កម្ពុជា: ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាពិធីវប្បមង្គលមួយ ក្នុងចំណោមពិធីបុណ្យទ្វារទសមាសផ្សេងៗទៀត ដែលតែងរៀបចំឡើងនៅថ្ងៃ ៤រោច ខែពិសាខ ដើម្បីជាការផ្សងប្រផ្នូល និងជាការប្រកាសចាប់ផ្តើមរដូវបង្កបង្កើនផលដល់ប្រជានុរាស្រ្តទូទាំងប្រទេស។

ព្រះបាទនរោត្តម សីហនុ សេ្តចទ្រង់យាងច្រត់ព្រះនង្គ័ល
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ន័យនៃពិធីនេះ គឺព្រះរាជា ឬអ្នកតំណាងព្រះអង្គភ្ជួរស្រែឱ្យមានគន្លងមុនគេ ជាតម្រុយឱ្យរាស្ត្រប្រជាទូទៅ ធ្វើតាមជាក្រោយ ។

យ៉ាងណាមិញ ចំពោះរឿងរ៉ាវដែលទាក់ទងទៅនឹង ប្រវត្តិនៃពិធីបុណ្យនេះ ត្រូវបានឯកសារមួយចំនួនកត់ត្រាថា មានរូបរាងនៅលើទឹកដីនៃកម្ពុជទេស តាំងពីអំឡុងរាប់ពាន់ឆ្នាំ កន្លងមកហើយ ។

យោងតាម អ្នកបុរាណវិទូ បានអះអាងថា ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ត្រូវបានព្រះរាជាខ្មែរ ប្រារព្ធ ជាបវេណី យ៉ាងហោចណាស់ ក៏តាំងពីសម័យ ចេនឡា (សតវត្សទី៦ ដល់ដើមសតវត្សទី ៩ ) ដែរ ដោយពួកគេបានរកឃើញរូបចម្លាក់ជាច្រើនបញ្ជាក់ពីវត្តមាន នៃ ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ។

ចំពោះស្នាដៃអក្សរសិល្ប៍វិញ គឺគេអាចឃើញមានវត្តមានព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ នៅក្នុងរឿង រ៉ាម៉ាយណៈ របស់ ឥណ្ឌា និង រឿង រាមកេរ្តិ៍ របស់ខ្មែរ ។

ជាពិសេសនៅខ្សែសាច់រឿងរាមកេរ្តិ៍ របស់ខ្មែរ មានតំណាល ថា ព្រះនាង សីតា បានចាប់កំណើតក្នុងពេលដែលព្រះបាទជនក កំពុងធ្វើពិធីច្រត់ព្រះនង្គ័លហើយក៏លេចចេញព្រះនាងពីដីអាចម៍បំណះដែលព្រះអង្គកំពុងភ្ជួរក្នុងព្រះរាជពិធីនោះ។

២/.ការប្រារព្ធពិធី

ព្រះក្សត្រីយានី មុនីនាថ សីហនុ យាងជាមេហួរ

ព្រះរាជា ឬ ស្តេចមាឃ ដែលជាតំណាងឲ្យព្រះមហាក្សត្រ ជាអ្នកភ្ជួរព្រះមេរុ រីឯមហាក្សត្រិយានី ឬ ដែលតំណាងដោយព្រះមេហួរជាអ្នកព្រួសគ្រាប់ពូជពីក្រោយ។ វាលព្រះមេរុត្រូវបានភ្ជួរ ចំនួនបីជុំនៅក្នុងពិធីនេះ។ ដោយនៅក្នុងបរិវេណទីលានព្រះស្រែ ឬ វាលព្រះមេរុ នោះ មានសង់ព្រះពន្លា គឺ រោង ដ៏ស្រស់ស្អាត ហើយនៅមុខព្រះពន្លានោះ មាន តុ ចំនួន ៧ ហើយនៅលើ តុ នីមួយៗ មានតម្កល់ទៅដោយរបស់មួយមុខគឺ គឺគ្រាប់ស្រូវ ១ តុ គ្រាប់សណ្ដែក ១ តុ គ្រាប់ពោត ១ តុ គ្រាប់ ល្ង ១ តុ ស្មៅស្រស់ ១ តុទឹក ១ តុ និង ស្រា ១ តុ ។

នៅក្នុងព្រះរាជពិធីនេះ បន្ទាប់ពីបានភ្ជួរដូចបានរៀបរាប់ខាងលើមក គឺជាពិធីផ្សងគោឧសភរាជ ។ ពិធីផ្សងគោឧសភរាជ្យ នេះ ព្រាហ្មណ៍ដែលជាព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យបរិភោគអាហារ ៧ យ៉ាង ខាងលើនេះ ។ កាលព្រះគោ បរិភោគអ្វីមួយ ព្រាហ្មណ៍ ក៏ព្យាករណ៍នូវព្រឹត្តិការណ៍ ឬទស្សន៍ទាយតាមប្រផ្នូលនោះ សម្រាប់រយៈពេលពេញមួយឆ្នាំនេះ ដូចជា ជំងឺរាតត្បាត ទឹកជំនន់ ទិន្នផលល្អ និង មានភ្លៀងធ្លាក់ច្រើន ឬ តិច ជាដើម។

សូមបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នគេច្រើននិយមប្រារព្ធពិធីនេះឡើងនៅតាមបណ្ដាខេត្តនានាក្រោមព្រះរាជធិបតីភាពរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

គោឧសភរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]