គ្នាយើងធ្លាប់រមាស់ច្រមុះពិតជាដឹងថារំខានប៉ុនណានោះ។ ជាធម្មតា អាការៈរមាស់ច្រមុះកើនឡើងនៅក្នុងរន្ធច្រមុះដែលអាចមានរយៈពេលប៉ុន្មានវិនាទី ហើយយើងក៏កណ្ដាស់ចេញមក។ប៉ុន្តែមានពេលខ្លះទោះបីជាយើងបានកណ្ដាស់ចេញក៏ពិតមែនតែនៅតែមិនបាត់រមាស់ដដែល។
តើរមាស់ច្រមុះអាចមកពីបញ្ហាអ្វីខ្លះ? បញ្ហានេះអាចបណ្ដាលមកពីវិរុស អាលែកហ្ស៊ី និងដុះសាច់ច្រមុះជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. វីរុស
រមាស់ច្រមុះអាចបង្កដោយវីរុស ដូចជាវីរុសផ្ដាសាយធម្មតាជាដើម។ ទោះបីជាជំងឺផ្ដាសាយធម្មតាច្រើនកើតនៅរដូវរងារ តែថាយើងនៅតែអាចកើតជំងឺនេះគ្រប់ពេលបានដូចគ្នា។ មនុស្សធំខ្លះអាចកើតមានជំងឺផ្ដាសាយពីពីរទៅបីដងក្នុងមួយឆ្នាំ ហើយបើកូនក្មេងវិញអាចច្រើនជាងនេះផង។
ការរមាស់ច្រមុះ ជាវិធីមួយដែលរាងកាយប្រាប់យើងថាកំពុងតែកើតជំងឺផ្ដាសាយ។ នៅពេលមេរោគឆ្លងចូលក្នុងច្រមុះ និងប្រហោងឆ្អឹងច្រមុះភ្លាម ច្រមុះរបស់យើងព្យាយាមច្រានមេរោគនោះចេញមកក្រៅវិញតាមរយៈសម្បោរ។ ដូចគ្នាដែរ កណ្ដាស់ ជាវិធីមួយទៀត ជួយបណ្ដេញមេរោគចេញពីច្រមុះដែរ ដោយសារតែវាធ្វើឲ្យមានអាការៈរមាស់ច្រមុះ។
២. អាលែកហ្ស៊ី
អាលែកហ្ស៊ី កើតឡើងនៅពេលប្រព័ន្ធភាពស៊ាំរបស់រាងកាយយើងឆ្លើយតបទៅនឹងធាតុអ្វីមួយនៅក្នុងបរិស្ថាន។ នៅពេលយើងមានបញ្ហាអាលែកហ្ស៊ី រាងកាយយើងច្រឡំថាសារធាតុពីខាងក្រៅគឺជាវីរុស ដូចជាច្រឡំថាលម្អងផ្កា ថាជាវីរុសផ្ដាសាយធម្មតាជាដើម ដែលវាអាចធ្វើឲ្យមានរោគសញ្ញាកើតឡើងដូចជាផ្ដាសាយដែរ។ មនុស្សមួយចំនួនមានបញ្ហាអាលែកហ្ស៊ីនឹងសារធាតុនៅក្នុងផ្ទះ និងខាងក្រៅផ្ទះ ដូចជាធូលី រោមសត្វ ឬលម្អងផ្កាឈើជាដើម។
អាលែកហ្ស៊ីអាចកើតមានតាមរដូវកាល ឬពេញមួយឆ្នាំតែម្ដង។ អាលែកហ្ស៊ីអាចធ្វើឲ្យមានការរលាកនៅក្នុងច្រមុះ និងធ្វើឲ្យយើងរមាស់ច្រមុះដែរ។
៣. រលាកប្រហោងឆ្អឹងច្រមុះ
ការរលាកប្រហោងឆ្អឹងច្រមុះអាចជាការរលាកស្រួចស្រាល់ និងរលាករ៉ាំរ៉ៃ។ បើសិនជាយើងមានបញ្ហារមាស់ច្រមុះលើសពីមួយសប្ដាហ៍ រួមជាមួយនឹងរោគសញ្ញាផ្សេងទៀត នោះអាចថាមកពីយើងមានបញ្ហារលាកច្រមុះរ៉ាំរ៉ៃ។
ការរលាកច្រមុះរ៉ាំរ៉ៃ គឺជារោគសញ្ញាទូទៅមួយ កើតឡើងដោយសារតែរន្ធច្រមុះរបស់យើងរលាក និងហើម។ បញ្ហានេះ អាចកើតឡើងរហូតដល់១២សប្ដាហ៍ រួមទាំងមានរោគសញ្ញាមួយចំនួនទៀតដូចជា ពិបាកដកដង្ហើមតាមច្រមុះ អស់កម្លាំង និងឈឺនៅជុំវិញភ្នែកជាដើម។
៤. ដុះសាច់ច្រមុះ
ការដុះសាច់ច្រមុះអាចកើតឡើងបាននៅពេលមនុស្សយើងមានបញ្ហារលាកច្រមុះរ៉ាំរ៉ៃ។ ដុំសាច់នេះមិនមែនជាដុំសាច់មហារីកទេ វាមានសភាពទន់ និងទំហំតូច នៅតោងជាប់នឹងជញ្ជាំងប្រហោងច្រមុះ។ ដុំសាច់ច្រមុះ ក៏អាចបង្កឡើងដោយជំងឺហឺត អាលែកហ្ស៊ី ប្រតិកម្មថ្នាំ និងជំងឺប្រព័ន្ធភាពស៊ាំ។ ពេលដុំសាច់ដុះកាន់តែធំ នឹងធ្វើឲ្យយើងមានអារម្មណ៍រំខាន និងនាំឲ្យពិបាកដកដង្ហើម ឬបាត់បង់ក្លិន។
៥. វិធីដោះស្រាយ
ដើម្បីដោះស្រាយបញ្ហារមាស់ច្រមុះ គ្នាយើងអាចចៀសឆ្ងាយពីសារធាតុបង្កឲ្យយើងរមាស់ច្រមុះដូចជាផ្សេង ទឹកអប់ ឬសារធាតុគីមីផ្សេងៗ។ មួយវិញទៀត បើយើងរមាស់ច្រមុះ នឹងដឹងច្បាស់ថាយើងមានបញ្ហាអាលែកហ្ស៊ី យើងអាចប្រើថ្នាំមិនត្រូវការវេជ្ជបញ្ជាមួយចំនួនដើម្បីសម្រួលអាការៈបាន មានទាំងថ្នាំគ្រាប់ ឬស្ព្រៃយ៍បាញ់ច្រមុះ។
អ្វីដែលយើងគួរដឹង គឺមិនគួរប្រឹងញីសសម្បោរញឹកញាប់ពេកនោះទេ ព្រោះថាអាចបង្កឲ្យច្រមុះរងរបួស និងស្ងួត។ ដូចគ្នាដែរ បើយើងឈឺ ការផឹកទឹកបានគ្រប់គ្រាប់នឹងជួយដល់រាងកាយយើងក្នុងការប្រឆាំងនឹងរោគឆ្លង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]