ទម្លាប់ប្រចាំថ្ងៃរបស់យើងអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពសក់ ដែលអាចបណ្ដាលឲ្យសក់ស្ដើងទៅៗ។ ពិតណាស់ មានកត្តាជាច្រើនដែលនាំឲ្យសក់បាត់បង់ទម្ងន់ ភាពភ្លឺរលោង និងជ្រុះសក់ធ្ងន់ធ្ងរ។ ដូច្នេះហើយ ដើម្បីបញ្ចៀសបញ្ហាជ្រុះសក់តទៅទៀត គ្នាយើងគប្បីស្វែងយល់ពីមូលហេតុបង្ក និងបញ្ឈប់ទម្លាប់ផ្សេងៗដែលប៉ះពាល់ដល់សុខភាពសក់ ទើបជាការប្រសើរ។
ទម្លាប់ទាំង៧ ធ្វើឲ្យសក់ស្ដើងទៅៗ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ងូតទឹកក្ដៅ
ការលាងសម្អាតសក់ជាមួយនឹងទឹកក្ដៅអាចបង្កើនស្រ្តេស និងធ្វើឲ្យសរសៃសក់របស់យើងស្ងួត។ វាក៏អាចធ្វើឲ្យស្បែកក្បាលស្ងួត និងបើករន្ធញើសនៅលើស្បែកក្បាល ជាហេតុនាំឲ្យមានការផលិតជាតិប្រេងលើសលប់ និងបង្កជាបញ្ហាជ្រុះសក់កាន់តែច្រើនទៅៗ។
២. ចងសក់តឹងពេក
ជាមួយគ្នានេះដែរ ការជ្រុះសក់ក៏អាចបណ្ដាលមកពីទម្លាប់ចងសក់តឹងពេក ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ឫសសក់។ កត្តានេះអាចធ្វើឲ្យសក់ខូច និងជ្រុះសក់ដូចគ្នា។
៣. ប្រើម៉ាស៊ីនធ្វើម៉ូតសក់ច្រើនជ្រុល
ការប្រើម៉ាស៊ីនធ្វើម៉ូតសក់ច្រើនជ្រុល ឬរយៈពេលយូរពេកក៏អាចប៉ះពាល់ដល់សុខភាពសក់ដូចជាធ្វើឲ្យសក់ខូច និងស្បែកក្បាលខ្សោយផងដែរ ។ ជាក់ស្ដែង សីតុណ្ហភាពដ៏ក្ដៅនេះនឹងបំផ្លាញប្រេង និងប្រូតេអ៊ីនពីសរសៃសក់ ធ្វើឲ្យអតុល្យភាពសំណើម និងបណ្ដាលឲ្យជ្រុះសក់។
៤. មិនកក់សក់ញឹកញាប់
នៅពេលដែលយើងមិនកក់សក់រយៈពេលយូរ វាក៏អាចបណ្ដាលឲ្យស្បែកក្បាលមានអង្គែ (buildup )និងនាំឲ្យសក់ខូច ព្រមទាំងបង្អាក់សមត្ថភាពក្នុងការដុះលូតលាស់នៃសរសៃសក់ ដែលជាបញ្ហាចម្បងធ្វើឲ្យសក់ស្ដើងៗ និងជ្រុះសក់។
៥. អេះក្បាល
ស្បែកក្បាលរមាស់អាចបណ្ដាលមកពីការឆ្លងមេរោគផ្សិត អាលែកហ្ស៊ី ឬការរលាក។ ការអេះក្បាលមិនឈប់ និងខ្លាំងៗ ដោយសារតែការរមាស់អាចបំផ្លាញដល់ឫសសក់ ព្រមទាំងធ្វើឲ្យសក់ជ្រុះកាន់តែច្រើន។
៦. ប៉ះពាល់កម្ដៅថ្ងៃច្រើនជ្រុល
ទន្ទឹមនឹងនេះដែរ ការប៉ះពាល់ទៅនឹងកម្ដៅថ្ងៃច្រើនជ្រុលអាចបំផ្លាញស្រទាប់ខាងលើនៃសរសៃសក់។ ការបំផ្លាញដោយកម្ដៅថ្ងៃ អាចធ្វើឲ្យសក់ស្ដើង ស្ងួត និងផុយស្រួយ។
៧. មិនញ៉ាំអាហារទៀងពេល
បញ្ហាជ្រុះសក់ ក៏ជាផលប៉ះពាល់ចម្បងមួយនៅពេលដែលយើងមិនញ៉ាំអាហារទៀងទាត់។ កង្វះសារធាតុចិញ្ចឹមចាំបាច់នឹងបង្វែរថាមពលឆ្ពោះទៅរកមុខងារសំខាន់ៗដូចជាបេះដូង និងខួរក្បាល ដោយបំភ្លេចចោលសរសៃសក់ និងស្បែកក្បាល។ កត្តានេះអាចបញ្ឈប់ដំណើរការលូតលាស់នៃសរសៃសក់ និងបណ្ដាលឲ្យសក់ជ្រុះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]