អន្តរជាតិ៖ អ្នកជំនាញសុខាភិបាលជាច្រើនបានព្រមានថា ប្រទេសហ្វីលីពីន អាចប្រឈមការកើនឡើងយ៉ាងគំហុកនៃការឆ្លងវីរុសកូវីដ១៩ ដូចនឹងប្រទេសឥណ្ឌាផងដែរ ខណៈដែលរបាយការណ៍នៃអ្នកជំងឺកូវីដ១៩ ដ៏ច្រើនលើសលប់បានប្រជ្រៀតចូលមន្ទីរពេទ្យតាមផ្នែកនានានៃទីក្រុងម៉ានីល ដែលចំនួននៃការឆ្លងវីរុសដ៏កំណាចនេះ កើនឡើងលើស ១លានករណីហើយ។

លោកវេជ្ជបណ្ឌិត Rodrigo Ong អ្នកជំនាញស្រាវជ្រាវ OCTAឯករាជ្យ បានធ្វើការព្យាករណ៍ពីការរីករាលដាលនៃវីរុសកូវីដ១៩ ថា ប្រទេសហ្វីលីពីនឥឡូវនេះកំពុងស្ថិតនៅចំណុចឆ្លង ដែលមានករណីឆ្លង ប្រហែល ១០.០០០ ករណីក្នុងមួយថ្ងៃដែលប្រទេសឥណ្ឌាបានឈានដល់ ពេលអាជ្ញាធរឥណ្ឌានៅទីនោះបានធ្វើការសម្រេចចិត្តដកការរឹតត្បិតលើការប្រមូលផ្តុំគ្នាធំ ៗ ព្រោះពួកគេគិតថាវីរុសនេះត្រូវបានគ្រប់គ្រង។
លោកវេជ្ជបណ្ឌិត Ong បានមានប្រសាសន៍ថា ការរាតត្បាតនៃវីរុសកូវីដ១៩ នៅក្នុងប្រទេសហ្វីលីពីន គឺស្ថិតនៅក្នុងស្ថានភាពកាន់តែផុយស្រួយនៅថ្ងៃអង្គារនេះ ដោយសារតែ ៨០ភាគរយនៃការប្រើប្រាស់គ្រែនៅក្នុងមន្ទីរពេទ្យនៅទូទៅប្រទេស គឺសុទ្ធតែអ្នកជំងឺកូវីដ១៩។

លោកបន្តថា៖ ពេលដែលយើងឈានដល់ចុងខែមេសានេះ លទ្ធភាពនៃការបន្ធូរបន្ថយនៃការដាក់រឹតបន្តឹង សភាពផុយស្រួយបែបនេះ អាចធ្វើឱ្យបាត់បង់សមត្ថភាពទប់ទល់លែងជាប់ទាំងស្រុង។
យោងតាមតួលេខក្រសួងសុខាភិបាលរបស់ហ្វីលីពីន បានបង្ហាញថា ករណីនៃការឆ្លងថ្មីនៅថ្ងៃអង្គារនេះ មានចំនួន ៧,២០៤ករណី ដែលថយចុះពីករណីប្រចាំថ្ងៃប្រមាណ ១៥,៣១០ ករណី នៅថ្ងៃទី២ ខែមេសា។
ប៉ុន្តែយ៉ាងណា អង្គការស្រាវជា្រវ OCTA បាននឹងកំពុងអំពាវនាវឱ្យមានការបិទប្រទេស(Lockdown) ដូចជាការរឹតបន្តឹងឡើងវិញ ដើម្បីឱ្យចំនួននៃការឆ្លងថ្មីថយចុះ និង បន្ថយសម្ពាធទៅលើក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលជាដើម។
លោកបណ្ឌិត Anthony Leachon អតីតទីប្រឹក្សាក្រុមការងារ Covid-19 របស់រដ្ឋាភិបាល ដែលត្រូវបានបណ្តេញចេញដោយសារការរិះគន់យ៉ាងបើកចំហរចំពោះការរាតត្បាតយ៉ាងគំហុកនៃវីរុសនៅក្នុងទីក្រុងម៉ានីល បានប្រាប់សារព័ត៍មាន This week in Asia ថាការរឹតត្បិតប្រហែលជាមិនគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការកើនឡើងនៃការឆ្លងថ្មីទេ ហើយការចាក់វ៉ាក់សាំងគឺជាទប់ស្កាត់បានយ៉ាងពិតប្រាកដ។
លោកបានបន្ថែមថា៖ ថ្វីបើយើងធ្វើការបិទប្រទេស(Lockdown) យ៉ាងតឹងរឹងក៏ដោយ ក៏វិបត្តិអាចរឹតតែអាក្រក់ខ្លាំងទៅ ៗ ជាមួយនឹងវីរុសបំប្លែងថ្មី ដែលបានកើតមានឡើងនៅក្នុងប្រទេស អង់គ្លេស អាហ្វ្រិកខាងត្បូង ប្រេស៊ីល ឥណ្ឌា និង កន្លែងផ្សេងជាដើម។
ប្រធានាធិបតីរ៉ូឌ្រីហ្គោឌូទើតេ និយាយថារដ្ឋាភិបាលរបស់លោកបានទិញវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ថ្នាំបង្ការប្រជាជនចំនួន ៧០ លាននាក់ដែលគិតថាជាចំនួនដែលត្រូវការដើម្បីការពារភាពស៊ាំរបស់ប្រជាជន ប៉ុន្តែភាគច្រើននៃថ្នាំទាំងនេះនឹងមកដល់ក្នុងប្រទេសហ្វីលីពីន នៅចុងឆ្នាំនេះ។ នេះបើយោងតាមលោកា Anthony Leachon ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]