បើនិយាយដល់ទុរេន ខ្មែរយើងច្រើននាក់ណាស់ចូលចិត្តញ៉ាំ ថ្វីបើអ្នកខ្លះមិនចូលចិត្តក្លិនរបស់វាក៏ដោយ។ ទុរេនមានផ្ទុកសារធាតុរ៉ែ និងវីតាមីនជាច្រើនប្រភេទផងដែរ។ ក្រៅពីនេះ ទុរេនក៏នៅមានប្រយោជន៍ដល់សុខភាពច្រើនយ៉ាង ដែលយើងមិនអាចមើលរំលងបាន។
១. កាត់បន្ថយបញ្ហាស្លេកស្លាំង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបញ្ហាស្លេកស្លាំងជាជំងឺមួយដែលធ្វើឲ្យកម្រិតអេម៉ូក្លូប៊ីនក្នុងឈាមថយចុះ។ ការធ្លាក់ចុះនៃអេម៉ូក្លូប៊ីន អាចធ្វើឲ្យមនុស្សយើងអស់កម្លាំង ឈឺក្បាល និងគេងមិនលក់ជាដើម។ សម្រាប់ស្រ្តីមានផ្ទៃពោះវិញ បញ្ហាស្លេកស្លាំង អាចនាំឲ្យមានបញ្ហាមិនប្រក្រតី និងការស្លាប់របស់ទារកក្នុងផ្ទៃផងដែរ។
ផ្លែទុរេនមានផ្ទុកអាស៊ីដហ្វូលិក ជាសារធាតុសំខាន់ក្នុងការជួយដល់ការផលិតអេម៉ូក្លូប៊ីន។ ក្រៅពីនេះ វត្តមានរបស់អាស៊ីដហ្វូលិកក្នុងផ្លែទុរេន ក៏មានសារសំខាន់សម្រាប់ស្រ្តីមានផ្ទៃពោះ ក្នុងការជួយជំរុញដល់ការលូតលាស់ជាលិកាទៅតាមប្រក្រតី ក៏ដូចជាការពារខួរក្បាល និងឆ្អឹងខ្នង ដល់កូនក្នុងផ្ទៃកំពុងលូតលាស់។
២. ជួយសុខភាពឆ្អឹង
ផ្លែទុរេនមានផ្ទុកកាល់ស្យូម និងប៉ូតាស្យូម។ ថ្វីបើកាល់ស្យូមមានតិចនៅក្នុងផ្លែទុរេន ប៉ុន្តែមានផ្ទុកប៉ូតាស្យូមច្រើនរហូត៩ភាគរយនៃតម្រូវការរាងកាយរបស់មនុស្សយើងប្រចាំថ្ងៃ។ ថ្វីបើកាល់ស្យូមសំខាន់សម្រាប់ឆ្អឹង តែប៉ូតាស្យូម ក៏មានសារសំខាន់ក្នុងការអភិវឌ្ឍឆ្អឹងឲ្យមានភាពរឹងមាំ និងជួយគ្រប់គ្រងការចែកចាយ និងស្តុកទុកកាល់ស្យូមនៅក្នុងឆ្អឹង ដែលមិនធ្វើឲ្យរលាយ ឬបញ្ចេញទៅក្នុងឈាមច្រើនជ្រុល។
៣. ជួយសម្រាលបញ្ហាធ្លាក់ទឹកចិត្ត និងដំណេក
ទុរេនមានផ្ទុកអាម៊ីណូអាស៊ីដ ដែលគេស្គាល់ថាជាសារធាតុធម្មជាតិមួយជួយដល់ដំណេកឈ្មោះថាtryptophan។ រាងកាយប្រើ tryptophan ដើម្បីបង្កើនកម្រិតអរ័ម៉ូន serotonin និង melatonin។ អ័រម៉ូនទាំងពីរនេះមានប្រយោជន៍ជួយដល់ការគ្រប់គ្រងអារម្មណ៍មនុស្សយើង។ អ័រម៉ូន serotonin មានសារសំខាន់ ក្នុងការជួយកាត់បន្ថយស្ត្រេស បញ្ហាដំណេក ថប់បារម្ភ ក៏ដូចជាបញ្ហាបាក់ទឹកចិត្ត។ អ័រម៉ូនទាំងពីរនេះរួមគ្នា ជួយគ្រប់គ្រងដល់ដំណើរការដំណេក និងប្រហែលជាអាចមានប្រយោជន៍ក្នុងការព្យាបាលជំងឺឆ្កួតជ្រូកផងដែរ។
៤. ប្រឆាំងជំងឺមហារីក
ទុរេនមានផ្ទុកទៅដោយវីតាមីន សារធាតុចិញ្ចឹម និងសារធាតុគីមីសរីរាង្គជាច្រើនទៀត ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ រ៉ាឌីកាល់សេរី អាចបំផ្លាញកោសិកាDNA និងអាចបំប្លែងកោសិកាទាំងនោះទៅជាកោសិកាមហារីក ដែលក្រោយមកអាចបង្កទៅជាសាច់កាច ឬលូតលាស់ជាដុំសាច់មហារីក។ សារធាតុប្រឆាំងអុកស៊ីតកម្ម ជួយកាត់បន្ថយ oxidative stress លើសរីរាង្គនៃរាងកាយ ដែលផ្ដល់ប្រយោជន៍ដល់ប្រព័ន្ធភាពស៊ាំ។ ផ្លែទុរេន មានសារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះ រួមមានវីតាមីនC វីតាមីន B កំផ្លិច និងវីតាមីនE ដែលអាចជួយប្រឆាំងនឹងកោសិកាមហារីក។
៥. ជួយដល់ប្រព័ន្ធរំលាយអាហារ
ក្រៅពីរ៉ែ និងវីតាមីន ទុរេន ក៏ផ្ទុកទៅដោយជាតិសរសៃខ្ពស់ ដែលមានប្រយោជន៍សម្រាប់ដំណើរការជាប្រក្រតីរបស់ប្រព័ន្ធរំលាយអាហារ។ ជាតិសរសៃជួយសម្រួលដល់ការបន្ទោបង់ ធ្វើឲ្យលាមកងាយស្រួលផ្លាស់ទីចេញពីពោះវៀន។
ជាតិសរសៃក្នុងផ្លែទុរេន ក៏ជួយកាត់បន្ថយបរិមាណកូលេស្តេរ៉ូលក្នុងឈាម ដោយបានបញ្ចេញកូលេស្តេរ៉ូលមិនល្អពីរាងកាយ និងបញ្ចេញវាមកក្រៅបានលឿន មុននឹងកូលេស្តរ៉ូលមិនល្អនេះធ្វើឲ្យខូចខាតដល់ប្រព័ន្ធបេះដូង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]