មហារីកជាជំងឺកាចសាហាវ គួរណាស់តែគ្នាយើងស្រីៗស្វែងយល់ព័ត៌មានពីជំងឺ និងរោគសញ្ញាឲ្យបានច្បាស់ ព្រោះមហារីក ជាជំងឺកាចសាហាវ កើតឡើងនៅលើរាងកាយយើងស្ងាត់ៗ ទម្រាំតែដឹង អាចហួសពេលព្យាបាល។
ជំងឺមហារីកលើមនុស្សស្រីទាំង ៥មុខ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ជំងឺមហារីកសុដន់៖ ជំងឺមហារីកសុដន់ អាចកើតឡើងលើមនុស្សស្រីគ្រប់វ័យ ប៉ុន្តែបើអាយុកាន់តែខ្ពស់ ហានិភ័យកើតមហារីកសុដន់ក៏កាន់តែខ្ពស់ដូចគ្នា។ ហានិភ័យប្រឈមកើតមហារីកសុដន់មានច្រើនដូចជា ភេទស្រី អាយុ ប្រវត្តិគ្រួសារ កត្តាហ្សែន ធាត់លើសទម្ងន់ អស់រដូវ ឬមិនធ្លាប់មានរដូវ។ រោគសញ្ញាស្រីគ្នាយើងគួរកត់សម្គាល់រួមមាន៖
- ឈឺក្នុងក្លៀក ឬសុដន់ មិនមែនបណ្ដាលពីការមកវដ្តរដូវ
- មានទ្រុឌ ឬស្បែកសុដន់ឡើងក្រហម ដូចផ្លែក្រូច
- រមាស់ចុងសុដន់ម្ខាង
- មានខ្ទុះចេញពីចុងសុដន់ អាចមានទាំងឈាមមកជាមួយ
- ចុងសុដន់លិបចូលក្នុង
- សុដន់ម្ខាងធំជាងម្ខាងទៀត
- ឡើងប្រេះស្រកា ឬរបកស្បែកសុដន់ ស្បែកចុងសុដន់។
២. ជំងឺមហារីកមាត់ស្បូន៖ ជំងឺមហារីកមាត់ស្បូន ឧស្សាហ៍ជួបប្រទះបំផុតលើស្រ្ដីពាសពេញពិភពលោក។ មហារីកមាត់ស្បូន បង្កឡើងនៅក្នុងមាត់ស្បូន ស្ថិតនៅផ្នែកក្រោមស្បូន ចាប់ផ្តើមរីកលូតលាស់មិនអាចគ្រប់គ្រងបាន។ កោសិកាថ្មី កកើតឡើងឆាប់រហ័ស បង្កើតជាដុំសាច់នៅក្នុងកស្បូន។ កត្តាប្រឈមនៃជំងឺមហារីកស្បូនមាន ឆ្លងមេរោគ HPV ជក់បារី ប្រព័ន្ធភាពស៊ាំធ្លាក់ចុះ ឆ្លងមេរោគប្រមេះ ញ៉ាំផ្លែឈើ បន្លែតិចតួច និង ធាត់លើសទម្ងន់។ ស្រីៗគួរតាមដានមើលរោគសញ្ញាដូចជា៖
- ឈឺចាប់ពេលរួមភេទ
- ឈឺពោះផ្នែកខាងក្រោម ឬឈឺត្រគាក
- ធ្លាក់សខុសប្រក្រតី មានឈាមលាយឡំជាមួយ
- ធ្លាក់ឈាមតាមទ្វារមាស មានលក្ខណៈមិនប្រក្រតី ធ្លាក់ឈាមចន្លោះពេលមានរដូវ មករដូវមានរយៈពេលយូរ
- មានឈាមក្រោយពេលរួមភេទ អំឡុងពេលរួមភេទ ឬក្រោយពេលអស់រដូវ មានឈាមបន្ទាប់ពីបន្ទោបង់ និងក្រោយពិនិត្យអាងត្រគាក។
៣. ជំងឺមហារីកពោះវៀនធំ៖ មហារីកពោះវៀនធំគឺជាមហារីកកើតឡើងលើសរីរាង្គពោះវៀនធំដែលជាផ្នែកចុងក្រោយនៃផ្លូវរំលាយអាហាររបស់មនុស្ស។ កត្តាប្រឈមកើតជំងឺមហារីកពោះវៀនធំមាន អាយុច្រើន មានសាច់ដក់ក្នុងប្រហោងពោះវៀន មានរបបអាហារមានជាតិសរសៃតិច ជក់បារី និងផឹកស្រាច្រើន អង្គុយធ្វើការច្រើនមិនសូវបញ្ចេញកម្លាំងកាយ។ រោគសញ្ញាគួរតាមដានមាន៖
- ចលនាពោះវៀនធំមានការប្រែប្រួលដូចជាទល់លាមក ឬរាកខុសប្រក្រតីជាច្រើនសប្ដាហ៍
- មានការហូរឈាមតាមរន្ធគូថ
- ឈឺពោះចុក និងឆ្អល់ណែនជាប្រចាំ
- មានអារម្មណ៍ថាពោះវៀនមានស្ទះអ្វីមួយ
- នឿយហត់ និងអស់កម្លាំង
- ស្រកទម្ងន់ជាដើម
៤. ជំងឺមហារីកស្រទាប់ស្បូន៖ មហារីកស្រទាប់ស្បូន ជាមហារីកដែលកើតដំបូងនៅក្នុងស្បូន។ ជំងឺនេះចាប់ផ្ដើមដំបូងនៅក្នុងស្រទាប់កោសិការបស់ស្រទាប់ស្បូន ពេលខ្លះគេក៏អាចហៅវាថាមហារីកស្បូនផងដែរ។ កត្ដាប្រឈមធ្វើឲ្យកើតជំងឺមហារីកស្រទាប់ស្បូនមានដូចជា អាយុ ចំណីអាហារ និងលំហាត់ប្រាណ ជំងឺទឹកនោមផ្អែម ប្រវត្តិគ្រួសារដូចជាមានសាច់ញាតិកើតមហារីកស្រទាប់ស្បូន ឬមហារីកពោះវៀនធំជាដើម។ រោគសញ្ញាទូទៅរបស់មហារីកស្រទាប់ស្បូនមាន៖
- ហូរឈាមតាមទ្វារមាសក្រោយអស់រដូវ
- មានធ្លាក់ឈាមចន្លោះវដ្តរដូវ
- ធ្លាក់ស ឬឈាមខុសធម្មតាតាមទ្វារមាស
- ឈឺត្រគាក
៥. ជំងឺមហារីកក្រពេញអូវែ៖ មហារីក្រពេញអូវែ ជាដុំមហារីកវិវត្តនៅក្នុងក្រពេញអូវែ ដែលជាកន្លែងផលិតស៊ុត (មេជីវិតញី) និងអ័រម៉ូនស្រ្តី ដូចជា អ័រម៉ូនអឺស្រ្តូសែន និងប្រ្តូហ្គេសេ្តរ៉ូន។ មហារីកក្រពេញអូវែ ភាគច្រើនកើតចំពោះស្រីៗវ័យកណ្តាល ខណៈករណីស្រីៗស្លាប់ដោយសារកើតមហារីកក្រពេញអូវែ ភាគច្រើនលើស្រីៗមានវ័យលើសពី ៥៥ ឆ្នាំ។ កត្តាប្រឈមជំងឺមហារីកក្រពេញអូវែមាន មានជំងឺមហារីកសុដន់ មានកូនតិច ប្រើប្រាស់ថ្នាំអ័រម៉ូនយូរឆ្នាំ និងកត្តាអាយុ។ រោគសញ្ញាយើងគួរតាមដានមានដូចជា៖
- ហើមពោះ និងយារប៉ោង
- ឆាប់ឆ្អែតពេលញ៉ាំអាហារ
- ស្រកទម្ងន់
- មានអារម្មណ៍មិនស្រួលនៅតំបន់អាងត្រគាក
- ផ្លាស់ប្តូរការបន្ទោបង់
- បត់ជើងតូចញឹកញាប់
- រដូវមិនទៀង
- ចង្អោរ ក្អួត មិនរំលាយអាហារ មិនចង់ញុំអាហារ ហើមពោះ
- ឈឺឆ្អឹងខ្នងដោយគ្មានមូលហេតុ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]