សម្រស់​គឺ​ជា​រឿង​ដ៏​​សំខាន់​មួយ​​ចំពោះ​ស្រីៗ​យើង​។ ប៉ុន្តែ​ប្រសិនបើ​ស្បែក​មុខ​របស់​មាន​បញ្ហា​ផ្សេង​ៗ​ដូចជា​មុន​ ស្នាម​អាចម៍រុយ ឬ​ស្នាម​ជាំ​ផ្សេង​ៗ វា​នឹង​ធ្វើ​ឲ្យ​យើង​​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង តានតឹង​ និង​មិន​ហ៊ាន​សូម្បី​តែ​សម្លឹង​មើល​កញ្ចក់​។ ពិត​ណាស់​ មុន​គឺ​ជា​បញ្ហា​ស្បែក​ទូទៅ​ដែល​គ្នា​ស្រីៗភាគ​ច្រើន​​តែងតែ​ជួប​ប្រទះ។ យ៉ាង​ណា​មិញ ដើម្បី​កម្ចាត់​មុន​ប្រកប​ដោយ​ប្រសិទ្ធភាព គ្នា​យើង​គប្បី​យល់​ដឹង​ពី​មូលហេតុ​បង្ក​ឲ្យ​បាន​ច្បាស់លាស់​ និង​វិធី​ថែទាំ​នៅ​ពេល​​ឡើង​មុន​។

​​​មូលហេតុ​ចម្បង​​ធ្វើ​ឲ្យ​ឡើង​មុន​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • ការ​ផលិត​ជាតិ​ខ្លាញ់​ច្រើន​លើសលប់
  • ការ​ឆ្លង​បាក់តេរី​
  • ការ​រលាក​ស្បែក​
  • របប​អាហារ​ជាក់លាក់​
  • បញ្ហា​អ័រម៉ូន​

យើង​អាច​កម្ចាត់​មុន​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​តាម​វិធី​ណា​​ខ្លះ​?

ស្រី​ៗ​យើង​អាច​សាកល្បង​តិចនិក​ថែទាំ​តាម​បែប​ធម្មជាតិ​ ដើម្បី​កម្ចាត់​មុន​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​​យើង​គប្បី​លាប​រូបមន្ត​ធម្មជាតិ​ទាំង​នេះ​សាកល្បង​នៅ​លើ​ដៃ​ជា​មុន​សិនដើម្បី​ដឹង​ថា​វាមានប្រតិកម្ម​ឬយ៉ាង​​ និង​មិន​ត្រូវ​ធ្វើ​វា​ញឹកញាប់​ពេក​នោះ​ទេ​។

១. ម៉ាស​​ខ្ទឹម​ស និង​ប្រទាល​កន្ទុយ​ក្រពើ​

ប្រទាល​កន្ទុយ​ក្រពើ​​មាន​គុណប្រយោជន៍​ក្នុង​ការ​ផ្ដល់​សំណើម​ដល់​ស្បែក​ ចំណែក​ឯ​ខ្ទឹម​ស​​អាច​ប្រឆាំង​នឹង​ការ​បង្ក​រោគ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​។ ដូច​នេះ​ហើយ​ នៅ​ពេល​ដែល​យើង​ប្រើ​ម៉ាស​ដែល​ផ្សំ​ពី​គ្រឿង​ផ្សំ​ធម្មជាតិ​ទាំង​២​មុខ​នេះ វា​នឹង​ធ្វើ​ឲ្យ​មុន​ឆាប់​ជា​សះ​ស្បើយ។

របៀប​ធ្វើ៖ បុក​ខ្ទឹម​ស​ដែល​បក​សំបក​រួច​ឲ្យ​ម៉ត់​ល្អ​ និង​លាយ​​សាច់​ប្រទាល​កន្ទុយ​ក្រពើ​ស្រស់​​ចំនួន​១ស្លាបព្រា​កាហ្វេ រួច​​កូរ​បញ្ចូល​គ្នា​ឲ្យ​សព្វ​ល្អ ទើប​លាប​វា​នៅ​លើ​កន្លែង​ដែល​មាន​មុន​។ ទុក​ចោល​រយៈពេល​២០​នាទី បន្ទាប់​មក​លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​។ ចូរ​ធ្វើ​វា​ម្ដង​ក្នុង​មួយ​ថ្ងៃ​ រហូត​ដល់​​មុន​ស្រក​ចុះ​។

២. សំបក​ចេក​

សំបក​ចេក​សម្បូរ​​ទៅ​ដោយ​ប៉ូតាស្យូម​ វីតាមីន​ និង​សារធាតុ​រ៉ែ ដែល​អាច​ជួយ​ពង្រឹង​របាំង​ការពារ​ស្បែក​ ក៏​ដូចជា​​ជួយ​បញ្ចៀស​ការ​​បំផ្លាញ​ និង​ការ​កើត​មុន​ផង​ដែរ​។

​របៀប​ធ្វើ៖ ចូរ​កាត់​សំបក​ចេក​ទុំ​ជា​បំបែក​តូច​ៗ ហើយ​ត្រដុស​ថ្នម​ៗ​នៅ​លើ​ផ្ទៃ​មុន​ដែល​លាង​សម្អាត​រួច រយៈពេល​១០​នាទី​។ ធ្វើ​បែប​នេះ​២​ដង​ក្នុង​មួយ​ថ្ងៃ​ រយៈពេល​​២​ទៅ​៣​ថ្ងៃ​ រហូត​ដល់​បញ្ហា​មុន​​បាន​ធូរ​ស្រាល​។

​៣. កញ្ចប់​តែ​បៃតង​

កញ្ចប់​តែ​បៃតង​អាច​ជួយ​គ្រប់គ្រង​ការ​ផលិត​ខ្លាញ់​ ប្រឆាំង​នឹង​ការ​រលាក​ និង​រារាំង​ការ​កកើត​ឡើង​នៃ​បាក់តេរី​ដែល​បង្ក​​​ឲ្យ​​កើត​មុន​​។

​​របៀប​ធ្វើ៖ យក​កញ្ចប់​តែ​ចំនួន​២​ជ្រលក់​ទឹក​បន្តិច ទើប​ដាក់​ចូល​ទៅ​ក្នុង​ទូរ​ទឹកកក​។ នៅ​ពេល​ដែល​កញ្ចប់​តែ​ត្រជាក់​ យើង​អាច​យក​វា​​មក​​បិទ​នៅ​លើ​មុន​ និង​ទុក​ចោល​រយៈពេល​១០​នាទី។​ ចុង​ក្រោយ​ ទើប​លាង​សម្អាត​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់​ជា​ការ​ស្រេច​។

៤. ម្សៅ​សូដា

ជាក់​ស្ដែង ម្សៅ​សូដា​​ជា​​ប្រភព​នៃ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដ៏​ល្អ​ឯក ដែល​អាច​ជួយ​​កម្ចាត់​សំណល់​ខ្លាញ់​ ​បន្ថយ​ការ​រលាក​ ក៏​ដូចជា​ធ្វើ​ឲ្យ​កម្រិត​pH​របស់​យើង​មាន​តុល្យភាព​។

​​របៀប​ធ្វើ៖ ត្រដុស​ល្បាយ​ម្សៅ​សូដា​ជាមួយ​នឹង​ទឹក​ដោយ​ផ្ទាល់​នៅ​លើ​មុន​ និង​ទុក​ចោល​រយៈពេល​១០​នាទី។ លាង​សម្អាត​ចេញ​​​ ក៏​ដូចជា​​បន្ត​ធ្វើ​វា​​២​ថ្ងៃ​ម្ដង​ រហូត​ដល់​​បញ្ហា​មុន​បាន​ធូរ​ស្បើយ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]