រាជធានីភ្នំពេញ៖ យោងតាមការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នឹងអូសបន្លាយរយៈពេលយូរបន្ថែមទៀត ហើយនឹងមិនចប់ភ្លាមៗនោះទេ ស្របពេលដែលវីរុសបំប្លែងខ្លួនថ្មី ដែលតា ដែលលេចចេញដំបូងនៅប្រទេសឥណ្ឌា ហើយវីរុសនេះកំពុងតែរាលដាលនៅកម្ពុជា គឺជាគ្រោះថ្នាក់ធំបំផុត។

ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា អាជ្ញាធរត្រូវតែបន្តការទប់ស្កាត់ការនាំចូលនូវកូវីដ-១៩ បំប្លែងថ្មី ដោយពង្រឹងច្រកចេញចូលតាមព្រំដែន និងទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ សម្ដេច ហ៊ុន សែន បន្ថែមថា ព្រំដែនគោក គឺត្រូវបានពង្រឹងវិធានការ ចាប់តាំងពីមានការផ្ទុះកូវីដ-១៩ បំប្លែងថ្មី នៅថៃ និងវៀតណាម មកម្លេះ។ សម្រាប់ព្រំដែនប្រទេសឡាវ គឺមិនមានការពង្រឹងវិធានការទេ ដោយប្រទេសឡាវ ពុំសូវមានករណីផ្ទុះខ្លាំងនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា យោងតាមការឱ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះថា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១​ ប្រទេសកម្ពុជាបានរកឃើញ មេរោគបំប្លែងខ្លួនថ្មី ដែលតា B.1.617-2 (Delta) សរុប ២២ នាក់ហើយ៕

គិតមកត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ តាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជា បានរកឃើញករណីឆ្លងសរុបចំនួន ៥០,៣៨៥ ដោយករណីជាសះស្បើយមានចំនួន ៤៤,១៤៣ ករណីឆ្លងថ្មីមានចំនួន ១១៣០ ជាមួយនឹងការករណីនាំចូលពីក្រៅពីប្រទេសមានចំនួន​សរុប ២,៥៤៨ ក្នុងនោះ មានករណីស្លាប់ចំនួន ៦០២ ៕

សម្តេចតេជោ ហ៊ុន សែន
ទិន្នន័យពីក្រសួងសុខាភិបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]