អ្នកចូលចិត្តអង្គុយមិនងើបយូរៗម៉ោងក្នុងមួយថ្ងៃអាចប្រឈមនឹងជំងឺមហារីកយ៉ាងតិចបីប្រភេទ។ ការសិក្សាបានរកឃើញថាការចំណាយពេលច្រើនម៉ោងអង្គុយក្នុងមួយថ្ងៃ គឺកំពុងធ្វើឲ្យសុខភាពមានបញ្ហាច្រើន ទោះបីជាបានហាត់ប្រាណក៏ដោយ។
ការអង្គុយយូរនៅមួយកន្លែងដូចជាមើលទូរទស្សន៍ អានសៀវភៅ លេងហ្គេម និងអង្គុយធ្វើការជាដើម សុទ្ធតែអាចបង្កហានិភ័យដល់សុខភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. មូលហេតុ
សាស្រ្តាចារ្យនៅសាកលវិទ្យាល័យTexas លោកស្រី Karen Basen-Engquist មានប្រសាសន៍ថា ការអង្គុយយូរម៉ោងក្នុងមួយថ្ងៃៗអាចប្រឈមខ្ពស់នឹងជំងឺមហារីកពោះវៀនធំ ជំងឺមហារីកក្រពេញអូវែ និងជំងឺមហារីកស្រទាប់ស្បូន។ ក្រៅពីនេះ លោកស្រីថា ក៏អាចប្រឈមនេះបញ្ហាធាត់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងផ្សេងៗទៀតផងដែរ។
ការសិក្សាផ្សេងទៀតក៏បានបញ្ជាក់ដែរថា រាល់ការអង្គុយនៅស្ងៀមពីរម៉ោងក្នុងមួយថ្ងៃធ្វើឲ្យមនុស្សយើងប្រឈមនឹងជំងឺមហារីកពោះវៀនធំកើនឡើង៨% ហើយចំពោះមនុស្សស្រីវិញការប្រឈមនឹងជំងឺមហារីកស្រទាប់ស្បូនកើនឡើង១០ភាគរយ។
ការសិក្សាក៏បានបញ្ជាក់ដែរថា អ្នកចំណាយពេលអង្គុយ៦ម៉ោង ឬច្រើនជាងនេះក្នុងមួយថ្ងៃៗ មានហានិភ័យឆាប់ស្លាប់៣៦%ខ្ពស់ជាងអ្នកដែលអង្គុយតិចជាង៣ម៉ោងក្នុងមួយថ្ងៃ។
២. គួរដោះស្រាយបែបណា?
មនុស្សពេញកម្លាំងមិនតិចនាក់ទេបានចំណាយពេលច្រើនក្នុងការអង្គុយពេលបំពេញការងារប្រចាំថ្ងៃ។ ប៉ុន្តែ ដើម្បីកាត់បន្ថយការអង្គុយ យើងអាចដើរចុះឡើងទៅជជែកពីការងារ ជាជាងផ្ញើសារ ឬក្រោកទៅចាក់ទឹកបានញឹកញាប់ ឬដើរទៅញ៉ាំអាហារថ្ងៃត្រង់ជាដើម។
ក្រៅពីធ្វើសកម្មភាពរាងកាយខ្លះៗក្នុងពេលបំពេញការងារ ក៏មិនត្រូវភ្លេចរឿងហាត់ប្រាណប្រចាំថ្ងៃដែរ។ ការសិក្សាបានរកឃើញថា អ្នកបានដើរហាត់ប្រាណ១៥០នាទីក្នុងមួយសប្ដាហ៍បានបន្ថយហានិភ័យស្លាប់ដោយសារជំងឺផ្សេងៗ២៦ភាគរយទាបជាងអ្នកបញ្ចេញសកម្មភាពរាងកាយតិចជាងនេះ។
ការសិក្សាបញ្ជាក់ទៀតថា ការហាត់ប្រាណ និងធ្វើឲ្យរាងកាយមានសកម្មភាព ពិតជាមានទំនាក់ទំនងខ្លាំងក្នុងការកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺផ្សេងៗ បានល្អប្រសើរជាងអ្នកដែលចូលចិត្តនៅអង្គុយមួយកន្លែងមិនងើបដើរទៅណាសោះ។
ដូចនេះហើយ បើយើងជាមនុស្សអង្គុយធ្វើការច្រើនម៉ោងៗក្នុងមួយថ្ងៃៗក្រៅពីព្យាយាមដើរ ឬធ្វើចលនាឲ្យបានច្រើនក្នុងម៉ោងធ្វើការ ក៏ត្រូវកំណត់ពេលវេលាហាត់ប្រាណប្រចាំថ្ងៃដែរ ដើម្បីកាត់បន្ថយហានិភ័យជំងឺមហារីក។ ជាការណែនាំការហាត់ប្រាណកម្រិតធម្មតាដូចជាដើរ រត់ ជិះកង់ ហែលទឹក ត្រឹម១៥០នាទីក្នុងមួយសប្ដាហ៍ ឬការហាត់ប្រាណប្រើកម្លាំងខ្លាំងៗត្រឹម១ម៉ោងកន្លះក្នុងមួយសប្ដាហ៍។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]