សៀមរាប ៖ ពិតណាស់ ជឿជាក់ថា បងប្អូនខ្មែរ ជាច្រើនប្រាកដជាស្គាល់ និងធ្លាប់ឃើញ វត្តមានរបស់លោកពូ ដែលជា មគ្គុទេសទេសចរណ៍ ដ៏ល្បីឈ្មោះម្នាក់នេះ ស្ទើរគ្រប់គ្នារួចមកហើយ លើបណ្តាញសង្គម ម្យ៉ាងទៀត ដោយសារតែ ក្នុងពេលថ្មីៗនេះ ប្រធានបទ ប្រាសាទអង្គរវត្ត មានការផ្ទុះការចាប់អារម្មណ៍ជាខ្លាំងនោះ ក្រុមការងារយើង នឹងនាំលោកអ្នក ទៅជួបសម្តីផ្ទាល់របស់លោកពូ ជាពិសេស ក្នុងការសម្ភាសនេះ លោកពូ បានរៀបរាប់ ទាំងជីវិតរស់នៅបច្ចុប្បន្ន លក្ខណៈពិសេសៗរបស់ប្រាសាទអង្គរវត្ត មិនតែប៉ុណ្ណោះ ក្នុងនោះ ក៏បានស្រាយចម្ងល់ រឿងសិលាចារិកបណ្តាសារ និង រឿងរ៉ាវល្បីកក្រើក ពីប្រាសាទថៃស្រដៀងនឹង ប្រាសាទអង្គរវត្តថែមទៀតផង។

ប្រាសាទអង្គរវត្ត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

+ អំពីខ្ញុំ

រូបភាពពី លោក ហៀក សេងហួត

ខ្ញុំបាទឈ្មោះ ហៀក សេងហួត អាយុ ៥១ឆ្នាំ ជាមគ្គុទេសទេសចរណ៍ ជាអ្នកនាំភ្ញៀវ ជាអ្នករ៉ាយរ៉ាប់តាមជញ្ជាំង នៃប្រាសាទអង្គរ ដោយសារតែ ការស្រលាញ់ ពេញចិត្ត ដកចិត្តមិនបានពី វប្បធម៌ ចំណេះដឹង និង ដើម្បីជួយផ្សព្វផ្សាយ ចែករំលែកមរតកដូនតា ផងនោះ ខ្ញុំបានផ្លាស់ពី ស្រុកកំណើត ក្នុងទឹកដីខេត្តត្បូងឃ្មុំ ផ្នែកខាងកើតទន្លេមេគ្គង មកកាន់ ខេត្តសៀមរាប រហូតមកទល់សព្វថ្ងៃ អស់ពេលជាង ២០ឆ្នាំមកហើយ។

សព្វថ្ងៃនេះ ខ្ញុំមានកូនៗក្នុងបន្ទុក ចំនួន៣នាក់ កូនស្រីច្បងអាយុ ១៨ឆ្នាំ រៀនថ្នាក់ទី ១១ កូនប្រុសទី២ អាយុ ១៦ឆ្នាំ រៀនថ្នាក់ទី ៩ និងកូនប្រុសពៅ អាយុ១២ឆ្នាំ រៀនថ្នាក់ទី ៥។ ដោយសារតែ ទឹកចិត្តស្រលាញ់ អង្គរវត្តនេះហើយ ទើបធ្វើឲ្យខ្ញុំមិនអាច ទៅណាឆ្ងាយបាន ក្រៅពីទីនេះ គឺដើម្បីជួយពង្រាយចំណេះដឹងថ្មីៗ ជូនដល់បងប្អូន។

+ អំពីអាជីពខ្ញុំ

រូបភាពពី លោក ហៀក សេងហួត

ក្នុងការងារ អាជីពជា មគ្គុទេសទេសចរណ៍ អ្នកនាំភ្ញៀវ អ្នករ៉ាយរ៉ាប់តាមជញ្ជាំងប្រាសាទដូចបច្ចុប្បន្ននេះ គឺខ្ញុំបានរៀនសូត្រ ពីសាលារៀន វត្តអារាម ពុកម៉ែបងប្អូន លោកតា​លោកយាយ អ្នកស្រុកភូមិ តាំងពីយូរមកហើយ តែខ្ញុំទើបនឹង ចេញធ្វើការ ជាផ្លូវការ ក្នុងឆ្នាំ ២០០០ ដែលកំឡុងពេលនោះ ភ្ញៀវទេសចរណ៍មកទស្សនាប្រាសាទ មិនសូវជាកុះករច្រើនប៉ុន្មានទេ មានតែតិចតួចប៉ុណ្ណោះ តែប្រហែលជា ៤ទៅ ៥ឆ្នាំបន្ទាប់ ចន្លោះឆ្នាំ ២០០៤ និង ២០០៥ មក ភ្ញៀវទេសចរណ៍ ហាក់មានសភាពអ៊ូអរ។

មួយវិញទៀត ក្នុងរដូវមិនសូវមាន ភ្ញៀវមកទស្សនានោះ មគ្គុទេសជាច្រើន បានត្រលប់ទៅស្រុកកំណើតវិញ នៅសល់តែរូបខ្ញុំ ដែលនៅទីនេះ នៅដើម្បីជួយចែករំលែកបទពិសោធន៍របស់ខ្ញុំទាំងអស់ ទៅកាន់បងប្អូន ដែលមកទស្សនា។

លើសពីនេះទៅទៀត ឯកទេសរបស់ខ្ញុំ គឺភាសាអង់គ្លេស ដូច្នេះ ក្រៅពីជួយណែនាំដល់បងប្អូនខ្មែរហើយ ខ្ញុំក៏អាចជួយណែនាំទៅ បងប្អូនបរទេសថែមទៀតផង ដោយក្នុងចន្លោះឆ្នាំ ២០០១ ២០០២ និង ២០០៣ នេះ ប្រាសាទអង្គរវត្ត ភាគច្រើនទទួលបាន ការទស្សនាច្រើន ពី បងប្អូនខ្មែរយើង។

+ តើចំណាយពេល ប៉ុន្មានដែរ ប្រសិនបើ មានបងប្អូនកូនក្មួយមួយចំនួន ចង់ដឹងឮពី ចំណេះដឹងប្រាសាទអង្គរ ឲ្យបានរាងច្រើនបន្តិចនោះ?

ប្រាសាទអង្គរវត្ត

ប្រហែល ៦ខែ ឫអត់ដល់ ៥ខែទេ ព្រោះ ប្រាសាទដែលត្រូវនិយាយច្រើនជាងគេនោះ គឺប្រាសាទអង្គរវត្ត ព្រោះប្រាសាទនេះ ជាអច្ឆរិយៈមួយនៅលើពិភពលោក ដែលគ្មានជាតិសាសន៍ណាម្នាក់ អាចកសាងប្រាសាទអង្គរវត្តនេះបានទេ មិនតែប៉ុណ្ណោះ ទី១នោះគឺ ប្រាសាទអង្គរវត្តបាន បង្ហាញរឿងរ៉ាវជាច្រើន ក្នុងនោះ មានទាំងរឿងប្រទេសជាតិ ការច្បាំងជាមួយយួន ចាម វាយភូមា ការការពារនិងការដណ្តើមទឹកដី រឿងតុលាការ សាសនា ព្រមទាំង ការបង្កើតលោក ផងដែរ។

រីឯប្រាសាទទី២ ដែលត្រូវនិយាយច្រើននោះគឺ ប្រាសាទបាយ័ន ហើយបន្ទាប់មកទៀត គឺប្រាសាទបន្ទាយស្រី ក៏ត្រូវការ ការបរិយាយច្រើនដូចគ្នាដែរ។

ក្នុងនោះ ប្រសិនជា ដាក់ចិត្តខិតខំប្រឹងមួយទំហឹងនោះ ជឿជាក់ថាប្រហែល អាចត្រឹមតែ ៣ទៅ ៥ ខែដូចការបញ្ជាក់រាល់ដង គឺ ចេះក្រែលល្មម ហើយ។

+ ធ្លាប់សម្គាល់ដែលទេលោកពូ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មានទស្សនៈដូចគ្នាឫទេ ពេលដែលទៅ ទស្សនាប្រាសាទម្តងៗ?

សំណួរនេះ គឺល្អខ្លាំងណាស់ ភាគច្រើន តាមការសម្គាល់ខ្ញុំ ភ្ញៀវទេសចរណ៍ជាតិ មួយចំនួន ជាម្ចាស់ទឹកម្ចាស់ដី ឈាមអ្នកកសាងអង្គរ តែដោយសារ ឆ្លងកាត់សង្គ្រាមច្រើនពេក រហូតដល់ថ្នាក់ ពួកគាត់មិនសូវឲ្យតម្លៃលើ កម្លាំងពលកម្មដោយមនុស្សជាអ្នកកសាងទេ បែរជាលើ អទិទេពជា អ្នកជប់ទៅវិញ ដែលនេះផ្ទុយពី ទស្សនៈរបស់ភ្ញៀវបរទេស ដោយពួកគាត់មិនជឿលើ ការជប់ ការហោះការហើរ រូបភាពក្នុងការស្រមើលស្រមៃទេ តែពួកគាត់ជឿជាក់លើ រូបភាពស្រស់ៗ តាមវិទ្យាសាស្ត្រ ជឿជាក់តែលើឯកសារ ការពន្យល់ពីអត្ថន័យតំណាងរបស់វត្ថុនីមួយៗ តើនាគតំណាងអ្វី តើតោតំណាងអ្វី ជាដើម ហេតុដូច្នេះហើយ ក្មេងៗដែលទៅទស្សនាអង្គរ ខ្ញុំតែងប្រាប់ថា នេះជាស្នាដៃនៃមនុស្សសុទ្ធសាធ។

ជាក់ស្តែង ម្រាមដៃយើងមាន ៥ ហើយកំពូលប្រាសាទអង្គរ និងប្រាសាទនានា ក៏មាន ៥ដែរគឺនេះ តំណាង ទឹក ដី មេឃ ខ្យល់ ហើយកណ្តាលនោះគឺ អាកាស បើមិនមែនមនុស្សជា​អ្នកធ្វើទេ សួរថានរណាជាអ្នកបង្កើត បើយើងមិនរៀនទេសួរថាតើយើងចេះទេ។

ប្រាសាទអង្គរវត្ត

+ ចុះបើមានបងប្អូនមួយចំនួន ចង់ដឹងឲ្យកាន់តែច្បាស់ពី ជញ្ជាំងប្រាសាទអង្គរនោះ តើពួកគាត់គួរធ្វើដូចម្តេច ហើយទំនាក់ទំនងទៅខាងណាដែរលោកពូ ?

បាទត្រូវហើយ ប្រសិនបើបងប្អូនខ្មែរ ចង់ដឹងចេះច្បាស់ពីជញ្ជាំងប្រាសាទនោះ គឺយើងមាន អ្នកជំនាញខាងសិលាចារិកនេះ មកពន្យល់ តែដូចដឹងស្រាប់ហើយថា ពួកគាត់ភាគច្រើនគឺ មមាញឹកខ្លាំងណាស់ ក្នុងការបំពេញកិច្ចការស្រាវជ្រាវនានា ចំណែកសម្រាប់ខ្ញុំវិញ ខ្ញុំជាអ្នករៀបរាប់ពី ជញ្ជាំងប្រាសាទ ដោយឥតគិតថ្លៃ ស្តាប់ហើយបើតាមសន្តានចិត្តពួកគាត់ ចង់ឲ្យប៉ុន្មានមកខ្ញុំនោះ គឺជាការពេញចិត្តរបស់ពួកគាត់ ​តែម្តង ។

+ តើភាគច្រើន ប្រសិនបើចង់រកលោកពូ តើលោកពូភាគច្រើន តែងនៅប្រាសាទអង្គរមែនទេ?

បាទៗ ភាគច្រើន ខ្ញុំតែងតែ នៅប្រាសាទអង្គរជានិច្ច ស្ទើរតែរាល់ថ្ងៃ រាល់ពេល មិនថាថ្ងៃ មិនថាមេឃភ្លៀងឡើយ ខ្ញុំនៅស្រាវជ្រាវគ្រឹះតូចៗរបស់ប្រាសាទនានា មានទាំងដែកប៉ុន្មាន ដីប៉ុន្មាន ដើមឈើដុះយ៉ាងមិច ទើបអាចធ្វើឲ្យ គេឯងជឿដោយការទុកចិត្តបាន។

+ លោកពូ ដែលគិតថា លោកពូផ្ទាល់ចេះ គ្រប់គ្រាន់ហើយឫនៅ?

ដូចដែរដឹងហើយ ប្រាសាទអង្គរវត្តជា អច្ឆរិយវត្ថុក្នុងលោក ដូចនេះ ចេះប៉ុនពូនេះ នៅតិចតួចខ្លាំងណាស់ ដោយក្នុងនោះ មានរឿងរ៉ាវជាច្រើន ដែលនៅលាក់បាំង មិនទាន់បានជីកកកាយ ទាមទារត្រូវការ បងប្អូនកូនក្មួយ ពុកម៉ែបងប្អូន ប្រើចំណេះដឹង ខាងវិទ្យាសាស្ត្រ។

អង្គរវត្ត ជាព្រលឹងរបស់ដូនតា ប្រសិនបើ គ្មានសិលាចារិកលើជញ្ជាំងប្រាសាទទេនោះ ក៏មិនដឹងថាខ្មែរជាអ្នកកសាងដែរ មិនតែប៉ុណ្ណោះ មានលោកពូអ្នកមីង មួយចំនួន បានប្រាប់កូនចៅ កុំឲ្យស្តាប់ប្រវត្តិអង្គរ ឈឺចុកចាប់ខ្លាំងណាស់ តែសម្រាប់ខ្ញុំវិញ ហាក់ដូចគ្មានបញ្ហាទេ ហើយ ការធ្វើដូច្នេះ នឹងធ្វើឲ្យយើងបាត់ទៅបន្តិចម្តងៗ

+ ប្រឡូកក្នុងអាជីពជា មគ្គុទេសទេសចរណ៍ជាង ២០ឆ្នាំ តើលោកពូ ធ្លាប់រងឥទ្ធិពលខ្លាំងទេ ពីបងប្អូន ទៅលេងប្រាសាទអង្គរនោះ?

រូបភាព កាលក្នុងឆ្នាំ ២០១៩ 

មិនចេះខ្វះទេក្មួយ គ្រាន់តែឃើញ បងប្អូនខ្មែរទៅទស្សនាភ្លាម ខ្ញុំតែងសម្តែងការរាក់ទាក់ រួសរាយ ជំរាបសួរពួកគាត់ ក្នុងនាមជា គ្រួសារខ្មែរតែមួយ តែផ្ទុយទៅវិញ បងប្អូនមួយចំនួន បែរជា ខ្លះស្តីថាឲ្យខ្ញុំ ខ្លះដេញខ្ញុំ ខ្លះថាខ្ញុំជាព្រាយដើមពោធិ៍មុខអង្គរវត្ត ក៏មានដែរ មិនត្រឹមតែប៉ុន្នឹងទេ គឺនៅមានច្រើនទៀតណាស់។

សកម្មភាពទាំងនេះ ពួកគាត់ហាក់មិនឲ្យតម្លៃជាខ្មែរដូចគ្នា តែធ្វើយ៉ាងណា បើនេះជា សន្តានចិត្តខ្ញុំ ខ្ញុំមិនលះបង់ទេ ព្រោះដើម្បីឲ្យខ្មែរ បានជ្រួលជ្រាប កាន់តែច្រើនឡើងៗ។

+តើ រាល់មគ្គុទេសទេសចរណ៍នៅទីនោះ មិនយកកម្រៃដូចលោកពូ ដែរទេ?

បាទគេឯងរាល់គ្នា តែងយកកម្រៃ ព្រោះនេះជា ការខិតខំប្រឹងប្រែង ចំណាយទាំងធនធាន ចំណាយទាំងពេលវេលា របស់ពួកគេ ខុសស្រលះពីខ្ញុំ ព្រោះខ្ញុំ ដាច់ខាតមិនទាមទារ កម្រៃឡើយ ។

+ ចុះសម្រាប់ជីវភាពវិញ តើលោកពូ ជួបផលលំបាកខ្លាំងទេ ពិសេសក្នុង សម័យកូវីដនេះ?

ហាក់ដូចគ្មានបញ្ហាអ្វីទេ ព្រោះខ្ញុំនិងគ្រួសារ ធ្វើយ៉ាងណាត្រូវរស់បត់បែន តាមសម័យកាលកូវីដនេះ ប្រពន្ធនិងកូនខ្ញុំ មានលក់នំ សារាយតិចតួចនៅក្នុងភូមិ រីចំណែកម្តាយខ្ញុំ គាត់ជាអ្នកលក់នំពង់នៅផ្សារ។

ម្យ៉ាងទៀត បងប្អូនអាជីវករមួយរយទៅមួយរយ នៅសៀមរាបនេះ រស់នៅក៏ពឹង ភ្ញៀវទេសចរណ៍ តែដោយកូវីដនេះ ពួកគាត់ផ្លាស់ប្តូរមុខរបរស្ទើរតែទាំងអស់ទៅហើយ។

+តើមុខរបរលក់ក្រមាខ្មែរ ជាមុខរបរក្រៅពី ការងារជា មគ្គុទេសចរណ៍ មែនដែរទេលោកពូ?

រូបភាពពី លោក ហៀក សេងហួត

បាទៗ រាល់ថ្ងៃនេះ ខ្ញុំលក់ក្រមា ធំតម្លៃ ៣ដុល្លារ ឯតូចតម្លៃ ២ដុល្លារ តែប្រាក់ចំណូលបានពីនេះ គឺគ្រាន់ទុកចាក់សាំងម៉ូតូ ចូលព្រៃថតវីដេអូ ចែកចាយបងប្អូនប៉ុណ្ណោះ បើនិយាយថា អាចជួយជីវភាពបាននោះ គឺមិនគ្រប់ឡើយ ព្រោះលក់ក៏មិនមែនដាច់អ្វីខ្លាំងឡើយ ជួនកាល ២ទៅ ៣ថ្ងៃបាន ២ក្រមា រីឯពេលខ្លះ យូរៗដាច់ ៩ឫ ១០ក្រមា ដោយខ្ញុំបានប្រមូលទិញក្រមា ពីបងប្អូនតាមជនបទ ដែលលក់មិនសូវដាច់ យកមកចំណេញតែក្បាលកាក់ តែប៉ុណ្ណោះ។

+តើលោកពូ យល់យ៉ាងណាដែរ ចំពោះ ដំណឹងប្រាសាទថ្មនៅថៃ ស្រដៀងនឹង ប្រាសាទអង្គរវត្ត?

ពិតណាស់ ប្រាសាទអង្គរវត្ត បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ ១៩៩២ ហើយម្យ៉ាងទៀត ប្រាសាទអង្គរវត្ត ជាប្រាសាទ នៅប៉ែកខាងជើង ជាន់ទី៣ មានសរសេរបណ្តាសារ​ ១០ឆ្នាំក៏មើលមិនយល់ដែរ តែគេសរសេរជា សិលាចារិកតែម្តង អ្នកណាជាអ្នកលួចចម្លង លួចវត្ថុសាកសិទ្ធិ ពីអង្គរវត្ត នឹងត្រូវរលាយខ្លួនហើយ មួយទៀត ប្រាសាទនៅថៃល្បីថាស្រដៀងនឹងអង្គរនោះ គឺគ្មានស្រដៀងអ្វីឡើយ ប្រសិនបើស្រដៀង ឫដូចនោះ អង្គការយូនីស្កូជា អ្នកដោះស្រាយ ព្រោះអង្គរវត្តនេះ មិនមែនជា កម្មសិទ្ធិរបស់ប្រទេសណាមួយឡើយ ជារបស់ពិភពលោកទាំងមូល ជាទីកន្លែងដែលមនុស្សរាល់គ្នា មកសិក្សារៀនសូត្រ ស្រាវជ្រាវ។

+បើនិយាយដល់ប្រាសាទអង្គរវត្ត តើលោកពូនឹកឃើញ រឿងសំខាន់អ្វីខ្លះមុនគេ?

ប្រាសាទអង្គរវត្ត

ពិតណាស់ មិនថា ភ្ញៀវទេសចរណ៍នៅប្រទេសណា នៅទីណា ក៏ដោយ ពួកគាត់អាចមើលឃើញ ប្រាសាទអង្គរវត្តនេះមុនគេបំផុតនោះគឺ នៅលើទង់ជាតិខ្មែរតែម្តង លើសពីនេះទៅទៀត រាល់ពេលនាំភ្ញៀវទេសចរណ៍ ចេញពីអូតែលម្តងៗ ខ្ញុំតែងប្រាប់ ពួកគាត់ថា ប្រាសាទអង្គរវត្តរឹងមាំ ឈរឲ្យកូនខ្មែរ​ឲ្យពិភពលោកបានឃើញនេះ គឺដោយសារតែគ្រឹះ ដែលមាន កន្សិណទឹកនៅព័ទ្ធជុំវិញ ហើយទឹកនេះទៀតសោត មិនចេះប្រែប្រួលទេ តំណាងឲ្យទឹកចិត្តខ្មែរ ដែលមិនចេះប្រែប្រួល ដរាបណា រាល់ប្រាសាទទាំងអស់អស់ទឹក ប្រាសាទទាំងនោះ នឹងដួលរលំ ព្រោះក្រោមប្រាសាទអង្គរនេះ គឺមានសុទ្ធតែខ្សាច់ ហើយផ្ទាំងទស្សនីយភាព ដែលខ្ញុំពេញចិត្តបំផុតនោះគឺ គ្រឹះនេះហើយ ដែលខ្មែរយើង ទឹកនេះហើយតំណាងឲ្យម្តាយ។

រាល់ពេលខ្ញុំពន្យល់ភ្ញៀវម្តងៗ ខ្ញុំតែងនិយាយឲ្យឮៗ ព្រោះកាលណា ឮខ្លាំងហើយមានកំហុសខុសឆ្គងអ្វី លោកពូអ្នកមីង បងប្អូនខ្មែរ អាចជួយកែតម្រូវបាន ដូចជា

  • ប្រាសាទអង្គរនេះ មានកំពូល១២ ដែលតំណាងឲ្យឆ្នាំទាំង១២
  • ២១ មិថុនា រយៈពេលថ្ងៃនៅយូរ ហេតុដូច្នេះ ពុំសូវមានការរៀបការប៉ុន្មានទេ
  • ២១ ធ្នូ រយៈពេលយប់នៅយូរ ហេតុដូច្នេះ សម្បូរគេឯងរៀបការណាស់
  • ២១ មីនា ព្រះអាទិត្យរះចំកណ្តាល ថ្ងៃហើយនឹងយប់ វាស្មើគ្នា
  • ២១ កញ្ញា គេហៅសមរាត្រី ព្រះអាទិត្យរះចំកណ្តាលទៀត ថ្ងៃនិងយប់ វាស្មើគ្នាម្តងទៀត។
រូបភាព

+ ជាធម្មតា តើលោកពូ ចំណាយពេលប៉ុន្មានម៉ោងដែរ សម្រាប់ភ្ញៀវទេសចរណ៍មួយក្រុមៗ?

នេះគឺផ្អែកលើទឹកចិត្តពួកគាត់ បើគាត់លម្អិតយើងច្រើន ខ្ញុំក៏លម្អិតឲ្យគាត់ច្រើន បើគាត់គ្រាន់សាមញ្ញ ខ្ញុំក៏សាមញ្ញដែរ ព្រោះធម្មតា នៅជាមួយគ្នាតែ ៥នាទី ទៅ ១០នាទី ខ្ញុំអាចដឹងចិត្តពួកគាត់ហើយ ព្រោះធម្មតាមុនណែនាំ ខ្ញុំតែងសំណេះសំណាលជាមួយពួកគាត់ មួយសន្ទុះសិន ថាចង់មើលអ្វី ចង់ដឹងពីអ្វី ជាដើម។

+ តើភាគច្រើន ភ្ញៀវជាតិ ឫអន្តរជាតិ ដែលពូកែសួរនាំច្រើននោះ លោកពូ?

បាទៗ ភាគច្រើននោះគឺបរទេស ហើយបរទេសនោះទៀតសោត គឺចាស់ៗជនជាតិអាមេរិក ពួកគាត់ចូលចិត្តលើក ពីហេតុ ពីផល ចំណេះដឹងតែម្តង រីឯវ័យកណ្តាល វិញ ពួកគេចូលចិត្តស្តាប់បណ្តើរ ស្រាវជ្រាវបណ្តើរ។

ជនបរទេសទាំងនោះ មានប្រភេទច្រើនក្រុមណាស់ ខ្លះបែបសាសនា បែបវិទ្យសាស្ត្រចំណេះដឹង ខ្លះបែបស្ថាបត្យកម្ម ខ្លះបែបការតាំងសមាធិ តាំងចិត្តឲ្យស្ងប់។

+ ភ្ញៀវទេសចរណ៍ ភាគច្រើន ដែលបានស្តាប់លោកពូហើយ តើពួកគាត់តែងបង្ហើបប្រាប់អ្វីពីលោកពូខ្លះទេ?

ភាគច្រើន ខ្ញុំតែងជួបប្រទះជនបរទេស ជាសាស្ត្រចារ្យ ជាបណ្ឌិត ពួកគាត់តែង និយាយរាល់ដងជាមួយខ្ញុំថា គេឯងខ្ញុំមិនដឹងទេ តែសម្រាប់អ្នក ខ្ញុំដឹងថាអ្នកស្រលាញ់អស់ពីបេះដូងតែម្តង រាល់ពាក្យសម្តីនិយាយភាពស្វាហាប់

គេឯងមិនសូវជា ចូលចិត្តខ្ញុំទេ ភាគច្រើន តៃកុងរ៉ឺម៉ក់ រថយន្ត មិនចង់សូវឲ្យភ្ញៀវនៅយូរៗទេ ព្រោះពួកគាត់ប្រញាប់ចប់ៗ អាងទៅរកស៊ីមួយកន្លែងទៀត ឫទៅយកភ្ញៀវផ្សេង តែដោយសារ ការបកស្រាយរបស់ខ្ញុំភាគច្រើន ទាញចំណាប់អារម្មណ៍ភ្ញៀវឲ្យជក់ចិត្តខ្លាំង ដូចនេះហើយ ធ្វើឲ្យខាតពេលពួកគាត់។

រូបភាព កាលក្នុងឆ្នាំ ២០១៩ 

+ ដូចដឹងស្រាប់ហើយថា ប្រាសាទអង្គរវត្ត ធ្វើឡើងតំណាងឲ្យផ្នូវ ព្រះបាទសូរ្យវ័រ្មនទី២ តើលោកពូ មានធ្លាប់ដែលដឹងថា តើផ្នូរនេះ មានពិតដែរទេ?

បាទៗ នៅក្នុងឆ្នាំ ១៩៣៤ ដែលជំនាន់នោះ លោក ចនសឺដែស ជនជាតិបារាំងនោះ បានជីកចុះ ២៥ម៉ែត្រ កណ្តាលកំពូលប្រាសាទអង្គរវត្តនេះ ដោយគាស់ទ្វារខាងត្បូង ហើយអ្នកនាំរឿង ជីកនេះដំបូងឡើយ គឺ ជីងកុម៉ៃ (ឆ្នាំ ១៩០៨)

ទៀតសោត ហេតុផលនៃការជីកកំពូលកណ្តាលនេះ ដោយសារតែ កំពូលកណ្តាលនេះ ជាដួងវិញ្ញាណរបស់ខ្មែរ ដោយកំពូលនេះហើយ ដែលតំណាងឲ្យចក្រវាឡ តំណាងឲ្យពិភពលោក លុះពេលជីកហើយ ពួកគេ បានរកឃើញ កោដ្ឋមាស ប៉ុនគល់ត្នោត តែត្រូវគេយកទៅអស់ហើយ។

ក្រោយមកទៀត ខ្ញុំបានឮពីអ្នកស្រុកភូមិ ដែលចូលរួមក្នុងការជួសជុលនោះ និយាយថា កូន ជីងកុម៉ៃ អាយុ៧ឆ្នាំ ធ្លាក់ពីអង្គរវត្តបាក់កស្លាប់ នេះហើយជា បណ្តាសារ ម្យ៉ាងទៀត ប្រាសាទអង្គរវត្តនេះ កសាងបែរមុខទៅទិសខាងលិច តំណាងឲ្យព្រះវិស្ណុ និងសេចក្តីស្លាប់។

ជាទូទៅ កាលណាមនុស្សកើត គេដាក់ក្បាលទៅទិសខាងកើត ហើយកាលណា មនុស្សស្លាប់ គេតែង ដាក់ក្បាលទៅទិសខាងលិច ហើយអង្គរវត្តនេះ ក៏តំណាងឲ្យផ្នូរ ព្រះបាទសូរ្យវ័រ្មនទី២ (ឆ្នាំ ១១១៣-១១៥០)។

រូបភាព

+ តើលោកពូ យល់ថា ចំណេះដឹងរៀនសូត្រពីសៀវភៅ និងស្តាប់ការប្រាប់ពី ប្រជាជន ព្រះសង្ឃ ជាដើម ត្រូវគួបផ្សំគ្នាមែនទេ?

បាទៗ សៀវភៅមនុស្សជាអ្នកសរសេរ ហើយអ្នកសរសេរនោះ ក៏ភាគច្រើនជា ជនជាតិបរទេសដែរ ដូច្នេះហើយ ជាបរទេស ពួកគាត់មិនអាចសរសេរអ្វីគ្រប់យ៉ាងឲ្យគ្រប់ជ្រុងជ្រោយ ដូចខ្មែរទេ មួយវិញទៀត ប្រជាជននៅស្រុកស្រែចំការ ចាស់ៗជំនាន់មុន ពួកគាត់ដឹងរឿងច្រើនណាស់ តែដោយសារ ធ្លាប់មានបទពិសោធន៍បាក់ស្បាត ដោយសារសង្គ្រាម ដូច្នេះហើយ ពួកគាត់ មិនសូវនិយាយផ្តេសផ្តាសឡើយ ខ្លាចប៉ះពាល់ចក្រវាឡ។ សម្រាប់ខ្ញុំ ខ្ញុំធ្លាប់ស្រាវជ្រាវទាំងឯកសារជាតិ អន្តរជាតិ ​ឯកសារតាមវត្ត តាមក្រសួង ។

+ ជាចុងក្រោយ សម្រាប់លោកពូ តើមានអ្វី ផ្តាំផ្ញើទៅកាន់ ក្មេងៗជំនាន់ក្រោយដែរឫទេ ជាពិសេសគឺ បងប្អូនរួមអាជីព ជាមគ្គុទេសទេសចរណ៍នេះ ផ្ទាល់តែម្តង?

អាថ៍កំបាំងនៅលាក់ច្រើនណាស់ ត្រូវមករៀនស្រាវជ្រាវដោយខ្លួនឯង កុំពឹងចាំអ្នកដទៃ កាលណា យើងស្រាវជ្រាវពិត យើងធ្វើពិត នោះរឿងពិតនឹងលេចចេញដោយខ្លួនឯងហើយ ក៏គ្មាននរណាហ៊ានកុហកយើងដែរ។

ម្យ៉ាងទៀត សម្រាប់បងប្អូនមគ្គុទេសទេសចរណ៍ ត្រូវរៀនចែករំលែកឲ្យគ្នាទៅវិញទៅមក ព្រោះពេលស្លាប់ទៅ ចំណេះទាំងនោះនឹងស្លាប់ទៅហើយ តែប្រសិនបើ ចែករំលែក បងប្អូនកូនក្មួយយើង នឹងដឹងឮទាំងអស់គ្នា៕

ប្រាសាទអង្គរវត្ត

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលវីដេអូខាងក្រោម ៖

វីដេអូ

ទំព័រហ្វេសប៊ុកផ្លូវការរបស់ លោក ហៀក សេងហួត ៖ Angkor Wat Shows-by guide kromar

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]