កំពង់ឆ្នាំង៖ បើនិយាយដល់ ព្រះវិហារបុរាណដ៏ចំណាស់ វត្តកំពង់ត្រឡាចលើ ឬហៅវត្តពោធិរុក្ខារាម បានកសាងឡើនៅ សតវត្សរ៍ទី១៧ ក្នុងគ្រិស្ដសករាជ ១៦៧២។ ម្យ៉ាងវិញទៀត ដោយសារព្រះវិហារមួយនេះ មានសភាពចាស់ទ្រុឌទ្រោម ទើបពុទ្ធបរិស័ទនៅទីនោះបានជួសជុលកសាងវិញបន្ថែមនៅដើមសតវត្សរ៍ទី២០ រហូតមកទល់បច្ចុប្បន្ន។
វត្តបុរាណមួយនេះមានប្រវត្តិយូរលង់ណាស់មកហើយ បើនិយាយពីអាយុកាលប្រមាណជាង ៣០០ឆ្នាំ ដែលដូនតាខ្មែរបានចាប់ផ្តើមសាងសង់រហូតមកទល់បច្ចុប្បន្ននេះ។ ពិតណាស់វត្តកំពង់ត្រឡាចលើ ជាវត្តដែលមានអាយុកាលចំណាស់ជាងគេក្នុងទឹកដីខេត្តកំពង់ឆ្នាំង ហើយព្រះវិហារបុរាណនេះមានទំហំទទឹង១២ម៉ែត្រ និងមានទំហំបណ្ដោយ២០ម៉ែត្រ ចំណែកសសរវិញមានចំនួន ៦២ដើម។ ព្រះវិហារមួយនេះសាងសង់នៅលើខឿនថ្មបាយក្រៀម ប្រៀបបានទៅហ្នឹងទីខឿនប្រាសាទបុរាណ ដែលជាទីស្ថានសក្ការៈដ៏ខ្ពង់ខ្ពស់នៃជំនឿជនជាតិខ្មែរយើង។
លើសពីនេះទៅទៀត ព្រះវិហារបុរាណនេះ មានគូទឹកព័ទ្ធជុំវិញ ហើយនៅក្រោយព្រះវិហារមានស្រះទឹកតាំងពីបុរាណកាលធំៗចំនួន២ថែមទៀតផង។ បើក្រឡេកទៅមើល រូបគំនូរសិល្បៈបុរាណលើជញ្ជាំងនៃព្រវិហារ ពិតជាមានក្បូរក្បាច់ដ៏ល្អវិចិត្រមិនអាចកាត់ថ្លៃបាន ទាំងស្នាដៃគូរ និងការផាត់ពណ៌ មើលទៅមានភាពស្រស់ស្អាតរស់រវើកតែម្ដង។
តែបច្ចុប្បន្នរូបគំនូរលើជញ្ជាំងព្រះវិហារមួយនេះ មានសភាពខូចខាតច្រើន ដោយគំនូរខ្លះបានរលុបសឹងមើលមិនឃើញ ចំណែកគំនូរឯទៀតនៅល្អ តែមិនដូចដើមឡើយ។ មូលហេតុដែលគំនូរទាំងនេះ ខូចខាតក៏ដោយសារធម្មជាតិ និងមនុស្ស។ បើតាមមើលឃើញជាក់ស្ដែង ដំបូលព្រវិហារមានភាពលិចទឹកស្រក់ហូរលើជញ្ជាំងផ្ទាំងគំនូរ ហើយមួយវិញទៀត ក្នុងជំនាន់សម័យ ប៉ុល ពត គេបានយកព្រះវិហារបុរាណនេះ ធ្វើជាកន្លែងឃុំឃាំងមនុស្ស ជាឃ្លាំងស្តុកអំបិល និងជាកន្លែងបិតស្រា ទើបធ្វើឲ្យមានផលប៉ះពាល់ដល់ផ្ទាំងគំនូរយ៉ាងដូច្នេះ។
យ៉ាងណាមិញ ផ្ទាំងគំនូរល្អឯកមួយនេះត្រូវបានគូរឡើងដោយជាងគំនូរ២នាក់ ម្នាក់មានឈ្មោះ ប៉ាល់ និង ម្នាក់ទៀតឈ្មោះ ជា បានបានបន្សល់ស្នាដៃគូររូបគំនូរដ៏វិចិត្រទាំងនេះ នៅលើជញ្ជាំងព្រះវិហារបុរាណនេះ។ ក្នុងនោះដែរ បើតាមការស្រាវជ្រាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិយាយថា រូបគំនូរទាំងនេះដូចគ្នាទៅនឹងរូបគំនូរក្នុងប្រាសាទព្រះកែវមរកត ដែលស្ថិតនៅក្នុងព្រះបរមរាជវាំង ហើយមានអាយុកាលស្មើគ្នាទៀតផង។
ជាមួយគ្នានេះដែរ បើងាកទៅចាប់អារម្មណ៍លើសាលាធម្មសភាវិញ មានអាយុកាលសាងសង់ដំណាលគ្នាទៅនឹងព្រះវិហារដែរ។ ម្យ៉ាងវិញទៀត សាលាធម្មសភាមួយនេះ សាងសង់ក្នុងទំហំ ១៤ម៉ែត្រ គុណ ១៦ម៉ែត្រ ចំណែកជណ្ដើរធ្វើអំពីថ្មបាយក្រៀម និងជញ្ជាំងធ្វើពីរនៀបឬស្សី និងស៊ីម្ម៉ង់។
គួរបញ្ជាក់ផងដែរថា គំនូរដ៏ល្អឯកបង្ហាញលើផ្ទៃជញ្ជាំងព្រះវិហារ វត្តកំពង់ត្រឡាចលើ ឬហៅវត្តពោធិរុក្ខារាមនេះ បានបរិយាយអំពីរឿង៤យ៉ាង ដែលមានដូចជា ផ្នែកខាងលើនិយាយពីរឿងរាមកេរ្តិ៍ ផ្នែកកណ្ដាលនិយាយពីរឿពុទ្ធប្រវត្តិ ហើយផ្នែកខាងក្រោមរឿងងពុទ្ធជាតក ហើយមួយវិញទៀតនិយាយពីដំណើរជីវភាពរស់នៅ និងវប្បធម៌ប្រពៃណីជនជាតិខ្មែរនាសម័យឧដុង្គផងដែរ។
ជាក់ស្ដែង ដើម្បីទៅកាន់ទីវត្តអារាមមានអាយុកាលចំណាស់ វត្តកំពង់ត្រឡាចលើ ភ្ញៀវទេសចរទាំងអស់អាចធ្វើដំណើរបាន២ផ្លូវ ដោយទី១ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ដល់ផ្សារសាលាលេខ៥ បត់ស្ដាំ ឆ្ពោះទៅមុខរហូតប្រមាណ៧គីឡូម៉ែត្រ។ ទី២ អាចធ្វើដំណើរតាមផ្លូវជាតិលេខ៥ ដល់រូបសំណាក់អង្គដួងជិះសេះបត់ស្ដាំ ជិះតាមផ្លូវលំតាមដងទន្លេសាបឆ្ពោះទៅកាន់ស្រុកកំពង់ត្រឡាច ហើយវត្តមួយនេះមានចម្ងាយប្រមាណ៤៦គីឡូម៉ែត្រពីទីក្រុងភ្នំពេញ៕
ចង់ជ្រាបកាន់តែច្បាស់ អំពីផ្ទាំងគំនូរដ៏វិចិត្រ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
ខ្មែរឡូតសូមរក្សាសិទ្ធិ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]