ភ្នំពេញ: កាលពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៤០នាទីកន្លងទៅថ្មីៗនេះ ជនរងគ្រោះឈ្មោះ គីម សុខខឿន ហៅ ទ្រឹង បានជិះម៉ូតូ០១គ្រឿងម៉ាកនិច ពណ៍ផ្កាឈូក មកឌុបស្រ្តី ជាសង្សារឈ្មោះ ង្វៀង ធីង៉ុក ហៅ ល័ក្ខ (ត្រូវជាប្អូនថ្លៃរបស់ជនសង្ស័យឈ្មោះ ង្វៀង យុំាងតាំ) ដោយបានមកឈប់និយាយគ្នា នៅមុខហាងសាំងកាល់តិច ផ្លូវជាតិលេខ២ ភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពីរឿងសុំចែកផ្លូវគ្នា។ ទន្ទឹមនឹងនោះជនសង្ស័យចំនួន០២នាក់ឈ្មោះ ង្វៀង យុំាងតាំ និង ឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ មកឈប់ក្បែរ ហើយជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានចុះពីលើម៉ូតូដើរចូលទៅសួរនាំក៏មានទំនាស់ពាក្យសំដី និង វាយប្រតាយប្រតប់គ្នា ពេលនោះជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានដកកាំបិតតាំងតោ ចំនួន០១ដើមកាប់ទៅលើជនរងគ្រោះឈ្មោះ គីម សុខខឿន បណ្តាលឲ្យរបួសដៃខាងឆ្វេង ហើយជនរងគ្រោះបានហៅសង្សាឈ្មោះ ង្វៀង ធីង៉ុក ហៅ ល័ក្ខ ឲ្យឡើងជិះម៉ូតូជាមួយរត់គេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ២ (ឆ្ពោះទៅទិសដៅស្ពានអាកាសក្បាលថ្នល់)។
ភ្លាមៗនោះជនសង្ស័យទាំង០២នាក់ឈ្មោះ ង្វៀង យុំាងតាំ និង ឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានជិះម៉ូតូដេញតាមពីក្រោយរហូតដល់ចំណុចមុខការដ្ឋានបូមខ្សាច់ ផ្លូវជាតិលេខ២ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ (ចំណុចកើតហេតុ) ដោយម៉ូតូជនរងគ្រោះបានជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវធ្វើឲ្យជនរងគ្រោះឈ្មោះ គីម សុខខឿន ដួលបោកប៉ះទង្គិចក្បាល និង ខ្លួនប្រាណធ្ងន់ធ្ងរបណ្តាលឲ្យស្លាប់ ក្នុងពេលនោះជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានចុះទៅកាប់ជនរងគ្រោះចំនួន០១កាំបិតបន្ថែមទៀតត្រូវចំចង្កេះខាងឆ្វេង ចំណែកជនសង្ស័យឈ្មោះ ង្វៀង យុំាងតាំ បានទៅនាំស្រ្តីជាប្អូនថ្លៃឈ្មោះ ង្វៀង ធីង៉ុក ហៅ ល័ក្ខ ឲ្យឡើងជិះម៉ូតូជាមួយគេចខ្លួនបាត់ ។ លុះមកដល់វេលាម៉ោង២១ម៉០០នាទីថ្ងៃដដែល ឈ្មោះ បាវ ស្រី ភេទ ស្រី (ជាម្តាយរបស់ជនរងគ្រោះ) បានមកពិនិត្យមើលសាកសពជនរងគ្រោះ ហើយបានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចយើងចាត់ការតាមផ្លូវច្បាប់ ។
ដោយផ្អែកលើកការខិតខំស្រាវជ្រាវរបស់កម្លាំងផ្នែកនគរបាលយុត្តិធម៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ ហៃ ហៅ យ៉ាវ នៅចំណុចផ្លូវបេតុង ភូមិ អូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌ ច្បារអំពៅ យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើដើម្បីចាត់ការតាមនីតិវិធី ចំណែកបក្សពួកជនសង្ស័យឈ្មោះ ង្វៀង យុំាងតាំ បានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតីវិធីច្បាប់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]