​មនុស្ស​ប្រហែល​ជា​៣៩,៥%​​​ បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​ខ្លួន​មាន​ជំងឺ​មហារីក​នៅ​ដំណាក់កាល​ណាមួយ​នៃ​ជីវិត​របស់​ពួក​គេ​​។​ ថ្វី​ត្បិត​តែ​យើង​មិន​អាច​គ្រប់គ្រង​កត្តា​ហានិភ័យ​នៃ​ជំងឺ​មហារីក​មួយ​ចំនួន​ ដូចជា​ហ្សែន​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​អាច​ជ្រើសរើស​របប​អាហារ​​សុខភាព​ និង​បែបបទ​រស់​នៅ​ល្អ​ ​ដើម្បី​​ការពារ​ខ្លួន​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។

យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា​ ការ​ញ៉ាំ​បន្លែ​នៅ​ក្នុង​បរិមាណ​តិចតួច​ អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​ជំងឺ​មហារីក​មួយ​ចំនួន​។​ យ៉ាង​ណា​មិញ​ គ្នា​យើង​អាច​កាត់​បន្ថយ​ហានិភ័យ​ទាំង​នេះ​បាន​ តាម​រយៈ​ការ​ញ៉ាំ​​បន្លែ​ដ៏​មាន​ឥទ្ធិពល​មួយ​ប្រភេទ​​នេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​សិក្សា​អំពី​គុណប្រយោជន៍​នៃ​ផ្សិត​

ផ្សិត​មាន​អត្ថប្រយោជន៍​ប្រឆាំង​នឹង​កូលេស្តេរ៉ូល​ និង​ប្រឆាំង​នឹង​អាលែកហ្ស៊ី​។​ បន្ទាប់​ពី​វាយ​តម្លៃ​លទ្ធផល​នៃ​ការ​សិក្សា​ចំនួន​១៧​​ ​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​ផ្សិត​ក្នុង​បរិមាណ​ច្រើន​​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ជា​ពិសេស​គឺ​ជំងឺ​មហារីក​សុដន់​។ ​ជាក់​ស្ដែង​ អ្នក​ដែល​ញ៉ាំ​ផ្សិត​ចំនួន​១៨​ក្រាម​ជា​រៀង​រាល់​ថ្ងៃ​ មាន​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​មហារីក​ទាប​ជាង​អ្នក​ដែល​មិន​ញ៉ាំ​ផ្សិត​សោះ​ដល់​ទៅ​៤៥%​។

១. សារធាតុ​Selenium

ផ្សិត​គឺ​ជា​ប្រភព​ធម្មជាតិ​នៃ​សារធាតុ​រ៉ែ​Selenium។ ​សារធាតុ​Selenium នេះ​ ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​អាច​ដើរ​តួនាទី​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ និង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ៗ​ទៀត​​បាន​យ៉ាង​អស្ចារ្យ​។

២. វីតាមីន​B

ជាមួយ​គ្នា​នេះ​ដែរ​ ផ្សិត​សំបូរ​ទៅ​ដោយ​វីតាមីន​B​​ រួម​មាន​Riboflavin, Niacin និង​អាស៊ីដPantothenic ​ជា​ការ​រួម​​ផ្សំ​ដែល​ជួយ​ការពារ​សុខភាព​បេះដូង​។​ ម្យ៉ាង​វិញ​ទៀត​ សារធាតុ​​Riboflavin​ជួយ​ទ្រទ្រង់​កោសិកា​ឈាម​ក្រហម​ ហើយ​សារធាតុ​Niacin​ល្អ​ខ្លាំង​សម្រាប់​ប្រព័ន្ធ​​រំលាយ​អាហារ​ ក៏​ដូចជា​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​។

៣. ប៉ូតាស្យូម​

លើស​ពី​នេះ​ ប៉ូតាស្យូម​ដែល​មាន​នៅ​ក្នុង​ផ្សិត​មាន​សារសំខាន់​ណាស់​​សម្រាប់​មុខងារ​បេះដូង​ សាច់ដុំ​ និង​សរសៃ​ប្រសាទ​។​ ​​ផ្សិត​ចំនួន​២/៣​ពែង​ មាន​​កម្រិត​ប៉ូតាស្យូម​ខ្ពស់​ ​​​ដែល​អាច​ស្មើ​នឹង​ផ្លែ​ចេក​ទំហំ​មធ្យម​មួយ​​ផ្លែ​។

៤. វីតាមីន​D

​ការ​ស្រាវជ្រាវ​បាន​ភ្ជាប់​កង្វះ​វីតាមីន​D ​ទៅ​នឹង​ស្ថានភាព​សុខភាព​ជា​ច្រើន​ ដូចជា​ទឹក​នោម​ផ្អែម​ ជំងឺ​សរសៃ​ឈាម​បេះដូង ជំងឺ​រលាក​ពោះវៀននិង​ជំងឺ​មហារីក​មួយ​ចំនួន​។​ ​ដូច្នេះ​ហើយ​ ដើម្បី​បញ្ចៀស​ការ​កើត​ជំងឺ​ដ៏​កាច​សាហាវ​ទាំង​នេះ​ គ្នា​យើង​គប្បី​​បន្ថែម​អាហារ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​D​​ឲ្យ​បាន​គ្រប់គ្រាន់​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]