ការ​ថែទាំ​សុខភាព​គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​ ដែល​គ្នា​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់​។​ ​នៅ​ពេល​ដែល​យើង​ចាប់ផ្ដើម​ទម្លាប់​ប្រចាំ​ថ្ងៃ​ដែល​​ល្អ​ចំពោះ​សុខភាព​​ នោះ​រាងកាយ​របស់​យើង​នឹង​​នៅ​តែ​រឹងមាំ​ ក៏​ដូចជា​ជៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ​។ យ៉ាង​ណា​មិញ យោង​តាម​​ការ​សិក្សា​​មួយ​បាន​បង្ហាញ​ថា​ បុរស​ និង​ស្ត្រី​ដែល​រក្សា​​ទម្លាប់​រស់​នៅ​​ប្រកប​ដោយ​សុខភាព​ល្អ​​​មាន​ហានិភ័យ​ទាប​​​នៃ​ការ​ស្លាប់​ដោយ​ជំងឺ​សរសៃ​ឈាម​បេះដូង​​ដល់​ទៅ​៨២% និង​​ជំងឺ​មហារីក​ចំនួន​៦៥%​ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មិន​មាន​បែបបទ​រស់​នៅ​ល្អ​។ ​ការ​សិក្សា​ដដែល​នេះ​បាន​ណែនាំ​ទម្លាប់​សាមញ្ញ​ទាំង​ប្រាំនេះ​ ដែល​ជះ​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​ចំពោះ​អាយុ​ជីវិត​របស់​យើង​។

១. រក្សា​របប​អាហារ​​ល្អ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិត​ណាស់​ ការ​ញ៉ាំ​របប​អាហារ​​​មិន​ល្អ​ និង​គ្មាន​តុល្យភាព​អាច​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​​ដ៏​គ្រោះថ្នាក់​ជា​ច្រើន​ ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ និង​ជំងឺ​ទឹក​នោម​ផ្អែម​។​ ​ចំណែក​ឯ​របប​អាហារ​ដែល​មាន​សុខភាព​ល្អ​ គប្បី​​បញ្ចូល​អាហារ​កែច្នៃ​ក្នុង​កម្រិត​តិចតួច​ ​ញ៉ាំគ្រាប់​ធញ្ញជាតិ​ទាំង​មូល​ បន្លែ​ ផ្លែឈើ​ និង​ប្រភព​ធម្មជាតិ​នៃ​ប្រូតេអ៊ីន​ ដូចជា​ត្រី​ និង​សណ្ដែក ឲ្យ​បា​នច្រើន​​។

២. ធ្វើ​លំហាត់​ប្រាណ​ប្រចាំ​ថ្ងៃ​

​ជាមួយ​គ្នា​នេះ​ដែរ​ ​ការ​ធ្វើ​លំហាត់​ប្រាណ​ប្រចាំ​ថ្ងៃ​មាន​សារសំខាន់​ណាស់​។​ យោង​តាម​ការ​សិក្សា​មួយ​ពី​វិទ្យាស្ថាន​ជំងឺ​មហារីក​ថ្នាក់​ជាតិ​ (NCI)​បាន​បង្ហាញ​ថា​ គ្រាន់​តែ​យើង​ធ្វើ​លំហាត់​ប្រាណ​តិចតួច​ប្រចាំថ្ងៃ ក៏​អាច​បង្កើន​អាយុ​របស់​យើង​ដល់​ទៅ​៤,៥​ឆ្នាំ​ផង​ដែរ​។​

​៣. រក្សា​ទម្ងន់​ត្រឹមត្រូវ​

បន្ថែម​ពី​នេះ ការ​គ្រប់គ្រង​ទម្ងន់​ខ្លួន​ឲ្យ​មាន​តុល្យភាព​ក៏​អាច​កាត់បន្ថយ​​ហានិភ័យ​នៃ​​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​សរសៃ​ឈាម​បេះដូង​ និង​ជំងឺ​មហារីក​សុដន់​​ថែម​ទៀត​ផង​។​ ​ជា​ទូទៅ​ ​ទម្ងន់​ខ្លួន​សមស្រប​​របស់​មនុស្ស​ម្នាក់ៗ​មិន​ដូច​គ្នា​ទេ​ ប៉ុន្តែ​ប្រសិនបើ​យើង​មាន​សន្ទស្សន៍​​ម៉ាស​រាងកាយ​(BMI)​ចន្លោះ​ពី​១៨,៥ និង​២៤,៩ បាន​ន័យ​ថា​យើង​មាន​ទម្ងន់​ខ្លួន​ដែល​មាន​សុខភាព​ល្អ​។​

៤.កាត់បន្ថយ​​​​ការ​​​ញ៉ាំ​គ្រឿង​ស្រវឹង

​​​​ជាក់​ស្ដែង ការ​ញ៉ាំ​គ្រឿង​ស្រវឹង​​ផ្ដល់​ផល​ប៉ះពាល់​យ៉ាង​ច្រើន​ដល់​សុខភាព​របស់​យើង​ ​ដូចជា​ការ​ឡើង​​ទំហំ​ចង្កេះ​ និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​​ជាច្រើន​។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ញ៉ាំ​វា​នៅ​ក្នុង​បរិមាណ​​មួយ​សម​ល្មម​ ​ដោយ​ត្រឹម​តែ​មួយ​កែវ​សម្រាប់​ស្ត្រី​ និង​ពីរ​កែវ​សម្រាប់​បុរស​ក្នុង​មួយ​ថ្ងៃ​។

៥. ជៀសវាង​ការ​ជក់​បារី​

គ្នា​យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ការ​ជក់​បារី​ផ្ដល់​ហានិភ័យ​ដល់​​សុខភាព​​របស់​យើង​យ៉ាង​ធ្ងន់ធ្ងរ​។​ បើ​ទោះ​បី​ជា​​ការ​ផ្ដាច់​​បារី​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ក៏​ពិត​មែន​ ប៉ុន្តែ​ប្រសិនបើ​យើង​មាន​ការ​តស៊ូ​ព្យាយាម​ និង​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ យើង​ច្បាស់​ជា​អាច​ធ្វើ​ទៅ​បាន​​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]