សង្គម: យោងតាមសេចក្តីជូនដំណឹង(ប្រញាប់) របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាណាចក្រកម្ពុជា និងដើម្បី បង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta នេះ ចូលក្នុងសហគមន៍ គណៈកម្មការអន្តរ ក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមធ្វើការណែនាំដូចខាងក្រោម៖

១-អនុវត្តវិធានការធ្វើចត្តាឡីស័កនៅមណ្ឌលធ្វើចត្តាឡឺស័កមាត់ច្រកព្រំដែន ចំពោះអ្នកដំណើរទាំងអស់ ដែលធ្វើដំណើរឆ្លងចូលមកក្នុងប្រទេសកម្ពុជា ដោយមិនធ្វើការដឹកជញ្ជូនបន្ត ដើម្បីយកទៅធ្វើចត្តាឡីស័ក នៅតាមភូមិ ឃុំទៀតទេ។ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត (គ.រ.ខ.) ត្រូវសហការជាមួយអនុគណៈកម្មការ គ្រប់គ្រងច្រកទ្វារចេញ-ចូល និងការធ្វើចត្តាឡីស័ក ដើម្បីកំណត់ទីតាំងមណ្ឌលចត្តាឡីស័កដែលនៅជិតបំផុតសម្រាប់ ការធ្វើចត្តាឡីស័កនេះ។ ទន្ទឹមនឹងនេះ អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការ ពង្រឹងវិធានការចត្តាឡីស័កនេះ នៅតាមមណ្ឌលឲ្យបានម៉ឺងម៉ាត់ ស្របតាមគោលការណ៍ណែនាំផ្នែកសុខាភិបាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

២-បង្កើនការពង្រឹងការគ្រប់គ្រងច្រកព្រំដែន ជាពិសេស ច្រករបៀង ចៀសវាងការជ្រៀតឆ្លងព្រំដែនចូល មកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ដែលបង្កហានិភ័យក្នុងការចម្លងមេរោគបំប្លែងខ្លួនថ្មី ចូលក្នុងសហគមន៍។ គ. រ.ខ. ត្រូវចាត់វិធានការពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋធ្វើចំណាកស្រុក ដែលវិលត្រឡប់មកភូមិ-ឃុំវីញ និងត្រូវអនុវត្តវិធាន ការចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កឲ្យបានម៉ឺងម៉ាត់ ក្នុងករណីដែលរកឃើញថា ប្រជាពលរដ្ឋទាំងនោះ ពុំបានឆ្លង កាត់ការធ្វើចត្តាឡីស័កនៅតាមព្រំដែន។

៣-ពង្រឹងការអនុវត្តវិធានការ ទាំងផ្នែករដ្ឋបាល ទាំងផ្នែកសុខាភិបាល សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់ នូវខ្សែរយៈចម្លងនៃមេរោគកូវីដ-១៩ ប្រភេទថ្មីនេះ នៅតាមមូលដ្ឋានដែលត្រូវបានរកឃើញអ្នកដែលបានឆ្លងជំងឺនេះ។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមអជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃមេរោគកូវីដ១៩នេះ ឲ្យចេញឆ្ងាយពីព្រះរាជាណាចក្រកម្ពុជាយើង៕

សេចក្តីជូនដំណឹងប្រញាប់របស់ក្រសួងសុខាភិបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]