ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ អ្នកនិយមលេងបណ្តាញសង្គម ហ្វេសប៊ុក ក៏ដូចជាមជ្ឈដ្ឋានទូទៅ កំពុងតែបន្តការចែករំលែក ក្នុងបញ្ជេញមតិទូទៅ នៃទង្វើមិនគប្បី របស់ប្រទេសថៃ កំពុងបានសាងសង់ ចម្លងសំណង់ស្ថាបត្យកម្ម ដ៏អស្ចារ្យរបស់ប្រទេសកម្ពុជាគឺ ប្រាសាទអង្គរវគ្ត ដែលជា សម្បត្តិបេតិកភណ្ឌពិភពលោក

បន្ថែមពីនេះទៅទៀត ពោលគឺថា រឿងរ៉ាវចំណុចរសើបមួយនេះ បានធ្វើឲ្យប្រជាជនកម្ពុជានៅទូទាំងប្រទេស មានការភ្ញាក់ផ្អើលជាខ្លាំង ដែលបានធ្វើឲ្យមានការខឹងសម្បារ ក៏ដូចជាកើតទុក្ខមិនសុខចិត្តជាខ្លាំង ដែលគម្រោងសាងសង់ចម្លង ក្នុងការសាងសង់នោះ នៅតែដំណើរការដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅគណនីផេកហ្វេសប៊ុកមួយ បានមានការចែករំលែក នៃប្រវត្តិអតីតកាលស្រដៀងគ្នានេះដែរ ដែលកំឡុងឆ្នាំ ២០០១ ក៏ដូចជា ២០០៣ រឿងរ៉ាវអំពីតារាសម្តែងស្រី ដែលទទួលបាន ស្រលាញ់ និងគាំទ្រ ពីសំណាក់ ប្រជាជនខ្មែរ និងហៅនាងពេញៗមាត់ថា «ផ្កាយព្រឹក» គឺអ្នកនាង Kob Suvanant Kongying ។

តួយ៉ាង វាបានកើតឡើង នៅពេលដែល ស្ថានីយវិទ្យុ FM-105 របស់ប្រទេសថៃបាន ដកស្រង់សម្តីរបស់តារាស្រីរូបនេះយកមកចុះផ្សាយថា នាងផ្កាយព្រឹក អះអាងថាប្រាសាទអង្គរវត្ត គឺជាប្រាសាទរបស់ថៃ បើចង់ឲ្យនាងទៅសម្ដែងនៅកម្ពុជា ត្រូវប្រគល់ប្រាសាទអង្គរវត្តមកឲ្យថៃវិញ ពេលនោះកាសែតកម្ពុជាទាំងអស់បានចុះផ្សាយពាសពេញប្រទេសដូច្នេះដែរ។

ដោយឡែក នៅពេលនោះ និស្សិតខ្មែរជាច្រើន មានការខឹងសម្បារជាខ្លាំង រហូតមានបងប្អូនមួយចំនួន នាំគ្នាធ្វើបាតុកម្ម នៅមុខស្ថានទូតថៃ ដើម្បីឲ្យតួសម្ដែងរូបនេះសុំទោសជាសាធារណៈ ប៉ុន្តែមិនមានការឆ្លើយតបពីតំណាងភាគីថៃណាម្នាក់នោះទេ ក្រោយមកក្រុមប៉ូលីសដែលយាមការក្នុងស្ថានទូតថៃ បានប្រើកាំភ្លើងបាញ់គម្រាម វ៉ូងបាតុករ ជាច្រើនគ្រាប់ ទើបធ្វើឲ្យនិស្សិតនិងពលរដ្ឋកាន់តែខឹងសម្បារ និងបានដុតស្ថានទូតថៃតែម្ដង និងបានដុតបំផ្លាញក្រុមហ៊ុនថៃមួយចំនួនថែមទៀតផង ។

ជាលទ្ធផល ជម្លោះរឿងមួយនេះ បានធ្វើឲ្យខាងភាគីខាងថៃ បានខាតបង់ប្រាក់ ៥៦លានដុល្លារអាមេរិក ខណៈខាងភាគីកម្ពុជាវិញ ត្រូវសងថ្លៃខូចខាត ៦លានដុល្លារអាមេរិក តែចំពោះការដុតបំផ្លិចបំផ្លាញស្ថានទូតថៃប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ ត្រូវបានឲ្យដឹងថា ព្រំដែន កម្ពុជា រវាងថៃ ត្រូវបានបិទអស់រយៈពេល ៣ខែ បន្ថែមពីនេះទៅទៀត កម្ពុជាប្រកាសដាក់បំរាមបិទរឿងភាគថៃទាំងអស់មិនឲ្យចាក់ផ្សាយ ក្នុងប្រទេសកម្ពុជា អស់រយៈកាល ១០ឆ្នាំ។

ទោះជាយ៉ាងណា ក្រោយមក រឿងនេះក៏បានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីតារាស្រីវ័យ ៤២ឆ្នាំរូបនេះ បានចេញមុខ សុំទោសប្រជាជនកម្ពុជាជាសាធារណៈ ចំពោះកំហុសឆ្គងដោយអចេតនារបស់នាង និងមានការចុះផ្សាយ ដោយសារព័ត៏មាន ល្បីល្បាញជាច្រើន ទូទាំងសកលលោក ចំពោះការសុំទោសរបស់នាងផងដែរ៕

ប្រភព៖ ប្រវត្តិសាស្ត្រ​ និង​នយោបាយ​ ច្បាប់

សូមទស្សនារូបភាពខាងក្រោម៖ 

Kob Suvanant Kongying
Kob Suvanant Kongying
Kob Suvanant Kongying
ស្ថានទូតថៃ ត្រូវបានដុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]