តាមជំនឿ និងទម្លាប់តៗគ្នាមក ក្រោយសម្រាលរួចម៉ាក់ៗតែងនិយមចាក់ថ្នាំឲ្យឆាប់រឹងសរសៃ ពិសេសធ្វើឲ្យសាច់សស្អាតឡើងវិញ។ ប៉ុន្តែមុននឹងសម្រេចចិត្តចាក់ថ្នាំទាំងនោះ ម៉ាក់ៗគួរដឹងរឿងសំខាន់ខាងក្រោមនេះជាមុនសិន។
១.ចាក់ថ្នាំសាច់ស្អាតចាំបាច់អត់?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមានម៉ាក់ៗដែលសម្រាលកូនរួចជាច្រើន ក្រោយចេញពីពេទ្យពេលទៅដល់ផ្ទះបានហៅពេទ្យដទៃទៀតមកចាក់ថ្នាំជាច្រើនថ្ងៃ ដោយយល់ឃើញថាអាចជួយឲ្យស្បែកស្អាត សរសៃសសូងឆាប់រឹងមាំ។ តែលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ ថាមិនចាំបាច់ចាក់ក៏បានដែរ។
វេជ្ជបណ្ឌិតបន្តទៀតថារឿងចាក់ថ្នាំបន្ទាប់ពីចេញពីពេទ្យមិនមែនជារឿងចាំបាច់នោះទេ ព្រោះវាមិនអាចជួយអ្វីបានច្រើន ឬជួយឲ្យសាច់ស្អាតឡើយ។ លោកក៏ឲ្យដឹងទៀតថា ថ្នាំគ្រាប់ជាតិដែកដែលគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យលេបគឺគ្រប់គ្រាន់ហើយ។
២. បើចាក់ថ្នាំ ម៉ាក់ៗអាចបំបៅកូនបានអត់?
ចំពោះម៉ាក់ៗដែលបំបៅដោះកូន លោកវេជ្ជបណ្ឌិតហាមមិនឲ្យចាក់ថ្នាំនោះទេ ព្រោះថ្នាំប្រភេទខ្លះប៉ះពាល់ដល់ការផលិតទឹកដោះ ជាតិថ្នាំនឹងចូលទៅក្នុងទឹកដោះ កូនម៉ឹមទៅអាចនឹងមានបញ្ហាសុខភាព។ ប៉ុន្តែបើម៉ាក់ៗណាដែលមិនបំបៅដោះកូន ហើយនៅតែចង់ចាក់ថ្នាំ ក៏មិនអីដែរ គ្រាន់តែត្រូវដឹងពីប្រភេទថ្នាំនោះថាវាជំនួយអ្វីចំពោះសុខភាព ឬអត់ ដើម្បីឲ្យច្បាស់ក្នុងចិត្តថាក្រោយចាក់គ្មានបញ្ហា និងមិនចំណាយប្រាក់អត់ប្រយោជន៍។
៣. ជំនួសឲ្យការចាក់ថ្នាំ ម៉ាក់ៗគួរធ្វើបែបណាដើម្បីថែទាំសម្រស់របស់ខ្លួនឲ្យស្អាតឡើងវិញ?
ក្រៅពីថ្នាំគ្រាប់ជាតិដែកបំបាត់ភាពស្លេកស្លាំង ប្រធានផ្នែកសម្ភពនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ថា របបអាហារសម្បូរជីវជាតិ បូករួមការសម្រាកគ្រប់គ្រាន់នឹងជួយឲ្យម៉ាក់ៗស្រស់ថ្លាដោយខ្លួនឯង។ លោកក៏បានបញ្ជាក់ដែរថា ថ្នាំដែលគ្រូពេទ្យដើរចាក់តាមផ្ទះនោះមិនអាចជួយអ្វីដល់យើងខ្លាំងជាងចំណីចំណុកឡើយ ព្រោះថាអាហារ មានត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ រួមទាំងការផឹកម្សៅទឹកដោះគោ ទើបមានវីតាមីន និងសារធាតុចិញ្ចឹមផ្ដល់ឲ្យរាងកាយបានល្អ សម្បូរទឹកដោះឲ្យបៅ។ មួយវិញទៀត វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ក៏ប្រាប់ឲ្យម៉ាក់ៗសម្អាតខ្លួនប្រាណ ដោយងូតទឹកផ្លាស់ប្ដូរសម្លៀកបំពាក់ឲ្យបានជាប្រចាំ ហាត់ប្រាណទើបមានអនាម័យចំពោះខ្លួន និងកូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]