បញ្ហាមុនកើតឡើងបណ្ដាលមកពីឫសរោមកកស្ទះ ដោយសារតែសារធាតុខ្លាញ់ច្រើនជ្រុល ដែលស្បែកផលិតឡើងបែបធម្មជាតិ ដើម្បីរក្សាសំណើម។ នៅពេលដែលស្បែកមិនអាចដោះស្រាយបញ្ហាខ្លាញ់ច្រើនជ្រុលដោយខ្លួនឯងបាន វានឹងធ្វើឲ្យស្ទះរន្ធញើស ព្រមទាំងបង្កជាបញ្ហាមុន។
ប្រសិនបើស្រីៗយើងមានស្បែកងាយឡើងមុន គប្បីអនុវត្តតិចនិកទាំង៥នេះដើម្បីការពារស្បែកនៅរដូវក្ដៅ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ក្រែមការពារកម្ដៅថ្ងៃ
មុនអាចបណ្ដាលឲ្យស្បែករលាក ហើយពេលខ្លះក៏ធ្វើឲ្យយើងមានអារម្មណ៍ឈឺចាប់ផងដែរ។ ការប៉ះពាល់នឹងកម្ដៅថ្ងៃ អាចធ្វើឲ្យស្បែកកាន់តែយ៉ាប់យ៉ឺន ដោយបង្កជាស្នាមក្រហម និងការរលាក។ ពិតណាស់ ស្បែកដែលកើតមុនគឺងាយប្រតិកម្ម ដូច្នេះហើយ ស្រីៗយើងចាំបាច់ត្រូវការពារស្បែកឲ្យបានដិតដល់។ ក្រែមការពារកម្ដៅថ្ងៃមានសារសំខាន់បំផុតនៅក្នុងរដូវក្ដៅនេះ។ ចូរលាបវាជារៀងរាល់ពេលដែលចេញទៅក្រៅ។ ការប្រើប្រាស់ក្រែមការពារកម្ដៅថ្ងៃជាទៀងទាត់ អាចកាត់បន្ថយផលប៉ះពាល់ពីកម្ដៅថ្ងៃ និងហានិភ័យនៃការរលាក។
២. លាងសម្អាតមុខពីរដងក្នុងមួយថ្ងៃ
នៅអំឡុងពេលរដូវក្ដៅ យើងបែកញើសច្រើន ដែលងាយនឹងកើតមុន។ បន្ថែមពីនេះ ការបែកញើសច្រើនអាចបណ្ដាលឲ្យធូលី និងភាពកខ្វក់កកកុញនៅលើស្បែក ដែលនាំឲ្យស្ទះរន្ធញើស។ ដូច្នេះហើយ ដើម្បីការពារស្បែក យើងគប្បីលាងមុខឲ្យបានស្អាតល្អ។ ការលាងសម្អាតមុខមួយថ្ងៃពីរដង ជាមួយនឹងហ្វូមលាងមុខដែលគ្មានជាតិកាត់ អាចជួយកាត់បន្ថយបញ្ហាមុនបាន។ យ៉ាងណាមិញ គ្នាយើងមិនគួរលាងមុខញឹកញាប់ពេកទេ ពីព្រោះវាអាចបណ្ដាលឲ្យស្បែកស្ងួត។
៣. ផ្ដល់សំណើមដល់ស្បែក
គ្នាយើងមួយចំនួនជឿថា ស្បែកងាយកើតមុនមិនគប្បីប្រើក្រែមផ្ដល់សំណើមឡើយ ប៉ុន្តែធ្វើដូចនេះ គឺអាចបង្កជាបញ្ហាចំពោះស្បែក។ ជាក់ស្ដែង ប្រសិនបើយើងទុកឲ្យមុខស្ងួត រាងកាយរបស់យើងនឹងឆ្លើយតបដោយការផលិតប្រេងកាន់តែច្រើន។ កត្តានេះអាចធ្វើឲ្យស្ទះរន្ធញើស ក៏ដូចជាបង្កើនឱកាសនៃការកើតមុន។ លើសពីនេះ ស្បែកកើតមុនគឺងាយប្រតិកម្ម ហើយការលាបក្រែមផ្ដល់សំណើមត្រឹមត្រូវអាចជួយការពារស្បែកបានយ៉ាងស័ក្ដិសិទ្ធិ។ ក្នុងករណីដែលស្រីៗយើងបារម្ភថាស្បែកអាចរលើបរលោងពេកដោយសារប្រេង យើងគប្បីជ្រើសរើសផលិតផលដែលមានជាតិជែល ដើម្បីបញ្ចៀសបញ្ហានេះ។
៤. ស្ព្រៃយ៍បាញ់មុខ
ការប៉ះពាល់នឹងកម្ដៅថ្ងៃជារឿយៗ អាចធ្វើឲ្យស្បែកកើតមុនក្លាយទៅជារលាក និងក្រហាយ។ វាមិនត្រឹមតែធ្វើឲ្យដំណើរការជាសះស្បើយមានការយឺតយ៉ាវនោះទេ ប៉ុន្តែវាក៏អាចបណ្ដាលឲ្យកើតមានបញ្ហាជាច្រើនទៀត។ ការរក្សាទុកស្ព្រៃយ៍បាញ់មុខនៅតាមខ្លួន អាចធ្វើឲ្យស្បែករបស់យើងធូរស្រាលពីបញ្ហាស្បែកផ្សេងៗ ហើយវាក៏អាចកម្ចាត់ញើស ធូលី និងភាពកខ្វក់បានយ៉ាងអស្ចារ្យ។
៥. កុំរំលងការជម្រុះកោសិកា
រដូវក្ដៅ គឺជាពេលវេលាដែលយើងមិនគួររំលងការជម្រុះកោសិកាឡើយ ជាពិសេស សម្រាប់ស្បែកងាយកើតមុន។ ប៉ុន្តែការជ្រើសរើសក្រែមជម្រុះកោសិកាប្រភេទស្រាល គឺជារឿងចាំបាច់។ ជាទូទៅ ការជម្រុះកោសិកាអាចកម្ចាត់បញ្ហាស្ទះរន្ធញើស ជម្រុះកោសិកាដែលងាប់នៃស្បែក បំបាត់ស្នាមមុន ព្រមទាំងកាត់បន្ថយស្បែកស្រអាប់ដោយសារកម្ដៅថ្ងៃយ៉ាងមានប្រសិទ្ធភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]