការហាត់ប្រាណតាមរយៈការរត់ ការដើរ ឬធ្វើចលនាលំហាត់ប្រាណផ្សេងៗជាប្រចាំ។

៦.  ទម្លាប់ថែរក្សាសម្រស់

រូបតំណាង

មនុស្សយើងគ្មានអ្នកណាមិនស្រលាញ់សម្រស់ គ្មានអ្នកណាមិនចង់ស្អាតនោះ រឹតតែមិនចង់ឲ្យគេថាខ្លូនមិនស្អាតទៀត​ ការថែរក្សាសម្រស់ឲ្យសាច់ស្អាត សាច់ចាំ ក្មេងជាងវ័យ ត្រូវការរយៈពេលយូរមិនមែនថែស្បែកតែប៉ុន្មានថ្ងៃស្អាតនោះទេ អ្នកគិតទៅមើលថាខ្លួនឯងអាយុប៉ុន្មានហើយ បំផ្លាញពេលវេលាអស់យូរប៉ុណ្ណាហើយ ទោះបីអាយុប៉ុន្មានក៏មិនទាន់ហួសពេលដែរ ឲ្យតែពេលវេលានៅតែដើរទៅមុខអ្នកនៅតែអាចស្អាតបាន។ ចាប់ផ្ដើមនៅថ្ងៃនេះ ឲ្យក្លាយទៅជាទម្លាប់និងផ្ដោតលើខ្លួនឯងកុំឲ្យខ្ចិល ត្រូវស្រមៃដល់លទ្ធផលដែលហើយចង់បាននៅថ្ងៃមុខ មិនមែនបច្ចុប្បន្ននោះទេ។

៧.ស្វែងរកទេពកោសល្យពិតប្រាកដ

រូបតំណាង

មនុស្សម្នាក់ៗតែងតែមានចំណង់ចំណូលចិត្ត ឬ ទេពកោសល្យខុសៗគ្នា គឺចង់សម្ដៅដល់ការចេះធ្វើអ្វីមួយដោយស្វ័យប្រវិត្ត មិនចាំបាញ់មានគេបង្រៀន ឬហៅថា មានដុងឬទេពកោសល្យពីកំណើត ។ ហើយចំណង់ចំណូលចិត្តទាំងនោះជួយឲ្យយើងសប្បាយចិត្តនៅពេលដែលយើងបានធ្វើវា ឧទាហរណ៍ អ្នកចូលចិត្តគូគំនូរ ការគូគំនូរមិនមែនឥតប្រយោជន៍នោះទេ វាជាទម្លាប់ដ៏ល្អទៀតផង ព្រោះអ្នកមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការគូរអ្វីមួយឲ្យចេញជារូបរាង វាគ្រាន់តែជាទម្លាប់ធម្មតារបស់អ្នកក៏ពិតមែន តែបើអ្នកយកចិត្តទុកដាក់រៀននៅអ្វីដែលអ្នកចូលចិត្ត ផ្តោតទៅលើដុង ឬទេកោសល្យដែលមានតាំងពីកំនើត នោះអ្នកនឹងទទួលបានលទ្ធផលល្អទៅថ្ងៃអនាគត។​  

កុំភ្លេចបោះចោលទម្លាប់ចាស់ៗដែលធ្វើឲ្យជីវីតស្មុគស្មាញ ទៅចាប់យកទម្លាប់ថ្មី ប្រែក្លាយជីវីតថ្មីដ៏មានន័យចាប់ពីពេលនេះទៅ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]