ឥណ្ឌា៖ យោងតាមសេចក្តីរាយការណ៍មួយ បាននិយាយកាលពីថ្ងៃច័ន្ទ មានប្តីប្រពន្ធជនជាតិឥណ្ឌាមួយគូបានជួលយន្តហោះដឹកអ្នកដំណើរមួយដើម្បីធ្វើពិធីមង្គលការ​ នៅលើអាកាសមួយ ដែលបានបំពានទៅលើវិធានការទប់ស្កាត់មេរោគឆ្លងកូវីដ១៩ ដោយមានវត្តមានភ្ញៀវជាង ១៦០ នាក់នៅលើយន្តហោះនោះ។

តាមប្រភពរបស់ក្រុមមន្រ្តីឥណ្ឌា បាននិយាយថាអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសឥណ្ឌា បានបញ្ជាឱ្យមានការស៊ើបអង្កេតមួយនិងបានផ្អាកការងារនាវិកយន្តហោះដែលបានប្រារព្ធពិធីមង្គលការនេះ។ ដោយសារតែរលកឆ្លងនៃវីរុសបំប្លែងខ្លួនថ្មី បានធ្វើឱ្យមានចំនួនអ្នកស្លាប់របស់ឥណ្ឌាបានកើនឡើងដល់ ៣០ ម៉ឺននាក់កាលពីថ្ងៃច័ន្ទ - រដ្ឋភាគច្រើន អនុញ្ញាតឱ្យមានភ្ញៀវ ៥០ នាក់ប៉ុណ្ណោះក្នុងពិធីមង្គលការ​ ប៉ុន្តែផ្ទុយទៅវិញ គូស្វាមីខាងលើ បានធ្វើពិធីមង្គលការ ដោយមានមិត្តភក្តិនិងក្រុមគ្រួសារ ១៦១ នាក់ ចូលរួមនៅលើយន្តហោះកាលពីថ្ងៃអាទិត្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាសែត Hindustan Times បាននិយាយថាគូស្នេហ៍មួយគូមិនត្រូវបានគេបញ្ជេញឈ្មោះ បានរៀបការនៅពេលដែលយន្តហោះ Spicejet បានហោះនៅលើប្រាសាទ Meenakshi Amman ដែលជាផ្លូវធ្វើដំណើរពី Madurai ទៅ Bangalore ។

ខ្សែភាពយន្តនិងរូបថតនៃការប្រារព្ធពិធីមង្គលការ នៅលើយន្តហោះ ត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្តាញសង្គម។ នៅក្នុងវីដេអូ មានមនុស្សពាក់ផ្កានៅជុំវិញករបស់ពួកគេនិងថតរូប Selfie ប៉ុន្តែមិនអាចត្រូវបានបញ្ជាក់ភ្លាមៗដោយ AFP ទេ។ ចំពោះការរំលោភលើច្បាប់អាកាសចរណ៍ស៊ីវិលនេះ គឺពុំមាននរណាម្នាក់ពាក់ម៉ាស់ និង មិនបានរក្សាគម្លាតសង្គមថែមទៀត។

អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលបានប្រាប់ Spicejet ឱ្យចាត់វិធានការចំពោះអ្នកទាំងពីរ និងភ្ញៀវរបស់ពួកគេ។ ដោយពួកគេ ត្រូវបានហាមឃាត់ពីការជិះហោះក្រុមហ៊ុននេះបន្តទៀត។

បើទោះបីជា អ្នកនាំពាក្យ Spicejet បាននិយាយថា ភ្នាក់ងារនិងអ្នកដំណើរត្រូវបានរៀបរាប់យ៉ាងលំអិតជាលាយលក្ខណ៍អក្សរ និង ការណែនាំជាសំឡេង ស្តីពីការរក្សាគម្លាតសង្គមនិងបទដ្ឋានសុវត្ថិភាព ដែលត្រូវអនុវត្តតាមគោលការណ៍ណែនាំក្រសួងសុខាភិបាលឥណ្ឌា ទាំងនៅអាកាសយានដ្ឋាននិងនៅលើយន្ដហោះ នេះបើតាមកផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា។

តាមប្រភពរបស់មន្ត្រីម្នាក់ បានអះអាងថា៖ ទោះបីជាមានការស្នើសុំនិងរំលឹកដដែលៗក៏ដោយ ក៏អ្នកដំណើរមិនបានអនុវត្តតាមគោលការណ៍បង្ការជំងឺកូវីដ១៩ឡើយ ហើយក្រុមហ៊ុនអាកាសចរណ៍កំពុងចាត់វិធានការសមស្របតាមច្បាប់ ។

គួររំលឹកផងដែរថា មកទល់ពេលនេះ ប្រទេសឥណ្ឌាមានករណីជាង ២៦ លានករណីហើយត្រូវបានកត់ត្រា  ហើយមន្ទីរពេទ្យហូរហៀទៅដោយអ្នកជំងឺកូវីដ១៩  ក្នុងនោះ អ្នកជំនាញ បានលើកឡើងថា ចំនួនអ្នកស្លាប់ពិតប្រាកដគឺខ្ពស់ជាងតួលេខជាក់ស្តែង៕

ប្រភព៖ The Strait Times 

គូស្វាមីឥណ្ឌាដែលរៀបការនៅក្នុងយន្តហោះ
គូស្វាមីឥណ្ឌាដែលរៀបការនៅក្នុងយន្តហោះ
គូស្វាមីឥណ្ឌាដែលរៀបការនៅក្នុងយន្តហោះ
វីដេអូគូស្វាមីឥណ្ឌាដែលរៀបការនៅក្នុងយន្តហោះ (វីដេអូ Daily Mail)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]