ក្នុងកាលៈទេសៈរាជរដ្ឋាភិបាលចេញវិធានការបិទខ្ទប់ទីក្រុងដើម្បីទប់ស្កាត់ការរាលដាលវីរុសកូវីដ១៩ បានតម្រូវឲ្យប្រជាពលរដ្ឋនៅក្នុងផ្ទះ មិនត្រូវចេញក្រៅបើមិនចាំបាច់។ ការនៅក្នុងផ្ទះយូរថ្ងៃអាចធ្វើឲ្យគ្នាយើងមានអារម្មណ៍តប់ប្រមល់ និងអាចកើតស្រេ្ដសផងដែរ។
វិធីសាស្រ្តដែលល្អក្នុងការធ្វើឲ្យខ្លួនយើងធន់នឹងស្ថានភាពពេលនេះបានគឺការថែទាំសុខភាពរបស់យើងឲ្យរឹងមាំ មិនមានបញ្ហាស្ត្រេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ហាត់ប្រាណ និងញ៉ាំអាហារល្អចំពោះសុខភាព
វាជាការសំខាន់ណាស់ដែលយើងត្រូវបញ្ចេញញើសក្នុងអំឡុងពេលនៅតែក្នុងផ្ទះនេះ វាមិនត្រឹមតែជួយឲ្យរាងកាយយើងមានសុខភាពល្អទេ តែការហាត់ប្រាណក៏ជួយកាត់បន្ថយស្ត្រេសផងដែរ។ ការហាត់ប្រាណបានជាប្រចាំត្រឹម៣០នាទីក្នុងមួយថ្ងៃ ក៏ជួយឲ្យយើងមានអារម្មណ៍ល្អ។ ក្រៅពីការហាត់ប្រាណ គ្នាយើងក៏គួរគេងឲ្យបានគ្រប់គ្រាន់ចន្លោះពីប្រាំពីរទៅប្រាំបីម៉ោងក្នុងមួយយប់។
ដូចគ្នាដែរ ក្នុងពេលនេះ យើងគួរកាត់បន្ថយការញ៉ាំអាហារកែច្នៃច្រើន ហើយងាកមកញ៉ាំបន្លែ ផ្លែឈើ និងផឹកទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីជួយឲ្យប្រព័ន្ធភាពស៊ាំរបស់យើងរឹងមាំ អាចប្រឆាំងនឹងជំងឺផ្សេងៗបាន។
២. រក្សាទំនាក់ទំនង
ថ្វីបើយើងមិនអាចចេញទៅណាបាន តែយើងនៅមានបណ្ដាញសង្គមសម្រាប់ទាក់ទងជាមួយគ្រួសារបាន។ ការចែករំលែកក្ដីកង្វល់ ជាមួយនរណាម្នាក់ ឬគ្រួសារ នឹងជួយយើងកាត់បន្ថយអារម្មណ៍តានតឹងបាន។ យ៉ាងណា គ្នាយើងត្រូវចាំថា ថ្វីបើយើងអាចប្រើបណ្ដាញសង្គមសម្រាប់ទាក់ទងគ្នាមែន តែក៏មិនគួរប្រើច្រើនពេកដែរ ព្រោះអាចនាំឲ្យយើងមានអារម្មណ៍មិនល្អ ពេលឃើញព័ត៌មានច្រើនពីកូវីដ១៩។
៣. បង្កើតភាពរីករាយក្នុងគ្រួសារ
ទោះមិនអាចចេញក្រៅបាន ក៏យើងមិនត្រូវភ្លេចការបង្កើតសកម្មភាពសប្បាយក្នុងគ្រួសារដែរ។ ការសម្រាក ញ៉ាំកាហ្វេជាមួយសមាជិកគ្រួសារ ជជែកពីនេះពីនោះ ឬលេងជាមួយកូន សុទ្ធតែអាចជួយសម្រួលអារម្មណ៍កុំឲ្យយើងគិតតែរឿងកូវីដ១៩ នាំឲ្យស្ត្រេសកាន់តែខ្លាំង។
៤. កុំអានព័ត៌មានកូវីដ១៩ ច្រើនពេក
ការតាមដានព័ត៌មានកូវីដ១៩ ច្រើនពេកអាចនាំឲ្យយើងកើតស្ត្រេស និងអាចហត់នឿយផងដែរ។ មួយវិញទៀត នៅលើបណ្ដាញសង្គមអាចមានការផ្សាយពាក្យចចាមអារ៉ាមច្រើនទាក់ទងនឹងកូវីដ១៩ ដែលនាំឲ្យយើងអានច្រើនកាន់តែមានអារម្មណ៍មិនល្អ។ ក្នុងចំណុចនេះ យើងគួរចេះជ្រើសរើសព័ត៌មានសម្រាប់អាន នឹងប្រាកដថាជាព័ត៌មានមានប្រភពច្បាស់លាស់ និងជឿជាក់បាន។ ផ្ទុយពីតាមដានបញ្ហាកូវីដ១៩ ច្រើន ចូរងាកមកតាមដានព័ត៌មាននិយាយពីសុខភាព និងអានព័ត៌មានណាដែលមើលទៅហាត់ផ្ដល់កម្លាំងចិត្តដល់យើង ជាជាងឃើញតែពីបញ្ហាបង្កដោយកូវីដ១៩។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]