រាជធានីភ្នំពេញ ៖ គួរឲ្យមានមោទនភាពណាស់ ព្រឹកថ្ងៃទី ០៩ មិថុនា ២០២១នេះ ជាថ្ងៃជ័យ ជាថ្ងៃដែល កម្ពុជា រៀបចំពិធីទទួល កែវតំណក់ប្រេងដំបូងរបស់កម្ពុជា មកតម្កល់ទុក ក្នុងវិមាននយោបាយ ឈ្នះ ឈ្នះ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ និង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។
ពិតណាស់ ថ្ងៃទី ២៩ ធ្នូ ២០២០ កន្លងមកនេះ ជាថ្ងៃដែល កម្ពុជាទទួលសមិទ្ធិផលប្រវត្តិសាស្ត្រ ដែលប្រជាជនខ្មែររងចាំអស់ជាច្រើនជំនាន់មកហើយ ទន្ទឹមនឹង ការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តំណក់ប្រេងដំបូង ក្នុងបរិបទការរីករាលដាលនៃ ជំងឺកូវីដនេះ ជាសក្ខីភាព នៃការខិតខំប្រឹងប្រែង ពុះពារដ៏ជោគជ័យរបស់ រាជរដ្ឋាភិបាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា ខាងក្រោមនេះ ជាអត្ថន័យនៃ ការរចនា កែវតម្កល់តំណក់ប្រេងដំបូងនេះ ៖
១. កែវដំណក់ប្រេងមានទម្រង់ក្រពុំឈូក ឬស្លឹកពោធិតំណាងឲ្យភាពរុងរឿង បរិសុទ្ធ ការចម្រើនលូតលាស់ដែលជាកំណប់ទ្រព្យរបស់កម្ពុជា។ កែវដំណក់ប្រេងមានកម្ពស់ ២៩សង់ទីម៉ែត្រ តំណាងឲ្យថ្ងៃទី ២៩ ដែលទទួលបានដំណក់ប្រេងរបស់កម្ពុជា។
២. ជើងពានត្របកឈូក តំណាងឱ្យសេចក្តីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរហូតទទួលបាននូវលទ្ធផលផ្លែផ្កា គឺការទទួលបាននូវធនធានប្រេងកាតសម្រាប់អភិវឌ្ឍជាតិមាតុភូមិកម្ពុជា។ ជើងពានត្របកឈូកមានកម្ពស់ ១២សង់ទីម៉ែត្រ តំណាងឱ្យខែ ១២ឬខែធ្នូដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។
៣. ពានជើងសឹង្ហ ឬឋានជើងបាតតំណាងឱ្យការជ្រោមជ្រែងរបស់ប្រជាជនកម្ពុជា និងមន្ត្រីរាជការដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធនានាក្នុងការខិតខំប្រឹងប្រែងធ្វើការងារទាញយកផលនៃធនធានធម្មជាតិ ដើម្បីយកមកអភិវឌ្ឍសង្គមជាតិ។ ពានជើងសឹង្ហ និងឋានជើងបាតមានកំពស់ ២០សង់ទីម៉ែត្រសំណាងឱ្យឆ្នាំ ២០២០ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។
៤. ក្បាច់កញ្ចាំងភ្ញីភ្លើងលម្អដោយនាគក្បាលបី តំណាងឱ្យតេជៈ ភាពចម្រុងចម្រើន សម្បូរសប្បាយនិងតំណាងឲ្យឆ្នាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាសម័យកាលដែលទទួលបាននូវដំណក់ប្រេងរបស់កម្ពុជា។
៥. និមិត្តរូបរួមនៃដំណក់ប្រេងដំបូងរបស់កម្ពុជាត្រូវបានប្រសិទ្ធនាមថា «បឋមតេលពិន្ទុកម្ពុជា»។
បឋមតេលពិន្ទុកម្ពុជា (ភាសាបាលី) មកពីពាក្យ បឋម ប្រែថាដំបូង + តេល ប្រែថាប្រេង + ពិន្ទុ ប្រែថាដំណក់ + កម្ពុជា គឺប្រទេសកម្ពុជា។ ប្រែជារួមថា «ដំណក់ប្រេងដំបូងរបស់កម្ពុជា»៕
ដោយ ៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]