រាជធានីភ្នំពេញ៖ ហ្វូងសត្វខ្ទីងជាច្រើន ត្រូវបានក្រុមអ្នកស្រាវជ្រាវ នៃក្រសួងបរិស្ថាន ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ បង្ហាញវត្តមាន ក្នុងដែនជម្រកសត្វព្រៃនៅកម្ពុជា កាលពីពេលថ្មីៗនេះ។
ទាក់ទិនវត្តមានសត្វខ្ទីង ដែលជាសត្វមួយប្រភេទដែលជិតផុតពូជនៅក្នុងពិភពលោកនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ថា វត្តមាននៃកូនសត្វខ្ទីងជាច្រើន គឺជាក្តីសង្ឃឹមមួយសម្រាប់អ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះពិភពលោក ខណៈសត្វខ្ទីង ត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាសត្វមួយប្រភេទងាយរងគ្រោះនៅលើពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ អ្នកនាំពាក្យរូបនេះ ក៏បានលើកឡើងពីប្រវត្តិរបស់សត្វខ្ទីងធ្លាប់មានវត្តមាននៅតាមតំបន់ដែលមានព្រៃក្នុងតំបន់អាស៊ីភាគខាងត្បូង និងភាគអាគ្នេយ៍ និងប្រទេសស្រីលង្កា។ ចំនួនសត្វខ្ទីងត្រូវបានសិក្សាថា មានការថយចុះជាង ៨០%ក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ ហើយសត្វខ្ទីងនៅលើពិភពលោកបានថយចុះប្រមាណ៩០% ចាប់ពីពាក់កណ្តាលសតវត្សរ៍ទី២០មក។
លោកនេត្រ ភក្ត្រា បានបន្តថា តាមការសិក្សារបស់អ្នកជំនាញ សត្វខ្ទីងនៅកម្ពុជា មានការធ្លាក់ចុះប្រមាណជាង ៥០% នៅក្នុងអំឡុង ពេលចន្លោះពីឆ្នាំ១៩៦០ មកដល់ដើមឆ្នាំ១៩៩០។ ចំនួននេះត្រូវបានរកឃើញថាមានការធ្លាក់ចុះបន្ថែមទៀតរហូតមកដល់ពេលនេះ។ បើទោះបីជាការសិក្សាបានបង្ហាញថាចំនួនសត្វខ្ទីងនៅកម្ពុជាមានការថយចុះស្របតាមនិន្នាការនៃការថយចុះរបស់ពិភពលោក តែរបាយប្រជាសាស្ត្រសត្វខ្ទីង មាននៅស្ទើរគ្រប់តំបន់ការពារធម្មជាតិនានា។
គួរជម្រាបថា សត្វប្រភេទនេះចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ហើយសត្វខ្ទីងតែងតែចេញរកស៊ីនៅពេលព្រឹក និងពេលល្ងាច។ សត្វខ្ទីងចូលចិត្តរស់នៅជាហ្វូង ហើយអាហាររបស់វា គឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ សត្វខ្ទីងញីអាចបង្កើតកូនបាន១ បន្ទាប់ពីពពោះរយៈពេល ៩ខែ។ សត្វខ្ទីងញីពេញវ័យអាចមានទម្ងន់រហូតដល់ជិត ១តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់១.៥តោន។
លើសពីនេះទៀតថា លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចំនួនសត្វខ្ទីងមានការថយចុះគួរឱ្យកត់សម្គាល់ដោយសារតែការបាត់បង់ទីជម្រក ជាពិសេសគឺការបរបាញ់ ការដាក់អន្ទាក់ដើម្បីយកសាច់ ស្នែង ឆ្អឹង និងការជួញដូរផ្សេងទៀត ព្រមទាំងការឆ្លងជំងឺពីសត្វស្រុក។ សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស។ អន្ទាក់ និងកាំភ្លើងកែច្នៃ គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃនៅកម្ពុជា ដែលចាំបាច់ត្រូវទប់ស្កាត់ និងបង្ក្រាបកុំឱ្យមានការយកចូលក្នុងតំបន់ការពារធម្មជាតិ។ អន្ទាក់ជាង ៧ម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងកាំភ្លើងកែច្នៃជាង ១,០០០ដើម ត្រូវបានរឹបអូសក្នុងរយៈពេល ១៨ខែចុងក្រោយនេះ៕
ប្រភព៖ ក្រសួងបរិស្ថាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]