រាជធានីភ្នំពេញ ៖ ពិតណាស់ មកដល់សព្វថ្ងៃនេះ រាជធានីភ្នំពេញ ក៏នៅរក្សាតំបន់ទាំង៣ បើទោះបី រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រកាសបញ្ចប់ ការបិទខ្ទប់យ៉ាងណាក៏ដោយ ដោយមានផ្នែកខ្លះ ក៏នៅរក្សាជាតំបន់ក្រហមនៅឡើយ ដោយសារតែបែបនេះហើយ ទើបភ្នាក់ងារ អគ្គិសនីកម្ពុជា ពិបាកនឹង ចូលពិនិត្យកុងទ័រថាមពលប្រើប្រាស់ ក្នុងតំបន់ទាំងនោះ ហេតុដូចនេះ ទើប អគ្គិសនីកម្ពុជា ដាក់ចេញនូវ ដំណោះស្រាយមួយនេះ ដើម្បីចេញវិក័យប័ត្រទាន់ពេលដល់ អតិថិជនប្រើប្រាស់។

គួរបញ្ជាក់ផងដែរថា អគ្គិសនីកម្ពុជា បានសររសេរបញ្ជាក់យ៉ាងច្បាស់ៗ លើបណ្តាញសង្គម យ៉ាងដូច្នេះថា ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អគ្គិសនីកម្ពុជាសូមជូនដំណឹងចំពោះអតិថិជនមួយចំនួនតូចនៅក្នុងតំបន់បិទខ្ទប់មេត្តាជ្រាបថា កន្លងមកទីតាំងមួយចំនួនត្រូវបានបិទខ្ទប់ជិតទាំងស្រុងដែលពុំអនុញ្ញាតអោយភ្នាក់ងារស្រង់របស់អគ្គិសនីកម្ពុជាចូលទៅបំពេញភារកិច្ចបាន។ ដូច្នេះ ដើម្បីរក្សាប្រក្រតីភាពនៃការចេញវិក្កយបត្រជូនអតិថិជនជារៀងរាល់ខែ អគ្គិសនីកម្ពុជាបានសម្រេចឲ្យជំនាញគិតយកមធ្យមភាគប្រើប្រាស់ចំនួនបីខែជាប់គ្នា ដើម្បីធ្វើវិក្កយបត្រជូនអតិថិជនដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ជិតទាំងស្រុងនោះ។ គោលដៅសំខាន់នៃការស្រង់ថាមពលដោយគិតការប្រើប្រាស់ជាមធ្យមភាគនៃការប្រើថាមពលចំនួន៣ខែនេះគឺ ៖

  • ១. ជាតំបន់ក្រហមមានការបិទខ្ទប់ទាំងស្រុងមិនអាចចូលទៅស្រង់ថាមពលបាន។
  • ២. ដើម្បីកំណត់ការគណនាថ្លៃប្រើប្រាស់ថាមពលអគ្គិសនីអោយបានត្រឹមត្រូវជូនអតិថិជនជារៀងរាល់ខែ។ ប្រសិនបើអគ្គិសនីកម្ពុជា រក្សាទុកការស្រង់ថាមពលប្រើប្រាស់ ពីរ ឬ បីខែស្រង់ម្តងនោះ វានឹងធ្វើអោយបរិមាណថាមពលប្រើប្រាស់របស់អតិថិជន មានកំណើនពីរ ឬ បី ដងបូកស្ទួនបញ្ចូលគ្នា ហើយពិតណាស់ គឺអត្រាថ្លៃលក់អាចនឹងត្រូវប្រែប្រួលផុតពីអត្រាថ្លៃទាប ៣៨០រៀល ឬ ៤៨០រៀល ឬ ៦១០រៀល/ គីឡូវ៉ាត់ម៉ោង រំកិលតាមលំដាប់លំដោយឆ្ពោះទៅរកអត្រាថ្លៃ ៧៣០រៀល/គីឡូវ៉ាត់ម៉ោង ។
  • ៣. ការយកមធ្យមភាគ៣ខែដើម្បីចេញវិក្កយបត្របណ្កោះអាសន្ននេះ ពុំមែនជាការកេងចំណេញពីអតិថិជនណាម្នាក់ឡើយ ព្រោះអតិថិជននៅបន្តការប្រើប្រាស់ជាធម្មតាពុំមានការកាត់ផ្តាច់ចរន្តឡើយ ឬអាចនឹងមានកំណើនច្រើនជាងមុន ព្រោះត្រូវស្ថិតនៅក្នុងផ្ទះ ហើយម្យ៉ាងទៀតថាមពលប្រើប្រាស់ក្នុងខែ មករា កុម្ភៈ និង មីនា គឺជាថាមពលដែលប្រើប្រាស់ក្នុងវេលាអាកាសធាតុមិនទាន់ក្តៅដែលអាចខុសពីការប្រើប្រាស់ជាក់ស្ដែងក្នុងខែមេសាដែលអាចមានកំណើនច្រើនជាងដោយសារអាកាសធាតុក្តៅខ្លាំង អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជននៅក្នុងតំបន់បិទខ្ទប់ជ្រាបជាព័ត៌មាន៕
រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]