ភ្នំពេញ: ពុកម៉ែ បងប្អូន និងប្រិយមិត្ត ដែលនិយមតាមដានព័ត៌មានសង្គម បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅ មានករណីបុរសម្នាក់ បានគេចពីការធ្វើចត្តាឡីស័កទៅចូលរួមពិធីមង្គលការនៅខេត្តកំពត ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែនៅថ្ងៃនេះ បុគ្គលឈ្មោះ លាន់ ឡា ហៅ ឡា នេះ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ដោយសារតែបុគ្គលនេះបានប្រព្រឹត្តខុសផ្ទុយទៅនឹងច្បាប់ហាមប្រាម និងបំរាមរបស់រដ្ឋាភិបាលដូចខាងក្រោម÷
១. ក្រោយពេល ធ្វើតេស្ដរកមេរោគកូវីដ-១៩ រួចហើយ គ្រូពេទ្យតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃនៅផ្ទះរង់ចាំលទ្ធផល តែបែរជាដើរហើរទៅស្ទឹម, ស្ប៉ា, ក្លឹបហាត់ប្រាណ និងទៅចូលរួមពិធីមង្គលការនៅខេត្តកំពតទៅវិញ
២. ក្រោយគ្រូពេទ្យទាក់ទងទៅប្រាប់ថា វិជ្ជមានកូវីដ-១៩ រួចមក បុគ្គលរូបនេះ បានបបួលមិត្តភក្តិចំនួន ៥នាក់ ជិះឡានត្រឡប់មកភ្នំពេញវិញ។
យ៉ាងណាមិញ អំពើល្មើសរបស់បុគ្គលឈ្មោះ លាន់ ឡា បានធ្វើឲ្យប្រជាពលរដ្ឋចំនួន ២០០នាក់ ត្រូវធ្វើចត្តាឡីស័ក និងមនុស្សចំនួន ៣នាក់ ជិះឡានជាមួយនៅពេលនោះ ឆ្លងមេរោគកូវីដ១៩។
សូមបញ្ជាក់ផងដែរថាផ្អែកលើ មាត្រា៩ នៃច្បាប់ បទចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ បុគ្គលដែលល្មើសនឹងច្បាប់នេះ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ។
ដោយឡែកផ្អែកលើមាត្រា១៣ និងកថាខណ្ឌ ៣ និងមាត្រា ២២ នៃអនុក្រឹត្យស្តីពីច្បាប់ដដែលនេះបុគ្គលដែល មិនអនុវត្តកាតព្វកិច្ចក្នុងពេលធ្វើចត្តាឡីស័កនឹងត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ៥ សែនរៀល ទៅ ២លានរៀល៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]