អាជ្ញាធរកម្ពុជា និងថៃ ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងលឹក នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ កំពុងតែមមាញឹកក្នុងការពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរយៈពេលមួយថ្ងៃ អនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសទាំងពីរ អាចត្រឡប់ទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ។ កិច្ចពិភាក្សានេះធ្វើឡើងបន្ទាប់ពីមានការបិទច្រកទ្វារដោយឯកតោភាគីពីសំណាក់ភាគីថៃ ដែលបណ្ដាលឱ្យពលរដ្ឋជាច្រើន រួមទាំងអាជីវករខ្មែរនៅផ្សាររុងក្លឿ ជួបការលំបាក។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត រួមជាមួយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងភាគីពាក់ព័ន្ធជាច្រើន បានអញ្ជើញចុះទៅដល់មាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតផ្ទាល់ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាជូនពលរដ្ឋខ្មែរ ដែលកំពុងជាប់គាំងនៅប្រទេសថៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងទៅកាន់ប្រជាពលរដ្ឋដែលឈរចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីរាយការណ៍ជូនអំពីមូលហេតុនៃការបិទច្រកដោយឯកតោភាគីរបស់ថៃ និងបានសន្យាថា អាជ្ញាធរកម្ពុជានឹងបន្តខិតខំប្រឹងប្រែងធ្វើការជាមួយភាគីថៃ ដើម្បីរកដំណោះស្រាយល្អបំផុតជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។
ការពិភាក្សានេះផ្ដោតសំខាន់ទៅលើការអនុញ្ញាតឱ្យពលរដ្ឋថៃ ដែលកំពុងស្នាក់នៅ និងធ្វើការងារក្នុងប្រទេសកម្ពុជា អាចត្រឡប់ទៅប្រទេសថៃវិញបាន ខណៈដែលពលរដ្ឋខ្មែរ ជាពិសេសអាជីវករដែលលក់ដូរនៅផ្សាររុងក្លឿ ក៏អាចដឹកជញ្ជូនទំនិញ និងសម្ភាររបស់ខ្លួនត្រឡប់មកកាន់កម្ពុជាវិញផងដែរ។ នេះគឺជាក្ដីសង្ឃឹមមួយសម្រាប់ពលរដ្ឋរាប់រយនាក់ ដែលកំពុងទន្ទឹងរង់ចាំដំណោះស្រាយពីអាជ្ញាធរនៃប្រទេសទាំងពីរ។ អាជ្ញាធរខេត្តបន្ទាយមានជ័យនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នេះ និងជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបជាបន្តបន្ទាប់។
បើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋដែលបានទៅធ្វើការរកស៊ីនៅតាមព្រំដែនថៃ (ផ្សាររុងក្លឿ) មានចំនួនប្រមាណ ៣៥០០តូប និងប្រជាពលរដ្ឋខ្មែរប្រមាណ ៦០០០នាក់ដែលជាម្ចាស់តូប។
សូមរម្លឹកថា ថៃបានប្រកាសបិទព្រំដែនទាំងស្រុងជាឯកតោភាគីជាមួយកម្ពុជា កាលពីយប់ថ្ងៃម្សិលមិញដោយអនុញ្ញាតតែអ្នកជំងឺ និងសិស្ស ឆ្លងកាត់ប៉ុណ្ណោះ៕ ដោយ AKP ឈុន សារ៉ាត



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]